“不要人夸颜色好,只留清气满乾坤” ឃ្លាបុរាណនេះមានប្រភពមកពី ស្នាដៃកំណាព្យរបស់លោក Wang Mian កវីនៅរាជវង្ស Yuan របស់ប្រទេសចិន ។ ឃ្លានេះមានន័យថា ផ្កាអង្គាសីល មិនដែលបង្អួតពីពណ៌ឆើតរបស់វា ដើម្បីទទួលការកោតសរសើរទេ គឺគ្រាន់តែចង់ចោលក្លិនក្រអូប របស់វានៅលើផែនដីតែប៉ុណ្ណោះ ។
ឃ្លាបុរាណមួយនេះ ក៏ពាក់ព័ន្ធនឹងការ«លត់ដំចរិត»។ ក្នុងវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះការលត់ដំចរិតខ្លួនឯង ។ ការលត់ដំចរិតខ្លួនឯងក៏មានសារៈសំខាន់ ជាពិសេសក្នុងជីវភាពសង្គម និងការអភិវឌ្ឍសង្គម នាពេលបច្ចុប្បន្ននេះផងដែរ ។
ជាបន្តទៅនេះ យើងមកស្វែងយល់អំពី កម្មករសាមញ្ញមួយរូប ។ លោក Li Wanjun គឺជាជាងផ្សារនៃក្រុមហ៊ុន CRRC Changchun Rail Bus ។ លោក Li Wanjun ជាជាងផ្សារBogieរបស់ផ្លូវដែកល្បឿនលឿន ។ Bogie ប្រៀបបាននឹងជើងទាំងពីរនៃផ្លូវដែក ល្បឿនលឿនដែលពាក់ព័ន្ធនឹងល្បឿន និងសុវត្ថិភាពនៃផ្លូវដែកល្បឿនលឿន ។ នៅក្នុងការបើកបរដោយល្បឿនលឿន ទោះបីជាកម្ទេចអាចម៍ដែកតូចមួយ ក៏នឹងអាចនាំមកនូវគ្រោះថ្នាក់កំបាំង ដល់សុវត្ថិភាពនៃផ្លូវដែក ល្បឿនលឿនទាំងមូលដែរ ។
រយៈពេលជាង ៣០ ឆ្នាំមក លោក Li Wanjun ធ្វើឱ្យផលិតផលក្លាយជាស្នាដៃសិល្បៈ គាត់ត្រូវបានគេប្រសិទ្ធនាមថាជា ”អ្នកជំនាញផ្សារផ្លូវដែកល្បឿនលឿន” ។ បច្ចេកទេសផ្សារដោយដៃរបស់លោក តំណាងឱ្យកម្រិតខ្ពស់បំផុតនៃ Bogie របស់ផ្លូវដែកល្បឿនលឿន នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។ លោកបានប្រើប្រដាប់ផ្សារដែកជាមួយនិងបច្ចេកទេសផ្សារដែក ដ៏ឆ្នើមនិងអាកប្បកិរិយា ការងារដ៏ម៉ត់ចត់ បង្ហាញពីអាកប្បកិរិយាម៉ឺងម៉ាត់ របស់ជាងផ្សារនៃប្រទេសចិន ។
លោក Li Wanjun ធ្លាប់និយាយពាក្យដ៏ល្បីល្បាញមួយឃ្លាថា ធ្វើបច្ចេកទេសឱ្យបានល្អបំផុត ចាត់ទុករាល់ផលិតផលទាំងអស់ ជាស្នាដៃសិប្បកម្មនិងស្នាដៃសិល្បៈ ។ នេះជាស្មារតីសិប្បករមួយប្រភេទ ដែលបង្កប់នូវការលត់ដំចរិតខ្លួនឯង យ៉ាងតឹងរ៉ឹងក្នុងតួនាទីការងារធម្មតា ។
នៅចុងបញ្ចប់នៃកម្មវិធីថ្ងៃនេះ សូមរំលឹកឡើងវិញពីឃ្លា“不要人夸颜色好,只留清气满乾坤”។ ឃ្លាបុរាណនេះរំលឹកយើងថា យើងត្រូវធ្វើតឹងរ៉ឹងចំពោះខ្លួនឯងគ្រប់ពេលវេលា ព្រមទាំងពង្រឹងឧត្តមគតិ និងជំនឿរបស់ខ្លួន ៕