នយោបាយ

វិភាគ ៖ ដោយសារវីរុស Covid-19 ចិនដណ្តើមយក តំបន់មជ្ឈិមបូព៌ា ពីអាមេរិក និងរុស្ស៊ី បានដោយងាយ

បច្ចុប្បន្នភាព វិបត្តិវីរុស Covid-19 ដែលឆ្លងរាលដាល នៅពាសពេញពិភពលោក កំពុងបើកឱកាស អោយប្រទេសចិន វាយលុកដណ្តើមយកប្រទេសជាច្រើន នៅជុំវិញពិភពលោក ពីសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី តាមរយៈការផ្តល់ជំនួយមានដូចជា ម៉ាស់មុខ ឧបករណ៍វេជ្ជសាស្ត្រ និងការផ្តល់ទំនុកចិត្ត ផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ចជាដើម ។

បច្ចុប្បន្ននេះ អាមេរិក និងរុស្ស៊ីកំពុងជាប់ដៃ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុស Covid-19 ខណៈដែលវីរុសនេះ បានឆ្លងរាលដាលខ្លាំង នៅប្រទេសទាំងពីរ ដោយអាមេរិក ជាប់លេខ០១ និងរុស្ស៊ីជាប់លេខ០៣ នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសនេះច្រើនជាងគេ ប៉ុន្តែចិនគ្រប់គ្រងការឆ្លងរាលដាល នៃវីរុសនេះបានជោគជ័យ និងចេញមុខជួយពិភពលោក ដែលផ្ទុយ ពីអាមេរិក និងរុស្ស៊ី ។

ចិនបានយកជោគជ័យរបស់ខ្លួន ក្នុងការគ្រប់គ្រងវីរុស Covid-19 ទៅអូសទាញប្រទេសនានា នៅតំបន់មជ្ឈិមបូព៌ា ទាំងប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេស មិនមែនជាសម្ព័ន្ធមិត្ត ដោយបានបញ្ជូន ទាំងម៉ាស់មុខ ឧបករណ៍វេជ្ជសាស្ត្រ ឱសថ និងទាំងក្រុមគ្រូពេទ្យជំនាញ របស់ខ្លួនទៅកាន់ប្រទេសមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា មានប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប៊ី សាអូឌីត ជាដើម ដែលជាប្រទេស សម្ព័ន្ធមិត្តចាក់ទឹកមិនលិច ជាមួយសហរដ្ឋអាមេរិក ។

ចិនហាក់ដូចជាស្ងប់ស្ងាត់មែន នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែប្រទេសមហាអំណាចមួយនេះ បានជះទឹកលុយ រាប់ម៉ឺនលានដុល្លារអាមេរិក ក្នុងការវិនិយោគលើគម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ ជាដើមនៅក្នុងតំបន់នេះ រួមទាំងផលប្រយោជន៍ សេដ្ឋកិច្ចជាច្រើនផ្សេងទៀត ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី គ្រហឹមដាក់គ្នា និងឈាន ដល់ការប៉ះទង្គិចគ្នា ដោយអាវុធ នៅប្រទេសស៊ីរី អ៊ីរ៉ង់ យ៉េមែន និងប្រទេសអ៊ីរ៉ាក់ជាដើម ។

គាប់ជួនដែលមានការផ្ទុះឡើង នៃវីរុសCovid-19 នៅជុំវិញពិភពលោក និងចំពេលដែលសហរដ្ឋអាមេរិក ត្រូវរងរបួសធ្ងន់ ពីការឆ្លងរាលដាល នៃវីរុសនេះ ប្រទេសចិនបានឆក់យកឱកាស អូសទាញប្រទេស អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្ត អាមេរិក តាមរយៈការចាប់ដៃ ជាមួយក្រសួង ការពារជាតិចិន និងអ៊ីស្រាអែល ដោយបើកផ្លូវ អោយយន្តហោះពិសេស របស់ចិនដឹកម៉ាស់ ប្រមាណ៣លានសន្លឹក និងបរិក្ខារវេជ្ជសាស្ត្រ ទៅកាន់អ៊ីស្រាអែល ។

ចំណែកប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកដែរនោះ ក៏មិនខុសគ្នាដែរ គឺចិន និងអារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញនូវសាមគ្គីភាព ដោយចុះកិច្ចសន្យាតម្លៃ ២៦៥លានដុល្លារអាមេរិក ក្នុងការទិញឧបករណ៍ ធ្វើតេស្តរកវីរុស Covid-19 ហើយចិនក៏បានបញ្ជូន ក្រុមគ្រូពេទ្យជំនាញ ទៅជួយអារ៉ាប៊ី សាអ៊ូឌីត ផងដែរ ។

ដើមចមនាំអោយកើតរឿង មូលហេតុដែលនាំអោយកើតរឿង គឺដោយសារសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានឈ្លោះគ្នា ដណ្តើមយកប្រទេសមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា មកដាក់ក្រោមអាណានិគម របស់ខ្លួន ដែលបច្ចុប្បន្ននេះគេហៅថា ប្រទេសសម្ព័ន្ធមិត្ត ប៉ុន្តែការឈ្លោះប្រកែកគ្នា រវាងអាមេរិក និងរុស្ស៊ី បែរជាកំពុងហុចផលអោយទៅប្រទេសចិនវិញ ដោយសារចិនមិនឈ្លោះ តែជាអ្នកផ្តល់ផលប្រយោជន៍អោយប្រទេសរងគ្រោះ ដូចជាប្រទេសអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីបង់ យ៉េមែន និងប្រទេសមួយចំនួនទៀត ។

