នយោបាយ

វិភាគ ៖ អាមេរិក រងគ្រោះដោយសារ ដង្កូវចេញពីសាច់ឯង នៅប្រទេស អាហ្វហ្កានិស្ថាន

បច្ចុប្បន្នភាព

សហរដ្ឋអាមេរិក បានរងគ្រោះចំនួន២លើក រួចមកហើយ ដោយសារដង្កូវចេញពីសាច់ឯង នៅប្រទេសអាហ្កានិស្ថាន គឺអង្គការភេរវកម្ម ពិភពលោក អាល់កៃដា (Al Qaeda) ពួកឧទ្ទាម តាលីបង់ (Taliban rebel) ដែលបានឈ្នះសង្គ្រាម ជាមួយអាមេរិក ។

ដង្កូវចេញពីសាច់ឯង គឺសំដៅទៅលើអង្គការ ភេរវកម្ម អាល់កៃដា និងពួកឧទ្ទាម តាលីបង់ ដែលស្ថាប័នទាំង២នេះ គឺជាក្រុមមនុស្ស ដែលសហរដ្ឋអាមេរិក បានបង្វឹកបង្វឺន និងបង្ហាត់បង្ហាញ រួមទាំងបានទំនុកបម្រុង គ្រប់បែបយ៉ាង ដើម្បីអោយបម្រើការងាររបស់ខ្លួន ។

ស្ថាប័ន្ធទាំង២ ខាងលើ ដែលសហរដ្ឋអាមេរិក បានបង្កើតឡើង បានវាយប្រហារអាមេរិក ២លើកហើយ គឺលើកទី១ ត្រូវបានធ្វើឡើង ដោយអង្គការ ភេរវកម្មអាល់កៃដា ដោយបើកយន្តហោះបំបុក អគារភ្លោះពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅ ។
លើកទី២ គឺពួកឧទ្ទាមតាលីបង់ បានធ្វើសង្គ្រាមរយៈពេលជាង២០ឆ្នាំ ជាមួយសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត នៅប្រទេសអាហ្វហ្កានិស្ថាន រហូតដល់ឆ្នាំ២០២១នេះ ពួកឧទ្ទាមតាលីបង់ បានទទួលជ័យជម្នះក្នុងសង្គ្រាម ជាមួយសហរដ្ឋអាមេរិក រួមទាំងអង្គការណាតូ ។

សូមរំលឹកប្រវត្តិដើមបន្តិចថា ក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១០៨៩ សហរដ្ឋអាមេរិក បានគាំទ្រ និងបង្វឹកចលនាឧទ្ទាមមួយ នៅប្រទេសអាហ្វហ្កានិស្ថាន ដែលមានឈ្មោះថា មូចាហ៊ីឌីន (Mujahideen / Mujahidin) ។
Mujahideen មានចលនា ឧទ្ទាមកម្មអ៊ីស្លាម (Islamic guerrillas) ២ក្រុម គឺអង្គការភេរវកម្មអាល់កៃដា និងពួកឧទ្ទាមតាលីបង់ ដែលពីដំបូងគឺជាក្រុមតែ១ និងមានសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្កានិស្ថាន ដែលគាំទ្រអតីតសហភាពសូវៀត ក្នុងសង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដើម្បីដណ្តើមឥទ្ធិពលកងកម្លាំងយោធាក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្តាល ។

សហរដ្ឋអាមេរិក បានប្រើយុទ្ធសាស្ត្រប្រកួតប្រជែង ដណ្តើមឥទ្ធិពលពីអតីតសហភាពសូវៀត ក្នុងសង្គ្រាមត្រជាក់ ដោយទំនុកបម្រុងគ្រប់បែបយ៉ាង ដល់ចលនាឧទ្ទាម Mujahideen ទាំងថវិកា សម្ភារៈសឹក រួមទាំងការបង្វឹកផ្នែកចារកម្ម ដល់ក្រុមឧទ្ទាមនេះផងដែរ ។

សហរដ្ឋអាមេរិក បានគាំទ្រចលនាឧទ្ទាម Mujahideen រហូតដល់អតីតសហភាពសូវៀត បានដួលរលំកាលពីឆ្នាំ១៩៩០ ហើយសង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ក៏បានស្ងប់ស្ងាត់ដែរ ដោយសារសូវៀតបានដួលរលំ និង ចាញ់សង្គ្រាមអាមេរិក ។
ក្រោយពីចាញ់សង្គ្រាម ត្រជាក់អាមេរិក អតីតសហភាពសូវៀត បានដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសអាហ្វហ្កានិស្ថាន និងពីប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្តាល ប៉ុន្តែសហរដ្ឋអាមេរិក នៅតែបន្តគាំទ្រចលនាឧទ្ទាម Mujahideen ។

ក្រោយពីសហរដ្ឋអាមេរិក បានផ្តួលរំលំអតីតសហភាពសូវៀត បានជោគជ័យ ចលនាឧទ្ទាម Mujahideen បានបែកចេញជា២ផ្នែក គឺអង្គការ អាល់កៃដា (Al Qaeda) ពួកឧទ្ទាម តាលីបង់ (Taliban rebel) អាល់កៃដា ជាអង្គការមួយ ប៉ុន្តែមិនមែនអង្គការភេរវកម្មទេ ។

