កីឡា

កីឡាអូឡាំពិក រដូវរងា២០២២ រួមចំណែកកសាង សហគមន៍ ជោគវាសនារួម

ដូចដែលឆ្នាំថ្មី កំពុងឈានចូលមកដល់ អ្វីៗគ្រប់យ៉ាង បានប្រែក្លាយរូបរាងថ្មី ហើយវាក៏ផ្តល់ឲ្យពិភពលោក នូវក្តីសោមនស្សរីករាយ យ៉ាងខ្លាំង ក្នុងការជជែក និងរួមគ្នា កសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ដែលជាតម្រូវការ របស់មនុស្សជាតិនាពេលនេះ ។ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ឆ្នាំ២០២២ នឹងឈានមកដល់ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជាតិចិន នៅទូទាំងពិភពលោកសាទរ នឹងអំណរឆ្នាំថ្មី ឆ្នាំខាល ដែលនឹងមកដល់ផងដែរ ហើយវាក៏ជាការចាប់ផ្តើម នៃពិធីដ៏មហោឡារិក ដែលប្រទេសចិន ទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាអូឡាំពិករដូវ រងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២) ។

ពិតណាស់ដែលថា ការរៀបចំកម្មវិធី ដ៏មហាមានន័យ ជាប្រវត្តិសាស្រ្ត សម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូល កំពុងប្រឈម មុខនឹងវិបត្តិ នៃការរីករាតត្បាត ជាសកលជំងឺ Covid-19 ប្រទេសចិន កំពុងស្ថិត នៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាព សន្តិសុខ ទាំង សុវត្ថិភាពសុខាភិបាល សាធារណៈសម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកា កីឡាអន្តរជាតិនេះ ។

កំណាព្យចិនបុរាណមួយពោលថា «ត្រសក់ផ្អែមមានធាងល្វីង ពុទ្រាឆ្ងាញ់ដុះលើបន្លា» សម្រាប់រូបខ្ញុំដែលជាអ្នកសិក្សា ផ្នែកទស្សនវិជ្ជា យល់ថា ជាការពិត ការរឹតត្បិត និងការរឹតបន្ថឹងផ្នែក សន្តិសុខ និងការត្រួតពិនិត្យសុខភាព ឬការអនុវត្ត តាមក្បួនវិទ្យាសាស្រ្ត សុខាភិបាល ដែលប្រទេសចិន បាននិងកំពុងអនុវត្ត គឺជាការឆ្លើយតបបាន ទៅនឹងការធានា បាននូវសុវត្ថិភាព១០០% ដើម្បីឱ្យដំណើរការ នៃការរៀបចំកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ បានទទួលជោគជ័យ និងជាការធានាបាននូវការ រួមចំណែកកសាងជោគ វាសនា រួមរបស់ មនុស្សជាតិ ។

បើយើងងាកត្រឡប់ មកមើលឆ្នាំ២០២១ យើងច្បាស់ ជាគ្មានអ្វីសង្ស័យ ទៀតទេថា ប្រទេសចិន គឺជាទីកន្លែងសុវត្ថិភាព ក្នុងការធានាបាននូវការទប់ស្កាត់ ការរីករាលដាល នៃ ជំងឺCovid-19 ដែលនេះ ជាសក្ខីភាពបញ្ជាក់ កាន់តែច្បាស់ ប្រកបដោយ និយាមវិទ្យាសាស្រ្ត វេជ្ជសាស្រ្តពីវិធានការនានា ដែលបាន ដាក់ចេញដោយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការធានាបាន នូវសុវត្ថិភាព កាន់តែប្រសើរលើការ ទប់ស្កាត់Covid-19ក្នុងពេល ដែលប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំពិធីកីឡា អូឡាំពិករដូវ រងាឆ្នាំ២០២២។ យើងពិតជា មិនអាចរក បានទីតាំងណាដែលមានសុវត្ថិភាពល្អ ប្រសើរបំផុត ដូចទៅនឹងរដ្ឋធានីប៉េកាំង ដែលជាទីតាំងទទួលរៀបចំកីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ នេះទៀតបានឡើយ ។

