កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាពនិងសន្តិភាព នេះជាគំនិតឯកភាពរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជាគោលបំណងដើមនៃការបង្កើតការប្រកួតកីឡាគ្រប់ប្រភេទផងដែរ ។
ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងហើយថា កម្មវត្ថុនៃការបង្កើតការប្រកួតកីឡា អូឡាំពិកគឺ «សន្តិភាព មិត្តភាព វឌ្ឍនភាព» ដូច្នេះហើយបានជាអាចទទួល បានការគាំទ្រយ៉ាងពេញទំហឹង និងការចូលរួមយ៉ាងសកម្ម ពីបណ្តាប្រទេសលើសកលលោក ។ តែអ្វីដែលគួរឱ្យសោកស្តាយគឺថា មួយរយៈកាលកន្លងទៅនេះ អ្នកនយោបាយមួយចំនួន នៃបស្ចិមប្រទេស បែរជាបានលាបពណ៌លើ «ភាពបរិសុទ្ធ» នៃកីឡាជាបន្តបន្ទាប់ ដោយយកកីឡា ធ្វើជាឧបករណ៍កំដរឆាកល្ខោននយោបាយ របស់ខ្លួន ដោយមិនខ្វល់ពីគុណតម្លៃ រួមរបស់មនុស្សជាតិ និងការប្រឆាំងរបស់សហគមន៍ អន្តរជាតិនោះឡើយ ។
ជាការពិតណាស់ កីឡាអូឡាំពិក ជាវេទិកាប្រកួតប្រជែង លំដាប់អន្តរជាតិសម្រាប់អត្តពលិក នៃបណ្តាប្រទេសនានា សម្រេចក្តីសុបិនរបស់ខ្លួន ។ សុភាសិតចិនមួយឃ្លា បានពោលថា ៖ «លើឆាក១០នាទី ក្រោមឆាក១០ឆ្នាំ» គឺមានន័យថា ដើម្បីបានឡើងសម្តែងលើឆាក សិល្បករត្រូវលត់ដំហ្វឹកហាត់ខ្លួន យ៉ាងលំបាកលំបិន និងចំណាយពេលយ៉ាងយូរ ។ យ៉ាងណាមិញ អត្តពលិក នៃបណ្តាប្រទេស ដែលបានខិតខំហ្វឹកហាត់ ទាំងថ្ងៃទាំងយប់ និងចំណាយពេលយូរខែយូរឆ្នាំ គឺក្នុងគោលបំណង បង្ហាញពីសមត្ថភាព របស់ខ្លួន ដើម្បីប្រកួតប្រជែង ដោយយុត្តិធម៌ជាមួយអត្តពលិក នៃប្រទេសនានា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា លំដាប់ពិភពលោក នេះជាក្តីសុបិនរបស់ពួកគេ ហើយក៏ជាកម្លាំងចលករ សម្រាប់ជំរុញឱ្យពួកគេស៊ូទ្រាំអត់ធ្មត់ ក្នុងការហ្វឹកហាត់ ដ៏លំបាកនិងហត់នឿយផងដែរ ។
កន្លងមក ការធ្វើនយោបាយធូបនីយកម្ម បានក្លាយជាឧបករណ៍ សម្រាប់អ្នកនយោបាយមួយចំនួនតូច របស់បស្ចិមប្រទេស ប្រើសម្រាប់ជាលេសជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ឬឃោសនាបំប៉ោង ដើម្បីទម្លាក់កំហុស ដល់អ្នកដទៃមកបិទបាំង ពីភាពអសមត្ថភាព ភាពមិនទទួលខុសត្រូវ ឬបទឧក្រិដ្ឋរបស់ខ្លួន អមជាមួយការដាក់ទណ្ឌកម្ម អ្នកនេះអ្នកនោះដោយគ្មានហេតុផល ដូចជាបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជំងឺកូវីដ-១៩ជាដើម ដែលជារឿយៗពួកគេ តែងបានប្រើនូវអ្វីដែលជា «ស្តង់ដា» របស់ខ្លួនទៅដាក់កំហិត និងគាបសង្កត់លើអ្នកដទៃ ។