អង្គការ អាល់កៃដា ត្រូវបានដឹកនាំដោយ អូសាម៉ា ប៊ីឡាដិន (Osama Bin Laden) និងបានក្លាយជាអង្គការភេរវកម្ម ពិភពលោក ក្រោយពី អូសាម៉ា ប៊ិនឡាដិន បានរៀបចំគម្រោងវាយភេរវកម្ម នៅសហរដ្ឋអាមេរិក ដោយបើកយន្តហោះបំបុកអគារភ្លោះពាណិជ្ជកម្ម ពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅ ។

អូសាម៉ា ប៊ីឡាដិន ប្រមុខដឹកនាំកំពូលរបស់អង្គការ ភេរវកម្មពិភពលោក អាល់កៃដា គឺជាមនុស្សដែលសហរដ្ឋអាមេរិក បានបង្វឹកគ្រប់បែបយ៉ាង រួមទាំងបង្វឹកផ្នែកចារកម្មផងដែរ ប៉ុន្តែទីបំផុត អាមេរិកបានរងគ្រោះដោយសារដង្កូវចេញពីសាច់មួយនេះ ។
ចំណែកពួកឧទ្ទាម តាលីបង់ ដែលជាផ្នែកមួយ នៃចលនាឧទ្ទាម Mujahideen ដែលសហរដ្ឋអាមេរិកបានទំនុក បម្រុងដែរនោះ បានបង្កើនការ វាយប្រហារដណ្តើម យកអំណាចពីរដ្ឋាភិបាលអាហ្វហ្កានិស្ថាន និងបានគ្រប់គ្រងប្រទេសនេះ កាលពីឆ្នាំ១៩៩៦ ។

ពួកឧទ្ទាមតាលីបង់ បានគ្រប់គ្រងប្រទេស អាហ្វហ្កានិស្ថាន ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១ ដែលរដ្ឋាភិបាលនេះបានដួលរលំ ដោយសារអន្តរាគមន៍យោធា របស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលតាលីបង់ អាហ្វហ្កានិស្ថាន ក៏ក្លាយជាក្រុមឧទ្ទាមទ័ពព្រៃ និងធ្វើសង្គ្រាមជាមួយ សហរដ្ឋអាមេរិករហូតដល់ឆ្នាំ២០២១នេះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ ពួកឧទ្ទាមតាលីបង់ បានទទួលជ័យជម្នះក្នុង សង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន ក្នុងរយៈពេលដ៏ខ្លី និងកំពុងគ្រប់គ្រង យ៉ាងពេញលេញ នៅក្នុងប្រទេសនេះ គឺដោយសារកត្តាសំខាន់២ គឺការវាយតម្លៃខុស និងសង្គ្រាមសិស្សវ៉ៃគ្រូ ។

ការវាយតម្លៃខុសនោះគឺ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ទោះបីជា សហរដ្ឋអាមេរិក និងអង្គការណាតូ ដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្កានិស្ថាន ក៏ពួកឧទ្ទាមតាលីបង់ មិនអាចឈ្នះសង្គ្រាមដែរ ។
លោក ចូ បៃដិន បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ កងកម្លាំងយោធាសរុប របស់រដ្ឋាភិបាល អាហ្វហ្កានិស្ថាន មានប្រមាណជាង ៣០០ ០០០នាក់ និងត្រូវបានបំពាក់ដោយគ្រឿង សព្វាវុធទំនើប ដើម្បីធ្វើសង្គ្រាម ជាមួយពួកឧទ្ទាមតាលីបង់ ពេលអវត្តមាន កងទ័ពបរទេស ។

ចំណែកអ្នក ប្រយុទ្ធសរុប របស់ពួកឧទ្ទាមតាលីបង់ មានប្រមាណ តែជាង ៧៥០០០នាក់ គឺមិនអាចប្រយុទ្ធ យកជ័យជម្នះ លើកងកម្លាំងរដ្ឋាភិបាល អាហ្វហ្កានិស្ថានបានទេ ដែលនេះគឺជាការវាយតម្លៃខុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនាំអោយតាលីបង់ឈ្នះ ។

កត្តាទី២ ដោយសារពួកឧទ្ទាមតាលីបង់ គឺជាចលនាឧទ្ទាមប្រដាប់អាវុធ ដែលទទួលបានការបង្វឹក បង្វឺនទាំងផ្នែកយុទ្ធសាស្ត្រសង្គ្រាម និងទាំងផ្នែកចារកម្មពី សហរដ្ឋអាមេរិក ដែលជាភាពងាយស្រួល ក្នុងការវាយប្រហារយកឈ្នះ អាមេរិកវិញ ប្រហាក់ប្រហែលនឹងពាក្យថា ជាសង្គ្រាមសិស្សវ៉ៃគ្រូ គឺសិស្សតាលីបង់ វ៉ៃអាមេរិកជាគ្រូវិញ ឬជាសង្គ្រាមដង្កូវ ចេញពីសាច់ ៕
ដោយ ៖ អ៊ី ជិន

To Top