ភ្នំពេញ ៖ អ្នកវិភាគនយោបាយ លោក គឹម សុខា បានផ្ដល់ជាទស្សនៈថា ការផ្ដល់ ឬបន្ធូរបន្ថយសេរីភាពដល់ លោក កឹម សុខាអតីតមេបក្សប្រឆាំង នៅខែកក្កដា ឬខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ទើបអាចដោះគ្រោះលិចលង់ ឲ្យកម្ពុជាបាន ។
តាមរយៈគេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក គឹម សុខ បានលើកឡើងថា «ផ្ដល់ ឬបន្ធូរសេរីភាព លោក កឹម សុខា ថែមទៀត ក្នុងខែកក្កដា ឬយ៉ាងយូរបំផុត នៅខែសីហា ទើបអាចដោះគ្រោះអាសន្ន លិចលង់របស់កម្ពុជាបាន» ។
លោកបញ្ជាក់ថា កម្ពុជាជួបគ្រោះអាសន្នធំ២ រួមមាន ៖ទី១-គណៈកម្មការអឺរ៉ុប សម្រេចដាក់ ឈ្មោះកម្ពុជា ក្នុងបញ្ជីខ្មៅ នៃក្រុមប្រទេស លាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយ ប្រទេស ១១ផ្សេងទៀត មានទាំង អ៊ីរ៉ង់ និងកូរ៉េខាងជើង ។
លោកបន្ដថា សេចក្តីសម្រេចនេះ នឹងត្រូវបោះឆ្នោត អនុម័តជាផ្លូវការ នៅថ្ងៃទី១ ខែតុលា ២០២០ ខាងមុខ។
លោកថា បើចូលជាផ្លូវការនៅខែតុលា បញ្ជីខ្មៅនេះនឹងសម្លាប់សេដ្ឋកិច្ច កម្ពុជា ទៅកាន់ស្រមោលទសវត្សរ៍ទី៨០ ពីព្រោះនេះវាស្ទើរតែស្មើ នឹងទណ្ឌកម្មសេដ្ឋកិច្ច ពីលោកសេរីលើប្រទេសកម្ពុជា ទៅហើយ ។
លោកបន្ថែមថា គ្រោះទី២ មានស្ថានភាពអាសន្នថ្មីសន្លាង ស្រោចលើគំនរគ្រោះដែលមាន ស្រាប់ បរាជ័យទាំងស្រុង នៃកំណែទម្រង់រដ្ឋ ,ការសម្លាប់ប្រជាធិបតេយ្យកម្ពុជា ,ផែនការសេដ្ឋកិច្ច /សង្គម បែបកញ្ឆក់កណ្តៀត រហូតដល់ពេលមានវិធានការផ្ដាច់ EBA២០% និងការរីករាលដាល កូវីដ-១៩ គ្រោះអាសន្នជាតិ គ្រប់យ៉ាងដែលរដ្ឋ មិនអាចដោះស្រាយបាន ក៏លេចបង្ហាញកាន់តែច្បាស់ ។
លោកបញ្ជាក់ថា និន្នាការដួលរលំ នៃវិស័យឧស្សាហកម្មវាយនភណ្ឌ ទំនិញ៤០មុខ ដែលសហភាពអឺរ៉ុប ត្រៀមដកពីប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ះពាល់ធ្ងន់ណាស់ ដល់វិស័យកាត់ដេរ កម្មករ៨០ម៉ឺននាក់ ខ្លះកំពុងប្រឈម នឹងការបាត់បង់ការងារ ខ្លះទៀត ក៏មិនអាចធានាស្ថិរភាពការងារ ៕ ដោយ៖ អេង ប៊ូឆេង