យ៉ាងណាមិញ ការធ្វើពហិការការទូត ចំពោះការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង គ្រាន់តែជាឆាកល្ខោននយោបាយ ដែលសម្តែងដោយតួត្លុកមួយ ក្តាប់តូច តែប៉ុណ្ណោះ វាមិនអាចបំពុលបរិយាកាស ប្រកបដោយសន្តិភាព មិត្តភាពនិងសាមគ្គីភាព របស់មហាគ្រួសារអូឡាំពិកនោះឡើយ ពោលគឺបានត្រឹមតែត្រូវ អ្នកផងសើចចំអក និងទុកជារឿងកំប្លែងមួយតែប៉ុណ្ណោះ ព្រោះថាប្រទេសចិន មានសមត្ថភាពពេញលេញ ក្នុងការរៀបចំការប្រកួតកីឡា អូឡាំពិក រដូវរងាដ៏អស្ចារ្យមួយលើក នេះជារឿងដែលសហគមន៍ អន្តរជាតិ ទទួលស្គាល់ជាទូទៅ ។
អ្វីដែលគួររំលឹកគឺថា ស្ថិតក្រោមដំបូលសន្តិភាព ថ្នាក់ដឹកនាំនៃប្រទេសចិននិងកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍវិស័យកីឡា ពិសេសគឺកីឡាមហាជន ពោលគឺជានិច្ចកាលតែងតែ បានជំរុញនិងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចូលរួម លេងកីឡានិងហាត់ប្រាណ ទាំងអស់គ្នា ដើម្បីពង្រឹងសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត និងនាំមកនូវចំណងសាមគ្គីភាព និងភាតរភាព ។
ជាការកត់សម្គាល់ បន្ទាប់ពីព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ ប្រទេសកម្ពុជាដែលជាមិត្តដែកថែប របស់ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួត SEA Game & Asean PARA Game ក្នុងឆ្នាំ ២០២៣ ។
ចំណែកឯពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាទីតាំងសំខាន់ សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតនេះ ក៏បានលេចចេញជារូបរាង ដ៏ខ្ពស់សន្លឹមឈរជង្គ្រឹងបង្អួត សម្រស់ដ៏ល្អផូរផង់ ក្នុងរចនាបថប្រពៃណីខ្មែរ និងទំនើបទាន់សម័យ ប្រណមដៃរង់ចាំស្វាគមន៍ អត្តពលិកជាតិសាសន៍ ចម្រុះនិងភ្ញៀវកិត្តិយស គ្រប់មជ្ឈដ្ឋាន ។
ការថែរក្សាការពារ ភាពបរិសុទ្ធ នៃកីឡាដើម្បីកុំឱ្យត្រូវប្រឡាក់ប្រឡូក ដោយភាពស្មោកគ្រោក នៃឆាកល្ខោននយោបាយ ជាកាតព្វកិច្ចរួមរបស់យើង ទាំងអស់គ្នា ។ ជាពិសេសគឺក្នុងបរិបទ ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ប្រកួតកីឡា អន្តរជាតិ គឺហាក់បីដូចជាគ្រឿងផ្សំ សម្រាប់បន្ថែមរសជាតិ ជីវិតរបស់យើងគ្រប់គ្នា ។ យ៉ាងណាមិញ ជាការឆ្លើយតបនឹង ការទន្ទឹងរង់ចាំរបស់ប្រជាជន លើសកលលោក ជាពិសេសគឺអត្តពលិក នៃជាតិសាសន៍នានា ប្រទេសចិននិងកម្ពុជា អាចប្រកាសយ៉ាងឱឡារិក និងពោរពេញ ដោយមោទនភាពថា៖ អូឡាំពិករដូវរងាឆ្នាំ២០២២ , ក្រុងប៉េកាំងបានត្រៀមរួចហើយ ! ស៊ីហ្គេមឆ្នាំ២០២៣ , ក្រុងភ្នំពេញបានត្រៀមរួចហើយ !
អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន