នយោបាយ

ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានថ្វាយព្រះភ្លើងនៅព្រឹកនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច ត្រូវបានថ្វាយព្រះភ្លើង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅទីព្រះមេរុ មុខវត្តបូទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងពិធីថ្វាយព្រះភ្លើង សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏មានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ឥស្សរជននយោបាយជាច្រើនរូបទៀត។

ថ្ងៃនេះ ក៏ជាជាថ្ងៃ ដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់យកជាថ្ងៃកាន់ព្រះមរណទុក្ខ ព្រះអង្គ នៅទូទាំងប្រទេស ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែលព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។ ពិធីកាន់ព្រះមរណទុក្ខនេះ រាជរដ្ឋាភិបាល បានកំណត់ឲ្យបង្ហូតទង់ជាតិត្រឹមកណ្តាលដង នៅតាមស្ថាប័នរដ្ឋ និងឯកជន។ ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ក៏ត្រូវផ្អាកសកម្មភាព ផងដែរ។

សូមជម្រាបជូនថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត កាលពីថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅសាធារណរដ្ឋបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដង្ហែមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ តាមជើងហោះហើរពិសេស ពីសាធារណរដ្ឋបារាំង។ បន្ទាប់មកទៀត ព្រះសព ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top