ភ្នំពេញ ៖ លោក មុត ចន្ថា បានលើកឡើងថា ករណីលោក សម រង្ស៊ីដែលបានប្រមាថមើលងាយ ពោលបំពានព្រះមហាក្សត្រ គឺត្រូវទទួលទោសក្រមព្រហ្មទណ្ឌ ។
លោក មុត ចន្ថាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ មិថុនា ថា ព្រះមហាក្សត្រ ទ្រង់គោរពនិងបដិបត្តិតាមប្បញ្ញត្តិរដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ព្រះមហាក្សត្រ ទ្រង់គ្មានព្រះរាជសិទ្ធិនិងអំណាចធ្វើច្បាប់ ស្នើច្បាប់ ឬព្រាងច្បាប់ ឬអនុម័តច្បាប់ឡើយ ផ្ទុយទៅវិញព្រះអង្គទ្រង់គ្រាន់តែមានព្រះរាជសិទ្ធិប្រកាសច្បាប់ដែលអនុម័តដោយរដ្ឋសភា និងផ្តល់យោបល់ដោយព្រឹទ្ធសភា និងពិនិត្យធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញឲ្យប្រើប្រាស់ជាផ្លូវការតាមរយៈព្រះរាជ្យក្រមប៉ុណ្ណោះ។
លោកថា “ហេតុអីលោកសម រង្ស៉ី មកបន្ទោសអង្គព្រះមហាក្សត្រ និងប្រមាថទ្រង់ធ្ងន់ធ្ងរដោយខុសទាំងស្រុងពីរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញកម្ពុជា ចែងយ៉ាងច្បាស់ថា អង្គព្រះមហាក្សត្រមិនអាចមាននរណារំលោភបំពានបានឡើយ (កថាខ័ណ្ឌទី៣ មាត្រា៧)។ ជនណាដែលរំលោភបំពានអង្គព្រះមហាក្សត្រ ត្រូវប្រឈមនឹងក្រមព្រហ្មទណ្ឌ”។
លោកបន្តថា រដ្ឋធម្មនុញកម្ពុជា ឆ្នាំ១៩៩៣ ចែងយ៉ាងច្បាស់អំពីព្រះរាជសិទ្ធិនិងព្រះរាជតួនាទីនៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ” ។
លោក មុត ចន្ថា បានរំលឹកថា លោកនៅចាំបានថា លោកសម រង្ស៉ី ក៏ជាសមាជិក១រូប ក្នុងលំដាប់លេខរៀងទី៨ នៃគណៈកម្មាធិការអចិន្រ្តៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញថ្មី នៅក្រោយការបោះឆ្នោតសភាធម្មនុញ្ញ នៅខែឧសភា ឆ្នាំ១៩៩៣ និងបានអនុម័តដោយសភាធម្មនុញ្ញ នាសម័យប្រជុំពេញអង្គលើកទី១ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣។ សួរថា ហេតុអីលោកសម រង្ស៉ី គាំទ្រស្នើដាក់បញ្ចូលកថា ខ័ណ្ឌទី១ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ”។

លោក សម រង្ស៊ី នាថ្ងៃ២២ មិថុនាក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន បានលើកឡើងថា “ស្តេចយើងសព្វថ្ងៃមិនត្រឹមតែឥតប្រយោជន៍ទេ តែអនុញ្ញាតឲ្យគេយកឈ្មោះទៅធ្វើបាបយុវជនការពារបរិស្ថាន ដោយចោទប្រកាន់ថា យុវជនទាំងនោះ បានប្រមាថព្រះមហាក្សត្រ។ ស្តេចសព្វថ្ងៃ ជាស្តេចអាយ៉ង គ្មានបានការដែលចាយវាយលុយជាតិ បានមកពីញើសឈាមប្រជារាស្ត្រយ៉ាងសន្ធឹកសន្ធាប់ ដើម្បីគ្រាន់តែប្រថាប់ត្រា និងធ្វើបាបរាស្ត្រតាមចិត្ត”៕

