ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញ នូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ក្រុមឧទ្ទាម ក្រៅច្បាប់ ប្រើឧបាយកល ចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល!» វីដេអូននេះបានបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ នៃផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា របស់ ក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេស មកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង ។
បើទោះបីជាអង្គការចាត់តាំង នយោបាយ នៃបដិវត្តន៍ពណ៌ ត្រូវបានរំលាយហើយក្បាលម៉ាស៊ីន ដឹកនាំរបស់ក្រុមនេះ ត្រូវបានចាប់ខ្លួន និងដកហូតសិទ្ធិ ធ្វើនយោបាយក៏ដោយ ក៏ផែនការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា នៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់ បន្តអនុវត្តជា បន្តបន្ទាប់ ក្រោមការគាំទ្រ ទាំងនយោបាយ និងហិរញ្ញវត្ថុពីបរទេសមួយចំនួន ។
ក្រុមឧទ្ទាមក្រៅច្បាប់ ទាំងនោះ ដែលមានមេដឹកនាំ បញ្ជាពីក្រៅប្រទេស កំពុងរៀបចំផែនការបំផ្ទុះ ចលនាបដិវត្តន៍ពណ៌ សារជាថ្មី ដើម្បីឈានទៅផ្តួលរំលំ រាជរដ្ឋាភិបាល តាមគោលដៅ ដែលពួកគេចង់បានដដែល។ ប៉ុន្តែលើកនេះពួកគេ បានផ្លាស់ប្តូរយន្តការ និងយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើសកម្មភាព តាមរយៈការ ប្រើប្រាស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ឲ្យដើរតួជំនួសគណបក្សប្រឆាំង ជ្រុលនិយម ដែលត្រូវបានតុលាការកំពូល រំលាយចោល។
ក្នុងយុទ្ធសាស្ត្រថ្មីនេះ ពួកគេបានបញ្ចូល ក្រុមសកម្មជននយោបាយប្រឆាំង ឲ្យធ្វើសកម្មភាពដោយជ្រកក្រោម ស្លាកអង្គការសង្គមស៊ីវិល វិញម្តង ក្រោមការជួយជ្រោមជ្រែង ពីបរទេសមួយចំនួន ដែលជាចៅហ្វាយនាយ។ រីឯអង្គការសង្គមស៊ីវិល ទាំងនោះទៀតសោត មួយចំនួនគឺជាអង្គការ ដែលបង្កើតឡើង ដោយខុសច្បាប់ និងដោយមិនបានចុះបញ្ជី ជាផ្លូវការនៅស្ថាប័ន ដែលកំណត់ដោយច្បាប់ឡើយ។
តើហេតុអ្វីបាន ជាក្រុមឧទ្ទាមក្រៅច្បាប់ ក្រោមការជួយជ្រោមជ្រែង របស់បរទេស ផ្លាស់ប្តូរយុទ្ធសាស្ត្រ មកប្រើប្រាស់អង្គការសង្គម ស៊ីវិលដើម្បីធ្វើសកម្មភាព ជំនួសឱ្យក្រុមបក្សប្រឆាំង? សូមទស្សនាវីដេអូ ផ្លូវការរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