ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយនៅប្រទេសកម្ពុជា បាននាំគ្នាបង្ហាញក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះដំណោះស្រាយនយោបាយ ក្រោយពីលោក កឹម សុខា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងជាមាតាក្មេក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ក្រុមបក្សនយោបាយអះអាងថា នេះគឺជាសញ្ញាល្អសម្រាប់នយោបាយបង្រួបបង្រួមជាតិរវាងខ្មែរ និងខ្មែរ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរព វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់។
ចំពោះលោក សម រង្ស៊ីវិញ នៅថ្ងៃ៥ ឧសភាដែរនោះក៏បានផ្ញើលិខិតរំលែកទុក្ខមួយច្បាប់មកកាន់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។
ក្នុងខ្លឹមសារលិខិតនោះបញ្ជាក់ថា «ខ្ញុំសូមចូលរួមមរណៈទុក្ខ ជាមួយសម្ដេច និងក្រុមគ្រួសារ បន្ទាប់ពីបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាម្ដាយក្មេកសម្ដេច បានទទួលអនិច្ចកម្មកាលពីថ្ងៃទី៤ ឧសភា”។
នេះជាលើកដំបូងហើយ ដែលទាំងលោក កឹម សុខា និងលោក សម រង្ស៊ីបង្ហាញកាយវិការទន់ភ្លន់ចំពោះបុណ្យសពម្តាយក្មេកសម្តេចតេជោ ក្រោយមានការប្តឹងផ្តល់គ្នា។
ជុំវិញករណីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃ៦ ឧសភា ថា លោក កឹម សុខា ចូលរួមបុណ្យសពម្ដាយក្មេក សម្ដេចតេជោ មើលឃើញថា ជាសញ្ញាវិជ្ជមានរវាងខ្មែរ និងខ្មែរ ស្គាល់គ្នាក្នុងពេល មានទុក្ខលំបាក ហើយអ្នកនយោបាយ ក៏កែប្រែឥរិយាបទទៅតាមផងដែរ។
លោកមានប្រសាសន៍ថា «នេះជាកាយវិការមួយដែល យើងមើលឃើញថា វិជ្ជមានរវាង ខ្មែរ ស្គាល់ទុកធុរៈគ្នា ទៅវិញ ទៅមក ហើយអ្នកនយោបាយបន្ទនឥរិយាបថក្នុងការបង្រួបបង្រួមជាតិ ជាលក្ខណៈ ខ្មែរដូចគ្នា”។
លោកចាត់ទុកថា លោក កឹម សុខា ចូលរួមចូលគោរព វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជារឿងត្រឹមត្រូវមួយ ដែល ប្រជាពលរដ្ឋចង់ឃើញបែបនេះ ហើយនេះក៏ជាសារដ៏ល្អសម្រាប់អ្នកនយោបាយគ្រប់រូបផងដែរ។
លោកថា «ខ្ញុំមើលឃើញថា វាជាសារល្អសម្រាប់អ្នកនយោបាយគ្រប់រូប សម្រាប់ជាតិខ្មែរយើង នៅពេលដែលអ្នកនយោបាយស្គាល់ទុកធុរៈគ្នា នៅពេលមានទុក្ខលំបាក ហើយខ្ញុំគិតថា វាជាសញ្ញាវិជ្ជមានមួយ សម្រាប់នយោបាយនៅកម្ពុជាយើង»។
