នយោបាយ

បទវិភាគ ៖ គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងចិន និងប្រទេសអាមេរិកឡាទីន ដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំ

“ចាប់តាំងពីរថភ្លើងចិន ត្រូវបានដាក់ឱ្យប្រើប្រាស់កន្លងមក ដើមទុនដឹកជញ្ជូន តាមខ្សែ Saint Martin ត្រូវបានកាត់បន្ថយ៤០ភាគរយ អតិថិជន ដែលធ្លាប់ បាត់បង់ ទាំងនោះបានជ្រើសរើសការ ដឹកជញ្ជូន តាមផ្លូវដែកជាថ្មី ឡើងវិញ ។” អ្នកបើកបរឡាន ដឹកទំនិញម្នាក់ របស់អាហ្សង់ទីន បានថ្លែង ដូចពោលខាងលើនេះ ។ ក្រោមការជំរុញ នៃគំនិតផ្តួចផ្តើមស្តីពី “ខ្សែ ក្រវាត់និងផ្លូវ” ចិននិងអាហ្សង់ទីន បានធ្វើកិច្ចសហប្រតិបត្តិការ ខាងការកសាង ហេដ្ឋារចនា សម្ព័ន្ធ ដូច្នេះ នាំឱ្យផលិតផលនៃតំបន់ ផលិតស្បៀង របស់អាហ្សង់ទីន ដែលត្រូវគេប្រៀបប្រដូចជា “ឃ្លាំងស្បៀងពិភពលោក” អាចជ្រើសរើសការដឹកជញ្ជូន តាមផ្លូវដែក ដែលមានដើមទុនទាប ដើម្បីដើរតួនាទី នៃឧត្តមភាពខាងតម្លៃឡើងវិញ ក្នុងការប្រកួតប្រជែងអន្តរជាតិ ។

ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេល លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន មកបំពេញទស្សនកិច្ចនៅប្រទេសចិន អាហ្សង់ទីននិងចិន បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា អំពីការរួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ” និងបានក្លាយជាសមាជិក ក្នុងមហាគ្រួសារនៃ “ខ្សែក្រវាត់ និងផ្លូវ”ជាផ្លូវការ ។ ឥស្សរជនបានធ្វើការវិភាគថា ការចូលរួមគំនិតផ្តួចផ្តើមនេះ ជាផ្លូវការនឹងជំរុញ ឱ្យអាហ្សង់ទីន ជីកកកាយសក្តានុពល ក្នុងការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ ឥតឈប់ឈរ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ក្នុងវិស័យថ្មីដូចជា ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល រហូតដល់កិច្ចសហប្រតិបត្តិការ នៅប៉ូលខាងត្បូងជាដើម ។

មិនត្រឹមតែប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ បណ្តាប្រទេសអាមេរិកឡាទីន បានសម្តែងការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ជាប់រហូតមក ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសអាមេរិកឡាទីន ចំនួន២០ដែលបូករួមទាំងអាហ្សង់ទីន ឈីលីនិងប៉េរូជាដើម បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា អំពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” រួចហើយ ។

ពីកំពង់ផែ Paranagua របស់ប្រេស៊ីលទទួលបាន ឱកាស អភិវឌ្ឍន៍ជាថ្មីឡើងវិញ ដល់អាហារឆ្ងាញ់ របស់កូឡុំប៊ីក្លាយជាចំណុចក្តៅ ក្នុងពិព័រណ៍ នាំចូលចិន អន្តរជាតិ លើកទីបួន រហូតដល់វ៉ាក់សាំង របស់ចិនត្រូវគេប្រៀបធៀបថា ជា “ភ្លៀងទាន់ពេលវេលា” ក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩របស់ប្រទេស អាមេរិកឡាទីន កិច្ចសហប្រតិបត្តិការរវាង ចិន និងអាមេរិកឡាទីន ដែលមានភាពកាន់តែជិតស្និទ្ធថែមទៀត មិនត្រឹមតែបានលើកកម្ពស់ កម្រិតហេដ្ឋារចនាសម្ព័ន្ធ របស់អាមេរិកឡាទីនប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើត ជាឱកាសការងារក្នុងតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ការធានាដល់ការ អភិវឌ្ឍផងដែរ ។ តាមទិន្នន័យដែលរដ្ឋបាល ជាតិគយចិន បានប្រកាសឱ្យដឹងថា ទំហំសរុបនៃការ នាំចេញនាំចូលរវាងចិន និងប្រទេសអាមេរិកឡាទីន នៅ ឆ្នាំ២០២១ប្រហែលជា៤សែន៥ម៉ឺន១ពាន់៥៩១លានដុល្លារអាមេរិក ដែលកើនឡើង៤១.១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ។

ក្នុងរយៈពេលជាង៨ឆ្នាំកន្លងមក ប្រទេសចិន បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាង២០០ច្បាប់ ជាមួយនឹងប្រទេសចំនួនជិត១៥០និងអង្គការអន្តរជាតិ ចំនួន៣២ ព្រមទាំងបានបង្កើតយន្តការ សហប្រតិបត្តិការទ្វេភាគីជាង៩០ ។ ហេតុអ្វីបានជា “ក្រុមមិត្តភក្តិ”នៃគំនិតផ្តួចផ្តើមនេះ កាន់តែច្រើនឡើងៗ? ពីព្រោះ វាសម្របទៅតាមតម្រូវការ នៃការអភិវឌ្ឍរួមរបស់ប្រទេសនានា លើពិភពលោកដែលបូករួមទាំង ប្រទេស អាមេរិកឡាទីន សម្របទៅតាមគោលបំណង យ៉ាងខ្លាំងរបស់ប្រជាជន នៃប្រទេសនានា ដែលចង់មានជីវភាពរស់នៅ កាន់ តែល្អប្រសើរ ដូច្នេះ បានក្លាយជាផលិត ផលសាធារណៈ ដែលទទួលប្រជាប្រិយភាពបំផុត លើទូទាំងពិភពលោក ។

អាចប៉ាន់ប្រមាណថា ក្រោមក្របខ័ណ្ឌ នៃ“ខ្សែក្រវាត់និងផ្លូវ” ទន្ទឹមនឹងការត្រួសត្រាយ ឥតឈប់ឈរ នៃកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្សង់ទីន នៅពេលអនាគត ពេលជនជាតិអាហ្សង់ទីនម្នាក់ ជួបនឹងជនជាតិចិនម្នាក់ នោះ ក្រៅពីលោក Lionel Messi ដែលជាតារាបាល់ទាត់ដ៏ល្បីឈ្មោះ ពួកគេក៏អាចសន្ទនាគ្នា អំពីខ្លឹមសារកាន់តែច្រើនឡើងៗ ។

To Top