សុន្ទរកថារបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ
និងពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវជាតិលេខ71C
សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា ជាទីគោរព!
ឯកឧត្តម លោកជំទាវ មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី!
កាលពីថ្ងៃទី១៧ខែវិច្ឆិកា ខ្ញុំទើបតែចូលរួមជាមួយសម្ដេចតេជោក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងកូវីដដែលជាជំនួយរបស់ចិនជូនចំពោះកម្ពុជា។ ហើយថ្ងៃនេះ ខ្ញុំមានមហាកិត្តិយសម្តងទៀតដែលបានចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនិងពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវជាតិលេខ71C។ យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយនៅពេលឃើញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់
ឈរ។ ខ្ញុំសូមតំណាងឱ្យភាគីចិនចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន និងការចាប់ផ្តើមគម្រោងការដ្ឋានសាងសង់ផ្លូវជាតិលេខ71C!
ចិនតែងមានសុភាសិតមួយពោលថា ចង់ឆ្លងទន្លេត្រូវសង់ស្ពានជាមុន។ប្រទេសកម្ពុជាសម្បូរធនធានទឹក ទន្លេតូចធំខ្វាត់ខ្វែងជាបណ្ដាញ ហើយស្ពានមានតួនាទីយ៉ាងសំខាន់ដែលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេស។ ដូចនេះ ក្នុងនាមជាមិត្តពិតប្រាកដរបស់កម្ពុជា ភាគីចិនបានផ្តល់ជំនួយសាងសង់ស្ពានជាបន្តបន្ទាប់ជូនកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះមានស្ពាន ឆ្លងកាត់ទន្លេចំនួនសរុប៨។ ស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់បណ្ដាទីកន្លែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់បេះដូងនៃប្រជាជនទាំងពីរយ៉ាងស្អិតរមួត វាបានក្លាយជាស្ពានចំណងមិត្តភាកម្ពុជានិងចិនយ៉ាងពិតប្រាកដ។
ការសម្ពោធជាផ្លូវការនៃស្ពានស្ទឹងត្រង់-ក្រូចឆ្មារនិងគម្រោងសាងសង់ផ្លូវជាតិលេខ71C នឹងតភ្ជាប់បណ្ដាញផ្លូវដែលមានស្រាប់នៅតំបន់សងខាងនៃទន្លេមេគង្គ ជួយពង្រឹងសមត្ថភាពចរាចរណ៍ដឹកជញ្ជូននៅប្រទេសកម្ពុជា ពង្រឹងការប្រាស្រ័យទាក់ទងរវាងខេត្តត្បូងឃ្មុំនិងតំបន់កណ្ដាលនៃប្រទេស
កម្ពុជា ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍
វិស័យទេសចរណ៍។ ធនធានព្រៃឈើនិងកសិកម្មដ៏សម្បូរបែបដែលមាននៅក្នុងតំបន់នៃគម្រោងនឹងទទួលបានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។ ទាំងនេះមិនត្រឹមតែជាសមិទ្ធផលផ្លែផ្កាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជាប៉ុណ្ណោះទេ ក៏ជាការគាំទ្រវិធានការជាក់លាក់ជំរុញលើកកម្ពស់ស្ដារសេដ្ឋកិច្ចតាម“គន្លងថ្មី”ដែលលើកឡើងដោយសម្ដេចតេជោកាលពីថ្មីៗនេះ ហើយក៏ជាការបង្ហាញយ៉ាងជាក់ស្តែងមួយទៀតស្តីអំពីការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។
ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ ចិននិងកម្ពុជាតែងជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសសម្រាប់សហគមន៍អន្តរជាតិ។ ទន្ទឹងនឹងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺវីរុស ភាគីទាំងពីរក៏កំពុងតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងបរិបទកូវីដ១៩។ ចាប់តាំងពីដើមឆ្នាំនេះមក ភាគីទាំងពីរបានពុះពាររាល់លំបាកនៃជំងឺវីរុសកូវីដ បានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីយ៉ាងល្អប្រសើរ បង្កើតបានជាស្ថានភាពថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិសហគ្រាសក្រុមហ៊ុន។ ផ្លែស្វាយកម្ពុជាសម្រេចបានការនាំចេញលើកដំបូងទៅកាន់ប្រទេសចិន កសិផលដែលនាំចេញទៅកាន់ប្រទេសចិនមានដូចជាចេក អង្ករជាដើមមានកំណើនកើនឡើងជាលំដាប់។ គម្រោងជំនួយសាងសង់របស់ចិនមានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២ គម្រោងប្រព័ន្ធធារាសាស្ត្រវ៉ៃកូដំណាក់កាលទី២ជាដើមត្រូវបានបញ្ចប់ជាស្ថាពរ ។ គម្រោងវិនិយោគសំខាន់ដូចជារោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើមត្រូវបានដំណើរការសារជាថ្មីមុនគេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP)ដែលចិននិងកម្ពុជាបានចូលរួមរួមគ្នានឹងចុះជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ នឹងបញ្ចូលជាកម្លាំងជំរុញថ្មីដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំង
ពីរ។ ពាក្យបុរាណចិនមួយតែងលើកឡើងថា បងប្អូនចិត្តតែមួយ សូម្បីតែមាសក៏អាចបំបែកបាន។ ខ្ញុំជឿជាក់ថា ឱ្យតែចិននិងកម្ពុជាពួតដៃប្រកៀកស្មាគ្នា អាចពុះពាររាល់ការលំបាកជាមិនខាន។
ជាចុងក្រោយនេះ សូមជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿងប្រជាជនសុខក្សេមក្សាន្ត! សូមជូនពរមិត្តភាពចិន-កម្ពុជាឋិតថេរជាអមតៈ! សូមគោរពជូនពរសម្ដេចតេជោនិងមិត្តភក្តិទាំងអស់គ្នាមានសុខភាពល្អបរិបូណ៌ ទទួលជោគជ័យគ្រប់ភារកិច្ច!
សូមអរគុណ!