គុណតម្លៃទាំងបីនៃកីឡាអូឡាំពិក គឺឧត្តមភាព មិត្តភាព និង ការគោរព ដែលនេះជាមូលដ្ឋានគ្រឹះ របស់ចលនាអូឡាំពិក ក្នុងការបង្កើតសកម្មភាពរបស់ខ្លួន ដើម្បីលើក កម្ពស់ វិស័យកីឡា វប្បធម៌ និងការអប់រំ និងក្នុងគោលបំណង កសាងពិភពលោកឱ្យ កាន់តែប្រសើរឡើង ។ គុណតម្លៃទាំងបីនេះ ត្រូវបាន ប្រទេសចិន គោរពនិង អនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃ រួមរបស់មនុស្សជាតិ ដែលជាពិសេស កីឡាអូឡាំពិក រដូវរងា២០២២នេះ គឺជាតឹកតាង បញ្ជាក់កាន់ តែប្រត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការ កសាងសហគមន៍ រួមជោគវាសនាមនុស្សជាតិ ។ ក្នុងន័យនេះ កីឡាមិនត្រូវបម្រើដល់មហិច្ឆិតារបស់ នយោបាយ ឬអ្នកនយោបាយនោះឡើយ ហើយបណ្តាប្រទេស ទាំងអស់ត្រូវចូលរួមគោរព តាមគុណតម្លៃរបស់កីឡាអូឡាំពិក ដូចទៅនឹងអ្វីដែលប្រទេសចិន កំពុងបាននិងកំពុងអនុវត្ត ។

ឆ្លងកាត់ពន្លឺនៃសន្តិភាពពីមួយជំនាន់ទៅមួយជំនាន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការ រីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលប្រជាជន គ្រប់ប្រទេស ទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសក្នុងជំនាន់របស់យើង ទាំងអស់គ្នា គួរតែរែកពុន ។ កីឡា អូឡាំពិក រដូវរងាឆ្នាំ២០២២ នៅប្រទេសចិនគឺ ជាមូលដ្ឋាន នៃការគាំទ្របន្ថែមទៀត របស់ចិននិងបណ្តាប្រទេសទាំងអស់ នៅលើពិភពលោក ដល់ការកសាង សហគមន៍ ជោគវាសនារួម នៃមនុស្សជាតិមួយ និងសម្រេចឲ្យបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ- ឈ្នះ ។

ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហគំនិតពហុភាគីនិយម និងការគោរពគុណ តម្លៃអូឡាំពិក បានធ្វើឲ្យរដ្ឋធានីប៉េកាំងនឹងក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាព សម្រាប់មនុស្សជាតិ។ យើងគួរតែជំរុញលើកកម្ពស់ ស្មារតីកីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ ដោយទាំងអស់គ្នាសម្រាប់ កីឡាអូឡាំពិក ឬកីឡាអូឡាំពិក សម្រាប់ទាំងអស់គ្នា។

ពិភពលោករួមជាមួយប្រទេសចិន កំពុង សាទរពិធីចូលឆ្នាំប្រពៃណី ជនជាតិចិនឆ្នាំខាល ហើយបើ តាម វប្បធម៌ចិន សត្វខ្លាគឺជានិមិត្តរូប ដែលនឹងនាំមកនូវ ការស្ញប់ស្ញែង ភាពក្លាហាន និងភាពសុខដុមរមនា ។ ខ្លាពោរពេញដោយឋាមភាព ឧត្តមភាព ឫស្សរភាព និងឫទ្ធានុភាព ដែលបានបង្កប់នូវស្មារតី និងមហិច្ឆិតា នៃការជំរុញឱ្យសម្រេច បានជោគជ័យ និងវឌ្ឍនភាព។ ជាមួយនឹងអត្ថន័យនេះ យើងសូមជូនពរដល់កីឡាករ អ្នកការទូត និងមនុស្សជាតិ ទាំងអស់ទទួលបានពរ ជ័យដ៏ល្អប្រសើរ និងភាពសប្បាយ រីករាយបំផុត នៅក្នុងកំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឆ្នាំខាល ឆ្នាំ២០២២ ដែលប្រទេសចិនគឺ ជាម្ចាស់ផ្ទះនៃការរៀបចំកីឡា អូឡាំពិក រដូវរងា ហើយជាទីប្រកប ដោយសុវត្ថិភាពខ្ពស់បំផុត នៃការទប់ស្កាត់បានទាំងស្រុង នូវការឆ្លងជំងឺCovid-19ក្នុងចំណោមទីកន្លែងទាំងអស់នៅលើ ពិភពលោក ៕

បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top