ចំពោះសាររំលែកទុក្ខរបស់លោក សម រង្ស៊ី ដែលកំពុងគេងនៅក្រៅប្រទេសវិញ លោក ពេជ្រ ស្រស់ គិតថា នេះជារឿងសម្ដែងច្រើនជាង ព្រោះ លោក សម រង្ស៊ី ខ្លាចមហាជនមើលងាយ ទើបគាត់ផ្ញើសាររំលែកទុក្ខ បែបនេះ។ លោកទស្សន៍ពីលោក សម រង្ស៊ីទៀតថា ក្រោយមកទៀត លោក សម រង្ស៊ី នឹងលាបព័ត៌មានលើអ្នកដ៏ទៃទៀតហើយ ក៏ប៉ុន្ដែសម្រាប់ លោកកឹម សុខា វិញ គាត់មានចេតនាត្រឹមត្រូវពិតប្រាកដមែន រវាង ខ្មែរ និងខ្មែរ។
ចំណែក លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរ នៅលើបណ្ដាញសង្គម កាលពីថ្ងៃ៥ ឧសភា ថា លោក កឹម សុខា ចូលរួមចូលគោរព វិញ្ញាណក្ខន្ធម្តាយក្មេកសម្តេចតេជោ បង្ហាញថា ស្ថានភាពនយោបាយ និងបញ្ហា ប្រពន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខ (EBA) នឹងមាន ភាព ល្អប្រសើរឡើងវិញ។
លោកបញ្ជាក់យ៉ាងខ្លីថា «សង្ឃឹមថាស្ថានការណ៍ នយោបាយ និងបញ្ហា EBA នឹងមានភាពប្រសើរឡើង»។
ទោះបីយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ៦ ឧសភា នេះ ថា សម្រាប់លោក កឹម សុខា បានចូល រួមចូលគោរព វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងលោក សម រង្ស៊ី ផ្ញើសាររំលែកទុក្ខនោះ គ្រាន់តែជាទំនៀមទំលាប់ខ្មែរ ប៉ុណ្ណោះ គ្មានប៉ះពាល់ដល់រឿងនយោបាយឡើយ។
លោកថ្លែងថា «គាត់មកគោរពវិញ្ញាណក្ខន្ធ អាហ្នឹងជាមនោចេតនា ហើយជាការអនុវត្ត គោរពតាមទំនៀមទំលាប់តាមប្រពៃណីខ្មែរតែប៉ុណ្ណឹងទេ។ ហើយគាត់ត្រឡប់ទៅផ្ទះវិញ គាត់អត់មានរកដំណោះស្រាយនយោបាយរួចខ្លួនពីការចោទប្រកាន់ ពីរឿងពិរុទ្ធភាព តាមផ្លូវច្បាប់ របស់គាត់អីណា គឺអត់ទេ»។
ចំពោះលោក សម រង្ស៊ី ផ្ញើសាររំលែកទុក្ខម្ដាយក្មេក សម្ដេចវិញ លោក សុខ ឥសាន ថា គឺជារឿងធម្មតារវាងខ្មែរ និងខ្មែរ ហើយនៅពេលម្ដាយ លោកសម រង្ស៊ី ស្លាប់ ក៏សម្ដេចផ្ញើរំលែកទុក្ខផងដែរ ព្រោះនេះ ជារឿងទៅវិញ ទៅមក ហើយបានចាត់ទុកនៅក្របខណ្ឌទំនៀមទំលាប់ប្រពៃណី សីលធម៌ ដ៏ល្អរបស់ជនជាតិខ្មែរ តាំងដើមមក។
អ្នកនាំពាក្យបញ្ជាក់ទៀតថា ការចូលរួមរំលែកទុក្ខរបស់អតីតមេបក្សប្រឆាំងនេះ គ្មានអ្វីចំឡែកឡើយ ដូច្នេះកុំយកបញ្ហាមនោចេតនា ទំនៀមទំលាប់ប្រពៃណីមកលាយលំ ជាមួយផ្លូវច្បាប់ និងការងារនយោបាយ ។
សូមរំលឹកថា សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានតម្កល់ធ្វើពិធីបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណី ព្រះពុទ្ធសាសនាខ្មែ រអស់រយៈពេល ២យប់ ៣ថ្ងៃ នៅគេហដ្ឋានសម្ដេចតេជោ ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃ៦ ឧសភា សពអ្នកឧកញ៉ា ត្រូវបានដង្ហែទៅបញ្ចុះ នៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕ដោយ ៖ អេង ប៊ូឆេង