នយោបាយ

សុន្ទរកថា​ទាំងស្រុង របស់លោក Wang Wentian ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ ​ជាផ្លូវការ ផ្លូវជាតិលេខ ១១

សុន្ទរកថារបស់ឯកឧត្តម Wang Wentian

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១

(ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១)

សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ
កម្ពុជា
ជាទីគោរព!

ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ ជាទីមេត្រី!

ខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ដែលបានចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១។ ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងអំណរសាទរយ៉ាងកក់ក្តៅបំផុត និងសូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះក្រុមការងារបច្ចេកទេសជំនាញវិស្វកម្មទាំងពីរប្រទេសដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងសមិទ្ធផលនៃគម្រោងមួយនេះ។

កម្ពុជាមានសុភាសិតមួយតែងពោលថា“មានផ្លូវមានក្តីសង្ឃឹម” រីឯចិនក៏មានសុភាសិតមួយតែងពោលថា“ចង់មានត្រូវសង់ផ្លូវជាមុន”។ នេះបានបង្ហាញយ៉ាងច្បាស់អំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចរាចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសជាតិ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ទន្ទឹមនឹងជួសជុលកសាងផ្លូវថ្នល់ក្នុងប្រទេសខ្លួន ចិនក៏បានជួយកសាងផ្លូវថ្នល់និងផ្លូវដែកយ៉ាងសកម្មជូនដល់ប្រទេសជាមិត្តជាច្រើន។ ពិសេសប៉ុន្មានឆ្នាំមកនេះ ចិនបានជួយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវថ្នល់ចរាចរណ៍ជាដើមដោយតាមរយៈរួមគ្នាកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”។ កាលពីប៉ុន្មាថ្ងៃមុន ផ្លូវដែកចិន-ឡាវដែលជាគម្រោងសំខាន់នៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”បានបើកដំណើរការជាផ្លូវការ ផ្លូវដែកខាងលើនេះបានជួយកែប្រែប្រទេសឡាវពី“ប្រទេសដែលពិបាកដឹកជញ្ជូន(Landlocked Country)”មកជា“ប្រទេសដែលមានលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូន(Landlinked Country)”។ តាមព័ត៌មានមួយចំនួនបានឱ្យដឹងថា គម្រោងកសាងផ្លូវដែកចិន-ថៃក៏កំពុងតែជំរុញយ៉ាងរលូនផងដែរ។ យើងអាចសង្ឃឹមថា ទន្ទឹមនឹងការជំរុញកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”និងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ ការកសាងផ្លូវដែកដែលតភ្ជាប់រវាងចិននិងកម្ពុជាលែងជាក្តីសុបិនទៀតហើយ។

ក្នុងនាមជាមិត្តដែកថែបនិងជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុតរបស់កម្ពុជា បច្ចុប្បន្ននេះភាគីចិនបានជួយកសាងផ្លូវថ្នល់ជូនកម្ពុជាមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ពានមិត្តភាពចំនួន៨។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំទើបតែចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនិងពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវជាតិលេខ71C។ប៉ុន្មានខែទៀត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលវិនិយោគដោយសហគ្រាសចិននឹងរួចរាល់ដាក់ឱ្យប្រើប្រាស់ ហើយវានឹងក្លាយជាផ្លូវល្បឿនលឿនទីមួយក្នុងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលទើបតែបានបង្ហាញថា ការបញ្ចប់ការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ នឹងជួយកែលម្អបណ្ដាញផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពរាំងស្ទះនៃចរាចរណ៍ក្នុងតំបន់កណ្ដាលនៃប្រទេសកម្ពុជា មានអត្ថប្រយោជន៍ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍និងសេដ្ឋកិច្ចពាណិជ្ជកម្មតាមបណ្ដោយផ្លូវមួយនេះ ជួយបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរសម្រាប់ខេត្តព្រៃវែងនិងខេត្តត្បូងឃ្មុំក្នុងការដឹកជញ្ជូននិងពាណិជ្ជកម្មស្រូវអង្ករ ផ្លែឈើ និងជលផល។ ភាគីចិននឹងបន្តជួយកសាងផ្លូវថ្នល់និងស្ពានជូនដល់កម្ពុជា ជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម កែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

អង្គរពិធីទាំងមូលជាទីមេត្រី! ឆ្លៀតក្នុងឱកាសនេះ ខ្ញុំមានដំណឹងល្អចំនួនពីរសុំចែករំលែកជូនអ្នកទាំងអស់គ្នា។ ទី១ ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សានិងវិភាគហានិភ័យលើផ្លែមៀននិងត្រីប្រាកម្ពុជាដោយតាមរយៈវីដេអូចម្ងាយ គឺជាវិធានការសំខាន់មួយដើម្បីអនុវត្តកុងសុងស៊ីសក្នុងកិច្ចប្រជុំតាមរយៈវីឌីអូរវាងឯកឧត្ដមនាយករដ្ឋមន្រ្តី Li Keqiang និងសម្ដេចតេជោ។ ប្រសិនជារលូន ផ្លែមៀនកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញនឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទី២គឺ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកឡើងរបស់សម្ដេចតេជោស្តីអំពីគម្រោងបង្កើតរោងចក្រវ៉ាក់សាំង ក្រុមហ៊ុនស៊ីណូហ្វាមចិនកំពុងតែទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា។ ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងកូវីដដែលផលិតក្នុងស្រុកខ្មែរបាន។

ខ្ញុំជឿជាក់ថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និង កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ(RCEP)ដែលមានការចូលរួមពីភាគីចិននិងកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងបញ្ចេញថាមពលកាន់តែខ្លាំងក្លា។ ចូរយើងពួតដៃគ្នាបោះជំហានទៅមុខ ដើម្បីបង្កើតសមិទ្ធផលថ្មីៗសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជានាពេលខាងមុខ!

ជាចុងក្រោយ ខ្ញុំសូមជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿងប្រជាជនសុខក្សេមក្សាន្ត! សូមជូនពរចំណងមិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ! សូមគោរពជូនពរសម្ដេចតេជោនិងមិត្តភក្តិទាំងអស់គ្នាមានសុខភាពល្អបរិបូរណ៌ ទទួលជោគជ័យគ្រប់ភារកិច្ច!

សូមអរគុណ!

To Top