នយោបាយ

វិភាគ ៖ តើអាស៊ាន ដោះស្រាយវិបត្តិ នៅមីយ៉ានម៉ា យ៉ាងណា បើមិនឲ្យមីយ៉ានម៉ា ចូលរួមប្រជុំ ?

បច្ចុប្បន្នភាព

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន បានបើកជំនួបប្រជុំបន្ទាន់មួយ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅប្រទេសព្រុយណេ កាលពីថ្ងៃសុក្រ ទី១៥ ខែតុលានេះ ដើម្បីសម្រេចអំពីវត្តមាន របស់ប្រមុខដឹកនាំកំពូលរបបសឹក សហភាពមីយ៉ានម៉ា ក្នុងកិច្ចប្រជុំកំពូល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ នៅប្រទេសព្រុយណេ ដែលជាប្រធានប្តូរវេន របស់អាស៊ាន ។

ជំនួបបន្ទាន់ថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចមិនអញ្ជើញ ប្រមុខដឹកនាំកំពូលមកពីប្រទេស ជាសមាជិករបស់ខ្លួន គឺសហភាពមីយ៉ានម៉ា ឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមកិច្ចប្រជុំកំពូល នៅចុងខែតុលានេះនោះទេ ។

អាស៊ាន មានសមាជិក១០ប្រទេស គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី កម្ពុជា វៀតណាម ឡាវ ព្រុយណេ និង សហភាពមីយ៉ានម៉ា ហើយកិច្ចប្រជុំកំពូល លើកនេះ អាស៊ាន មិនអនុញ្ញាតអោយមេដឹកនាំកំពូល របស់សហភាពមីយ៉ានម៉ា ចូលរួមនោះទេ ។

អវត្តមាន របស់ឧត្តមសេនីយ៍ Min Aung Hlaing ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ បានចោទចេញជាសំនួរថា តើ អាស៊ាន នឹងដោះស្រាយ វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ាយ៉ាងណាទៅ បើមិនមានតំណាងមកពីមីយ៉ានម៉ាចូលរួមប្រជុំផងនោះ ?

ជាចម្លើយទៅនឹង សំនួរខាងលើនេះ លោក Erywan Yusof ប្រេសិតពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា បាននិយាយថា វត្តមាន និងអវត្តមានរបស់ឧត្តមសេនីយ៍ Min Aung Hlaing ប្រមុខដឹកនាំកំពូលសហភាពមីយ៉ានម៉ាក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកនេះ គឺមានតម្លៃស្មើរគ្នា ។

លោក Erywan Yusof បានបញ្ជាក់ថា មូលហេតុដែលអាស៊ាន មិនអញ្ជើញឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺដោយសារមេដឹកនាំកំពូលរួបនេះ គ្មានចេតនាពិតប្រាកដ ក្នុងការដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេសរបស់ខ្លួន ជាមួយអាស៊ាននោះទេ ។

លោក Erywan Yusof បាននិយាយបែបនេះ ដោយសំអាង ទៅលើហេតុផលថា ឧត្តមសេនីយ៍ Min Aung Hlaing បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង កុងសង់ស៊ីស ឬកិច្ចព្រមព្រៀងមូលមតិគ្នា ៥ចំណុចជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១នេះ ប៉ុន្តែមេដឹកនាំរបបសឹករបស់សហភាពមីយ៉ានម៉ារូបនេះ មិនបានសហការជាមួយអាស៊ានទេ ។

នេះជាចំណាត់ការ ដ៏កម្រ របស់អាស៊ានសម្រាប់ប្រទេស ជាសមាជិករបស់ខ្លួន ដែលមិនអញ្ជើញតំណាង មកពីប្រទេសជាសមាជិក អោយទៅ ចូលរួម ក្នុងកិច្ចប្រជុំកំពូល ដោយសារតែឧត្តមសេនីយ៍ Min Aung Hlaing បានពន្យារពេលវេលា ក្នុងបេសកកម្មការងារ របស់ប្រេសិតពិសេសអាស៊ាន ក្នុងការចូលទៅក្នុងប្រទេសនេះ ដើម្បីដោះស្រាយវិបត្តិនយោបាយ ។

បន្ទាប់ពីអាស៊ាន បានបង្កើតកិច្ចព្រមព្រៀង កុងសង់ស៊ីស ឬកិច្ចព្រមព្រៀងមូលមតិគ្នា៥ចំណុច ជាមួយមេដឹកនាំកំពូល របស់សហភាពមីយ៉ានម៉ា អាស៊ានបានខិតខំខ្នះខ្នែងស្វែងរកប្រេសិតពិសេស របស់ខ្លួនដើម្បីដោះស្រាយវិបត្តិ នយោបាយនៅមីយ៉ានម៉ា ។
ក្រោយពេល ដែលអាស៊ាន បានជ្រើសរើសប្រេសិតរបស់ខ្លួនបានហើយ ឧត្តមសេនីយ៍ Min Aung Hlaing បែរជាបន្យាពេល និងធ្វើព្រងើយកន្តើយ លើការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ី៥ចំណុច ដែលខ្លួនបានចុះហត្ថលេខា ជាមួយអាស៊ានរួចហើយ ។

