នយោបាយ

នាយករដ្ឋមន្រ្តី ព្រមានវះកាត់មន្រ្តីឆ្មើងឆ្មៃ ប្រមាថ និងមិនស្មោះត្រង់ ជាមួយប្រជាជន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកប្រាប់មន្ត្រីទាំងអស់ថា មន្ត្រីគឺជាខ្ញុំបម្រើ ដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយ របស់ប្រជាជននោះទេ។ បន្ថែមពីនេះ សម្ដេចក៏បានព្រមានធ្វើការវះកាត់ ចំពោះមន្ត្រីទាំងឡាយណា ដែលធ្វើចរិតឆ្មើងឆ្មៃ ឬប្រមាថប្រជាជន ជាពិសេសមិនស្មោះត្រង់ជាមួយប្រជាជន ។

ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ៦០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលជាទម្លាប់ សម្ដេចតែងតែធ្វើការដាស់តឿនខ្លះៗ លើមន្ត្រីដែលនឹងបន្តការងារកាន់កាប់ នៅទីកន្លែងកំពុងធ្វើការ ឬមន្ត្រីខ្លះទៀតដែលនឹងត្រូវឡើងថ្នាក់ ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំគួរតែរំលឹកដំបូងថា មន្ត្រីរបស់យើងជានិច្ចកាល ត្រូវរំលឹកខ្លួនឯងថា ខ្លួនគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ ចំណុចនេះត្រូវគិតឲ្យបាន ហើយជានិច្ចកាល ២៤ម៉ោងលើ២៤ម៉ោង មិនអាចធ្វេសប្រហែសបាន ១នាទីណាឡើយ ត្រូវចាំឲ្យច្បាស់ យើងមិនមែនជាចៅហ្វាយប្រជាជនទេ យើងគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់ របស់ប្រជាជន ចំណុចនេះទើបជាចំណុច ដែលអ្នកទាំងអស់គ្នា អាចនឹងក្លាយទៅជាមន្ត្រីដែលល្អ ដែលប្រជាជនផ្ដល់នូវជំនឿទុកចិត្ត បើមិនដូច្នេះទេ ពួកអ្នកនឹងប្រែធាតុ ទៅជាមន្ត្រីដ៏អាក្រក់ ដែលប្រជាជនស្អប់ខ្ពើម» ។

សម្ដេចបន្តថា រឿងនេះគឺជារឿងដែល ត្រូវមានការប្រុងប្រយ័ត្នបំផុត មិនត្រូវពើងទ្រូងដាក់ប្រជាពលរដ្ឋ ហើយត្រូវយល់ឲ្យច្បាស់ថា ប្រជាពលរដ្ឋ គឺជាគោលដៅដែលយើងត្រូវបម្រើ មិនមែនជាគោលដៅ ដែលយើងត្រូវបង្ក្រាប មិនមែនជាគោលដៅដែល យើងត្រូវប្រមាថ និងមិនយកចិត្តទុកដាក់នោះឡើយ ។ សម្ដេចថា ភាពពើងទ្រូងណាមួយរបស់មន្ត្រី តែងតែនាំទៅដល់ក្ដីវិនាស នៃមន្ត្រីទាំងនោះ នេះ ជា បទពិសោធន៍។

សម្ដេចថា សម្ដេចបានឆ្លងកាត់ដំណើរឿងនេះ បើគិតតាំងពីឆ្នាំ១៩៧០ មកដល់ពេលនេះ រយៈពេល ៥០ឆ្នាំ ហើយ ប៉ុន្តែបើនិយាយពីការគ្រប់គ្រងក្នុងអំណាច គឺ៤១ឆ្នាំ ក្នុងនោះជាង ៣៥ ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រី ។ ការដែលមន្ត្រីពើងទ្រួងដាក់ប្រជាពលរដ្ឋ បានធ្វើឱ្យប្រជាពលរដ្ឋ ខឹងគោវៃរទះ គឺស្អប់ចៅហ្វាយស្រុក ស្អប់ចៅហ្វាយខេត្ត ខឹងមកដល់ នាយករដ្ឋមន្ត្រីទៅវិញ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា «រឿងនេះគឺជារឿងដែលខ្ញុំ ត្រូវធ្វើការវះកាត់ហើយ សុំផ្ដាំផ្ញើថាមិនឲ្យទេ ឃើញខ្ញុំដាក់ហើយ ខ្ញុំបាននិយាយនៅក្រសួងមហាផ្ទៃ កាលពីប៉ុន្មានថ្ងៃមុនថា បើចៅហ្វាយខេត្ត ខ្ញុំត្រូវការ ៣ម៉ោង អនុខេត្ត និងចៅហ្វាយស្រុកខ្ញុំត្រូវការ ១៥នាទីទេ សម្រាប់ការដកចេញពីតំណែងនោះ អីចឹងទេកុំឲ្យមានឲ្យសោះ! សម័យនេះគឺជាសម័យហ្វេសប៊ុក ព័ត៌មានលឿនណាស់ មិនអាចទុកឲ្យបន្តនូវមន្ត្រី ដែលមានការឆ្មើងឆ្មៃ ឬក៏ប្រមាថចំពោះប្រជាពលរដ្ឋ ជាពិសេសការមិនស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ ហើយធ្វើជាចៅហ្វាយប្រជាពលរដ្ឋ» ។

