ព័ត៌មានជាតិ

សម្តេចតេជោ ហៅលោក សម រង្ស៊ី ថាជាមនុស្សល្ងង់ បន្ទាប់ពីមិនដឹងអាណត្តិប្រធានអាស៊ាន

ភ្នំពេញ៖ ក្រោយពីលោក សម រង្ស៊ីបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបន្លំធ្វើជា ប្រធានអាស៊ាននៅចំពោះមុខ ប្រធានាធិបតីបារាំង នោះ ត្រូវបានសម្តេចថាឱ្យលោក សម រង្ស៊ីដែលមានរហស្សនាមជនក្បត់ជាតិបីជំនាន់ថា ជាមនុស្សល្ងង់ខ្លៅដែលមិនដឹង អាណត្តិធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន។

សម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃ២២ ធ្នូ បានថ្លែងថា អតីតមេបក្សប្រឆាំងដែលថា សម្តេចប្លន់ប្រធានអាស៊ាននោះ គឺប្រៀបដូចជា ប្រមាថមើលងាយដល់ប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុបទាំងមូលផងដែរ។

ដោយសម្តេចតេជោ បង្ហាញការងើយឆ្ងល់ថា មិនយល់ទាល់តែសោះមានមនុស្សចង្រៃម្នាក់ គឺទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានចោទសម្តេចប្លន់ភាពជាប្រធានអាស៊ាន ដើម្បីទៅបោកប្រាស់ប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុបនោះ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ មិននឹកស្មានថា មនុស្សធន់អន់ចឹង (ទណ្ឌិត សម រង្ស៊ី) ហើយបានវាចឹងនោះ អានេះពូជវាអន់តែអីចឹង វាល្ងង់ពេក ល្ងង់ដល់កម្រិតប៉ុណ្ណឹង មិនស្គាល់អ្វីទៅដែលហៅថា ធម្មនុញ្ញអាស៊ាន ហើយអាណត្តិរបស់ប្រធានអាស៊ាន»។

លើសពីនេះ សម្តេចតេជោ ក៏កំពុងតែឆ្ងល់ផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរមួយក្តាប់តូច ដែលបានលង់លក់ក្នុងការជឿការបោកប្រាស់ របស់ទណ្ឌិតក្បត់ជាតិបីជំនាន់រូបនេះ ដែលតែងតែធ្វើការភូតភរកុហក និងបោក ប្រាស់ប្រជាពលរដ្ឋទាំងក្នុងនៅក្រៅប្រទេស។

ជាមួយគ្នានោះដែរ សម្តេចតេជោបានចំអកឲ្យ ជនក្បត់ជាតិបីជំនាន់រូបនេះថា បានប្រមាថប្រធានាធិបតីបារាំង រួមទាំងប្រមាថថ្នាក់ដឹកនាំប្រទេសទាំង១៧ ក្នុងតំបន់អឺរ៉ុប និងប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន។

កាលពីថ្ងៃ១៣ ធ្នូ ២០២២ លោក សម រង្ស៊ី បានលើក ឡើងក្នុងហ្វេសប៊ុកថា សម្តេចតេជោហ៊ុន សែន លួច ប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួន ជាផ្លូវការ។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodoទេដែលជាប្រធានអាស៊ាន បច្ចុប្បន្ន។ លោកថា “កាលពីឆ្នាំ២០០៧ ប្រធានាធិបតីបារាំង Nicolas Sarkozy បានភ្លាត់ស្នៀតម្តងហើយ ដោយទទួលជនផ្តាច់ការ ប្រទេសលីប៊ី ឈ្មោះ Moammar Gaddafi ដែលត្រូវប្រជារាស្ត្រខ្លួនឯង កាត់ទោសប្រហារជីវិតនៅឆ្នាំ២០១១”។

លើកឡើងរបស់លោកសម រង្ស៊ីនេះ បន្ទាប់ពីសម្តេចតេជោ បានធ្វើដំណើរទៅបារាំង ជួបពិភាក្សាជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងលក្ខណៈស្អិតរមូត និងស្និតស្នាលបំផុត កាលពីថ្ងៃ១៣ធ្នូ៕

To Top