ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា គ ប ម កើតចេញពីក្រុមបញ្ញវន្ត បានធ្វើការទស្សន៍ទាយពីជោគវាសនារបស់អតីតមេដឹកនាំ បក្សសង្គ្រោះជាតិ(គសជ) គឺលោក សម រង្ស៊ី និងលោក កឹម សុខា ថា នឹងប្រកាសបែកបាក់គ្នាជាចំហរមុន ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខនេះ។
លោក សម រង្ស៊ី និងលោក កឹម សុខាត្រូវបានគេដឹងថា បានរួមគ្នាបង្កើតគ ណបក្សមួយឈ្មោះថា គណបក្សសង្គ្រោះជាតិដើម្បីចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០១២ និងថ្នាក់ជាតិ២០១៣ ដោយកាលនុះបក្សនេះបានទទួល អាសនៈក្នុងរដ្ឋសភា៥៥ និងគណបក្ស ប្រជាជនកម្ពុជា៦៨អាសនៈ។ ប៉ុន្តែប្រមាណជា៤ឆ្នាំក្រោយ ពោលក្រោយបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣បក្សប្រឆាំងនេះ មិនបានឈរជើងទេទៀត ដោយសារតុលាការកំពូលបានចេញសាលដីការំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមហេតុផលលោក សម រង្ស៊ី ជាប់ក្តីក្តាំងនៅតុលាការ និងលោក កឹម សុខា ត្រូវបានចោទប្រកាន់ ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិដែលមានបរទេសនៅពីក្រោយ។
ខណៈនៅសល់២ឆ្នាំទៀតចូលដល់រដូវការឃោសនារកសំឡេងឆ្នោត ដើម្បីឈានទៅរកបោះឆ្នោតឆ្នាំ២០១៣នោះ គណបក្សប្រជាធិបតេយ្ យមូលដ្ឋាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញសេណារីយ៉ូ៣ចំណុច ពីការបោះឆ្នោតនាពេលខាងមុខ។ ក្នុងនោះ សេណារីយ៉ូទី៣ដែលផ្តោត លើអតីតបក្សសង្រ្គោះជាតិ គ ប ម លើកឡើងថា “ក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា ប្រកាសបែកបាក់ជាចំហ ហើយចូលរួមបោះឆ្នោត ដោយមានបក្សតំណាងរៀងៗខ្លួន ។ សេណារីយ៉ូនេះ គណបក្សប្រជាជននៅតែឈ្នះ តែពិបាករកសំឡេងបាន ២/៣ ហើយក្រុមប្រឆាំង ជាពិសេស ក្រុម លោក សម រង្ស៊ី និងលោក កឹម សុខា ឈ្នះបានកៅអីគួរសម ក្នុងរដ្ឋសភា ដែលធ្វើឲ្យរដ្ឋសភាមានលក្ខណៈចម្រុះបក្សល្អ មានការជជែកដេញដោលក្នុងរដ្ឋសភា មានការកោះហៅតំណាងរាជរដ្ឋាភិបាលមកឆ្លើយបំភ្លឺទៅលើរឿងរ៉ាងផ្សេងៗ” ។
បក្សនេះបន្តថា សេណារីយ៉ូ នេះនឹងធ្វើឲ្យស្ថានការណ៍សិទ្ធិមនុស្ស ជាពិសេស សេរីភាពបញ្ចេញមតិ និងការជួបជុំ មានភាពប្រសើរឡើងវិញ។ ការគំរាមកំហែងនិងការចាប់ ដាក់គុកមានភាពចុះថយ។ សហគមន៍អន្តរជាតិចូលរួមសាទរនិងផ្តល់ការសហការល្អជាមួយរាជរដ្ឋាភិបាល ហើយអាច EU ផ្តល់ប្រព័ន្ធ EBA ទាំងស្រុងមកវិញ។ សេណារីយ៉ូនេះអាចនឹងកើតឡើងច្រើនដែរ (៤៩%)។
ចំណែកសេណារីយ៉ូ២ទៀត គឺទី១- គណបក្សសង្រ្គោះជាតិរស់ឡើងវិញ ហើយចូលរួមបោះឆ្នោត
សេណារីយ៉ូនេះជាសេណារីយ៉ូ ដែលអ្នកដឹកនាំ និងអ្នកគាំទ្រ គសជ ចង់ឲ្យកើតមាន តែអ្នកដឹកនាំគណបក្សប្រជាជនបានបិទច្រករួចទៅហើយ តាមរយៈការសម្រេចរបស់សាល ដីកាតុលាការកំពូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រំលាយ គសជ ហើយបិទផ្លូវតវ៉ា។ អ្នកដឹកនាំ គសជ ចង់បាន តែធ្វើការទាមទារតវ៉ាដ៏ទន់ខ្សោយ ហើយជាមួយនេះ សហគមន៍អន្តរជាតិយកចិត្តទុកដាក់តិចតួច ដែលធ្វើឲ្យសេណារីយ៉ូនេះមានភាគរយ តិចតួចប៉ុណ្ណោះដែលអាចកើតឡើងបាន (១%)។
ចំពោះសេណារីយ៉ូទី២- ការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានវត្តមាន គសជ និងអ្នកដឹកនាំ អតីត គសជ ធ្វើពហិកា ។ សេណារីយ៉ូនេះ ប្រព្រឹត្តទៅស្រដៀងនឹងការបោះឆ្នោតឆ្នាំ ២០១៨ ដោយអ្នកដឹកនាំ គសជ ធ្វើពហិកានិងយុទ្ធការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាមួយពាក្យស្លោក “ដេកផ្ទះឈ្នះស្រួល”, “ដេកផ្ទះឈ្នះពេក”, ឬ “ទុកម្រាមដៃឲ្យសស្អាត” … ។ គណបក្សផ្សេងៗនឹងចូលរួម ហើយអាចបានកៅអីខ្លះនៅក្នុងរដ្ឋសភា តែគណបក្សប្រជាជននៅឈ្នះដាច់លើសពី ២/៣ នៃកៅអីក្នុងរដ្ឋសភា ហើយបន្តដឹកនាំតាមបែបជិះសេះលែងដៃ។ សហគមន៍អន្តរជាតិមិនសូវស្វាគមន៍ការបោះឆ្នោតនេះទេ តែក៏មិនដឹងធ្វើយ៉ាងម៉េចដែរ មានតែបន្តចាប់ដៃសហការជាមួយរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ សេណារីយ៉ូនេះអាចកើតឡើងច្រើន (៥០%)៕