ភ្នំពេញ៖ ថ្ងៃទី២៣ តុលា ១៩៩១-២០២១ គឺជាខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោកតា សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា សុខសន្តិភាពជាកត្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ សម្ដេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃ២៣ តុលា ឆ្នាំ២០២១ នេះ ជាខួប ៣០ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ» ។
សម្ដេចតេជោហ៊ុនសែនបានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុកថា«មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
សម្ដេចបញ្ជាក់ថា «ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»។
ដោយឡែក លោក កឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា «ជាទូទៅមនុស្សជំនាន់ផ្សេងគ្នា មាននិន្នាការផ្សេងគ្នា អាចឲ្យតម្លៃ ឬ មិនឲ្យតម្លៃទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា ដែលមានកម្រឹតជាអន្តរជាតិ ដោយមានការចូលរួម ពីអង្គការសហប្រជាជាតិ បណ្តាប្រទេសមហាអំណាច ប្រទេសក្នុងតំបន់ និងជាពិសេសដោយមានការចូលរួម យល់ព្រមគាំទ្រ ពីភាគីខ្មែរ គ្រប់និន្នាការ ផងដែរ»។
លោកថា ដូច្នេះកិច្ចព្រមព្រៀងនេះ មិនមែនសម្រាប់តែភាគីខ្មែរណាមួយទេ តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺដើម្បីខ្មែរ ដែលយើងជាខ្មែរត្រូវតែឲ្យតម្លៃ។
លោក កឹម សុខា យល់ថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែប្រទេសមួយនោះដែរ។ជាពិសេសកិច្ចព្រមព្រៀងនេះ អាចជួយធានាការពារនូវអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និង ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញយើងទៀតផង។
លោក បន្តថា ដូច្នេះខ្មែរយើងមិនគួរភ្លេចថា តើអ្វីខ្លះដែលយើងទទួលបានផលប្រយោជន៍ ពីស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ទោះបីយើងត្រូវតែខិតខំដោយខ្លួនឯងក៏ដោយ ក៏យើងគួរតែរួបរួមគ្នា ទាញយកផលប្រយោជន៍ ពីស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១នេះ ដើម្បីប្រជាជាតិខ្មែរបន្តទៀត។
ក្នុងករណីនេះ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានលើកឡើងថា គុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទាន់បាត់ពីខ្សែភ្នែក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ តាមរយៈការដាក់ឱ្យចរាចរ ក្រដាស់ប្រាក់ ៣មឺុនរៀលថ្មី។
លោក បញ្ជាក់ថា « រាជរដ្ឋាភិបាលបង្ហាញពីចេតនា នៃការលើកតម្លៃពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស តាមរយៈការបោះពុម្ភក្រដាស់ប្រាក់ ៣មឺុនរៀលថ្មី»។
ចំណែក លោក គិន ភា បានលើកឡើងថា ឱ្យតែជិតដល់ ខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្ថានការមិនសូវល្អ ពីនយោបាយក្នុងប្រទេសកម្ពុជា គឺតែងសង្កេតឃើញថា មានពហុមតិ ដែលបានលើកឡើង ជុំវិញបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយថែមទាំងមាន ការចូលពាក់ព័ ន្ធ ពីបរទេសមួយចំនួនផង ដោយបានលើកឡើងជាសំនួរ៣៖
១.តើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអនុវត្តន៍បានយ៉ាងពេញលេញ ឬយ៉ាងណា?
២.តើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅមានសពុលភាពដែរឬទេ?
៣.តើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានកោះប្រជុំ ឬសើរើឡើងវិញដែរឬទេ?។
លោក បន្តថា «វាល្មមដល់ពេល ដែលយើងត្រូវចេះ ធ្វើការក្នុងគ្រួសារខ្មែរ ល្មមឈប់ហៅបរទេស មកដឹកដៃទៀតហើយ យើងគួរតែមានយុទ្ធសាស្រ្តនិងទស្សនវិជ្ជាជាតិ សម្រាប់ដោះស្រាយបញ្ហាជាតិ ដោយខ្លួនឯង មិនគួរពឹងឥទ្ធិពលបរទេស ណាទៀតនោះទេ»។
លោកបន្តថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅតែមានតម្លៃជាស្មារតី ជាមរតកប្រវត្តិសាស្រ្តនយោបាយ ដ៏សំខាន់សម្រាប់កម្ពជា ក៏ប៉ុន្តែមិនអាចប្រើវា ជាបករណ៍អូសទាញ ឱ្យសហគមន៍អន្តរជាតិ ចូលពាក់ព័ន្ធ ដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជាឡើយ ៕