នយោបាយ

តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ២៧ឆ្នាំ មិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិ ធ្វើនយោបាយជាស្ថាពរ

ភ្នំពេញ ៖ ក្នុងការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ )។

ការសម្រេចផ្តន្ទាទោសនេះ គឺការឃុំខ្លួនលោកផ្ទះរយៈពេលជិត៣០ឆ្នាំនេះ គឺមិនចេញជួបអ្នកណា និងដកសិទ្ធិស៊ីវិល និងសិទ្ធិធ្វើនយោបាយជាស្ថាពរ។

លោក មុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លីថា “(លោក កឹម សុខា)ទោស ២៧ឆ្នាំ ឃុំក្នុងផ្ទះមិនឲ្យចេញទៅជួបអ្នកដទៃ ហើយដកសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយជាស្ថាពរ” ។

ក្នុងពេលលោក កឹម សុខាកំពុងត្រូវបានតុលាការកម្ពុជាអនុវត្តទោស ដោយឡើងតតាំងជាមួយតុលាការជាង៦០លើក លោកក៏បានជួបបណ្តាញអង្គទូតជាច្រើនប្រទេសជាបន្តបន្ទាប់ ។ អីចឹងចំណុចមិនឲ្យជួបអ្នកដទៃនេះ ជាការបិទផ្លូវលោកហើយ។

លោក កឹម សុខា ក្រោយមានការដោះលែង ចេញពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមការណ៍ដែលលោកបានជាប់នៅទីនោះប្រមាណជា១ឆ្នាំដោយសារពាក់ព័ន្ធអំពើក្បត់ជាតិ  គិតមកទល់ពេលនេះមានរយៈពេល៥ឆ្នាំ៦ខែ ហើយក៏បានតតាំងក្តីក្តាំក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការចោទប្រកាន់។សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់សេចក្តីសន្និដ្ឋានជាស្ថាពរលើសំណុំរឿងក្តី «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា កាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបានបើកសវនាការលើកទី៦៣ សម្រាប់ស្តាប់សេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការ និងសហមេធាវីការពារក្តីលោក កឹម សុខា ក៏ដូចជាមេធាវីដើមបណ្តឹងដែលតំណាងរាជរដ្ឋាភិបាល ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរាត្រីថ្ងៃទី២ ខែកញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងទឹកដីខណ្ឌទួលគោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បន្ទាប់មកត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

To Top