វិបត្តិវីរុសCovid-19 ជាមូលហេតុមួយទៀត ដែលនាំអោយប្រទេសចិន មានឱកាសឆក់យកប្រទេសនៅតំបន់មជ្ឈិមបូព៌ា បានដោយងាយ គឺដោយសារសហរដ្ឋអាមេរិក លែងសូវរវល់ ឬលែងសូវគិតគូរពីប្រទេសសម្ព័ន្ធមិត្ត នៅតំបន់មជ្ឈិមបូព៌ាទៀតហើយ ដោយសារតែអាមេរិកខ្លួនឯង ក៏រងគ្រោះធ្ងន់ធ្ងរណាស់ដែរ ដោយសារវីរុសមួយនេះ ប៉ុន្តែប្រទេសចិនវិញទេ ដែលខ្វល់ខ្វាយ និងជួយជ្រោមជ្រែង ដល់ប្រទេសទាំងនោះជំនួសអាមេរិក ។

ខណៈដែលវីរុសCovid-19ផ្ទុះឡើង ចិន គឺជាប្រទេសដែលជួយជ្រោមជ្រែងច្រើន ដល់តំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសនេះកំពុងរងគ្រោះពីការឆ្លងរាលដាល នៃវីរុសCovid-19 តាមរយៈការផ្តល់ម៉ាស់មុខ ឧបករណ៍វេជ្ជសាស្ត្រ និងបញ្ជូនគ្រូពេទ្យជំនាញ របស់ខ្លួនអោយទៅជួយ រួមទាំងការបោះទុនវិនិយោគ និងការជួយទិញប្រេងពីប្រទេសនៅក្នុងតំបន់ ។
ហេតុផលទាំងនេះ គឺជាដើមចម ដែលនាំអោយប្រទេសចិន អាចដណ្តើមតំបន់មជ្ឈិមបូព៌ាពីអាមេរិក និងរុស្ស៊ី បានដោយងាយដោយមិនចាំ បាច់ចំណាយកម្លាំង ឬមិនចាំបាច់ប្រើអាវុធច្បាំងគ្នា ដូចជាប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនោះទេ ។

សន្និដ្ឋាន ៖ ក្រោយពីចិនច្បាម យកតំបន់មជ្ឈិមបូព៌ា ពីអាមេរិក និងរុស្ស៊ី តើនឹងមានរឿងអ្វីកើតឡើង?

គោលដៅធំរបស់ប្រទេសចិន គឺយកតំបន់មជ្ឈិមបូព៌ា ទៅតភ្ជាប់ជាមួយតំបន់ អាហ្វ្រិក អាស៊ី និងអឺរ៉ុប លើមហាគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគម្រោង ប្រមូលប្រទេសជាង១០០ នៅលើពិភពលោក អោយទៅចងភ្ជាប់ ជាមួយប្រទេសចិន ហើយគោលដៅរបស់ចិន ក្នុងការលេបត្របាក់យកតំបន់មជ្ឈិមបូព៌ា បានជោគជ័យ ក៏ដោយសារអាមេរិក និងរុស្ស៊ីថយឥទ្ធិពលដូចគ្នា ទាំងខាងនយោបាយ សេដ្ឋកិច្ច និងការទូតនៅក្នុងតំបន់នេះ ។

នៅពេលខាងមុខ ប្រទេសចិននឹងមានឥទ្ធិពលគ្រប់យ៉ាង គ្របដណ្តប់លើតំបន់មជ្ឈិមបូព៌ា ទាំងមូលជំនួសអាមេរិក និងរុស្ស៊ី ទាំងខាងនយោបាយ សេដ្ឋកិច្ច ការទូត និងឥទ្ធិពលយោធា ថែមទៀត ហើយចិនក៏អាចសម្រេចគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ បានដោយរលូនផងដែរ ។

ផលប៉ះពាល់តំបន់មជ្ឈិមបូព៌ា អាចនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ២យ៉ាង នៅពេលខាងមុខ គឺទី០១ ប៉ះពាល់ផ្នែកសន្តិសុខ ដោយសារការប្រទាញប្រទង់គ្នា រវាងសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងប្រទេសចិន ដែលអាចរុញច្រានប្រទេសមួយចំនួន អោយធ្លាក់ចូលទៅក្នុងភ្លើង សង្គ្រាមយូរអង្វែងមិនងាយបញ្ចប់បាន ។
ទី០២ គឺផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលកើតឡើងដោយសារការឆ្លង រាលដាលនៃវីរុស Covid-19 និងដោយសារសង្គ្រាមរ៉ាំរ៉ៃ ខណៈដែលប្រទេសមហាអំណាច ទាំង៣ ព្យាយាមដណ្តើមគ្នាកាន់តែខ្លាំង ដែលឧបមាដូចជាសម្លមួយចានធំ ដែលមនុស្ស៣នាក់កំពុងដណ្តើមគ្នាទទួលទាន ៕

ដោយ ៖ អ៊ិន ជិន

To Top