ភ្នំពេញ៖ លោកស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជ បានប្រកាសគាំទ្រជាឱឡារិក និងទាំងស្រុងចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់បន្តវេនដឹកនាំប្រទេស ទៅថ្ងៃអនាគត ស្របតាមការប្រកាសរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ។
លោក ស្វាយ ស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិល នៅមុននេះបន្តិចថា “ខ្ញុំយល់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលពិតជា មានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ ជាពិសេស ឯកឧត្តម បាននិងកំពុងធ្វើសកម្មភាព ជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗ ជាច្រើនទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិនិង ប្រជាជនកម្ពុជា”។
លោកបន្ថែមថា “តាមរយៈលក្ខណៈ សម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំពិតជាមានជំនឿ យ៉ាងមុតមាំថា «កូនខ្មែរម្នាក់ នេះពិតជាអាចធ្វើបានគ្រប់យ៉ាង» ដើម្បីជំរុញការការពារនិងអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ”៕