សម្តេចតេជោ បានផ្តាំទៅកាន់មន្ត្រីថា ត្រូវធ្វើជាមន្ត្រីដែលធ្វើការនៅកន្លែងមួយ ហើយពេលចាក ចេញពីកន្លែងមួយនោះ ត្រូវធ្វើឲ្យប្រជាជនស្រឡាញ់នឹករលឹក ហើយកុំឲ្យពេលចេញទៅវិញ ត្រូវប្រជា ជន និយាយថា ព្រាត់ ប្រាស់ទៅណាក៏ទៅចុះ ។

សម្ដេចថា មានចៅហ្វាយស្រុកមួយចំនួន នៅពេលកាន់តំណែងធ្វើឲ្យប្រជាជន មិនពេញចិត្ត ហើយពេលចេញទៅប្រជាជនថា ចេញឲ្យលឿនផងដែរ។ កន្លងមកនេះ មានមន្ត្រីភាគច្រើនធ្វើបានល្អ ចំពោះប្រជាជនដែរ តែនៅមានមន្ត្រីមួយចំនួនទៀត ត្រូវតែខិតខំបម្រើប្រជាជន ឲ្យអស់ពីសមត្ថភាព ។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកំណែទម្រង់ សេវាសាធារណៈមួយចំនួន ដែលកម្ពុជាបានអនុវត្តកន្លង ដោយបានប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ។

សម្តេចតេជោ បានដាស់តឿនដល់មន្ត្រីរាជការឲ្យដើរទាន់បច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ឲ្យស្របទៅតាមបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែចេះប្រើ នូវបច្ចេកវិទ្យានោះឲ្យបានត្រឹមត្រូវ មានន័យថា ដើរឲ្យទាន់សម័យបច្ចេកវិទ្យាដែរ។

ជាថ្មីម្តងទៀត សម្តេចតេជោ បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ ថាមិនត្រូវតាំងខ្លួនជាមន្ត្រីជើង ១០នោះទេ គឺត្រូវធ្វើជាមន្រ្តីជើងពីរ ត្រូវចេះរត់រកការងារ មិនត្រូវចាំឲ្យការងាររត់រកយើងនោះទេ ។ ធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទម ហើយត្រូវចេះគោរពប្រជាពលរដ្ឋ ចេះអោនលំទោន ដូចពាក្យចាស់ លោកពោលថា «ឱនដាក់គ្រាប់ ងើយស្កក» និងពាក្យមួយទៀត «ពេលនៅឲ្យគេស្រលាញ់ ពេលចាកចេញឲ្យគេអាណិត» ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះសំខាន់ៗមួយចំនួន ដើម្បីឲ្យមន្ត្រីយើង អនុវត្តការងារទទួលបានជោគជ័យ ដែលក្នុងនោះរួមមានការរៀបចំ ផែនការឲ្យបានច្បាស់លាស់ គឺគិតហើយចាំគូរ ការធ្វើបែបនេះយើងអាចវាស់ស្ទង់ ទំហំការងាររបស់យើងបាន។ ត្រូវចេះចាត់តាំងអនុវត្តការងារ និងចុងក្រោយត្រូវចេះត្រៀមឆ្លើយតប ទៅនឹងកត្តាចៃដន្យនៅក្នុង ពេលដែលកំពុងអនុវត្ត។

ទន្ទឹមនឹងនោះ សម្តេចតេជោ បានផ្តាំទៅកាន់សិស្សមន្ត្រីរាជការទាំងអស់ ចៀសវាងពីការប្រើប្រាស់អំណាច គ្រួសារបក្ខពួកនិយម ដូចជាពាក្យថា ប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលកន្លងមកប្រពន្ធ ឬកូនតែងតែលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ប្តី ឬឪពុក ដែលធ្វើអោយបាត់បង់កិត្តិយស តំណែងប្តី ឬឪពុក ដែលរឿងនេះ បានជះឥទ្ធិពលមិនល្អក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជា មន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូវក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះ គឺមិនត្រូវរាំងស្ទះដល់ឱកាស រីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ ។ មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រាយបញ្ហា ដែលកើតមានឡើងភ្លាមៗ ដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ ៕ ដោយ៖ ខា ដា

To Top