លោក Erywan Yusof បានបញ្ជាក់ថា បើអញ្ជើញឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន លើកនេះ ក៏មិនអាច សម្រេចកិច្ចការ អ្វីបានដែរ ដោយសារតែកិច្ចព្រមព្រៀង ៥ចំណុច ដែលមានស្រាប់ ក៏មេដឹកនាំមីយ៉ានម៉ា រួបនេះ មិនបានអនុវត្តផង ។
ហើយបើមិនអញ្ជើញ ឧត្តមសេនីយ៍ Min Aung Hlaing អោយចូលរួមក្នុងកិច្ចប្រជុំកំពូលលើកនេះ វាមានប្រយោជន៍ច្រើនជាង ដោយសារតែនេះ ជាកាយវិការមួយ របស់អាស៊ាន ដែលបង្ហាញពីការមិនពេញចិត្ត ចំពោះទង្វើ របស់មេដឹកនាំ របបសឹកមីយ៉ានម៉ា ដែលមិនបានអនុវត្តនូវអ្វី ដែលខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយអាស៊ាន និងមិនបានអនុវត្ត ដោយព្យាយាមពន្យារពេល មិនអោយប្រេសិតពិសេសអាស៊ាន ចូលទៅក្នុងប្រទេសនេះ នឹងជួបពិភាក្សាជាមួយភាគីជម្លោះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំកំពូល របស់របបសឹកមីយ៉ានម៉ា ពន្យារពេលក្នុងការស្វែង រកដំណោះស្រាយ វិបត្តិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន គឺ ដោយសារហេតុផល២យ៉ាង ។

ហេតុផលទី១ មេដឹកនាំយោធា តែងតែអះអាងថា ការដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល មកកាន់កាប់ទាំងស្រុង គឺដោយសារកងកម្លាំង យោធាមានគោលដៅរក្សាឯកភាពជាតិ មិនអោយមានការផ្តាច់ទឹកដី ដែលអាចនឹងត្រូវធ្វើឡើង ដោយក្រុមជនជាតិភាគតិច ។

សហភាពមីយ៉ានម៉ា គឺជាប្រទេស ដែលមានជនជាតិភាគតិចច្រើន ហើយជនជាតិភាគតិច មួយចំនួន ដូចជា ការ៉ែន កាជីន និងរ៉ូហ៊ីងយ៉ាជាដើម តែងតែមានបំណងផ្តាច់ទឹកដី ដោយវាយប្រហារប្រដាប់ អាវុធប្រឆាំងកងកម្លាំងរដ្ឋាភិបាល ។

ដើម្បីមានឯកភាពជាតិ និង មិនមានការផ្តាច់ទឹកដី កងកម្លាំងយោធាត្រូវតែក្តាប់អំណាច ដែលយុទ្ធសាស្ត្របែបនេះ ត្រូវបានធ្វើឡើងនៅសហភាពមីយ៉ានម៉ា ចាប់តាំងពីឆ្នាំ១៩៨៨កន្លងទៅ ដែលប្រទេសស្ថិតក្នុងដៃ របស់របបសឹក ។

ហេតុផលទី២ ឧត្តមសេនីយ៍ មីន អ៊ុងលាំង ដែលជាមេទ័ពកំពូល នៅក្នុងប្រទេសនេះ ព្រួយបារម្ភ ពីការបាត់បង់ អំណាចទើបធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងយកអំណាចមកគ្រប់គ្រង ដោយខ្លួនឯង មុនពេលដែលខ្លួនត្រូវអស់អំណាច ។

ច្បាប់យោធា របស់សហភាព មីយ៉ានម៉ា បានចែងថា អគ្គមេបញ្ជាការ កងទ័ព ត្រូវចូលនិវត្តន៍នៅអាយុ ៦៥ឆ្នាំ ដោយផ្ទេរតំណែង របស់ខ្លួនអោយ ទៅអ្នកទទួលបន្ទុកបន្ទាប់ ហើយលោក មីន អ៊ុងលាំង មានអាយុ ៦៥ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២១នេះហើយ ។

ការជ្រើសមេទ័ពកំពូលថ្មី នឹងត្រូវធ្វើឡើង ដោយក្រុមប្រឹក្សាសន្តិសុខ ខាងយោធា និងប្រធានាធិបតី របស់ប្រទេសនេះ ដែលទាំង២ស្ថាប័ននេះ អាចនឹងជ្រើសរើសបុគ្គលផ្សេង ដែលមិនមែនជាមនុស្សស្និទ្ធ ជាមួយឧត្តមសេនីយ៍ មីន អ៊ុងលាំង ៕
ដោយ ៖ អ៊ី ជិន

To Top