“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំ ដោយផ្ទាល់របស់លោក សម រង្ស៊ី ។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះ ក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់ គណបក្សនយោបាយ បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញា សម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល ៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះ នឹងប្រឈមមុខច្បាប់។
បន្ទាប់ពីផ្លាស់ប្ដូរឈ្មោះ គណបក្សភ្លើងទៀនដែល បច្ចុប្បន្នមានលោកទាវ វណ្ណុលជាប្រធាន បានបន្ដសកម្មភាពនយោបាយជាប្រក្រតី ហើយក៏ទើបបានចូលរួមការបោះឆ្នោតឃុំ/សង្កាត់ កាលពីថ្ងៃទី៥ ខែមិនថុនា ឆ្នាំ២០២២ផងដែរ។ តាមលទ្ធផលផ្លូវការ គណបក្សភ្លើងទៀនទទួលបាន សំឡេងគាំទ្រច្រើនជាងគេទីពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ខណៈគណបក្ស ១៥ផ្សេងទៀតស្ថិតនៅពីក្រោយ។
តែថ្វីបើទទួលលទ្ធផលល្អប្រសើរ គណបក្សភ្លៀងទៀនក៏រងនូវព្យុះភ្លៀងមិនតិចដែរ ពិសេសគឺមន្ដ្រីបក្សនេះមួយចំនួន កំពុងមានរឿងក្ដីក្ដាំជាប់ខ្លួន។ ដូច្នេះហើយទើបធ្វើឱ្យមាន សំណួរចោទឡើងថា តើគណបក្សភ្លើងទៀនអាច បន្ដដំណើរដល់ពេលណា?
សំណួរនេះពិបាកនឹងរកចម្លើយ ព្រោះជីវិតនយោបាយរបស់គណបក្សភ្លើងទៀន អាចបន្ដដល់ពេលណា ក៏អាស្រ័យទៅលើសកម្មភាពរបស់ខ្លួនផ្ទាល់។ អ្វីដែលសំខាន់កុំឱ្យតែថ្នាក់ដឹកនាំ ឬមន្ដ្រីរបស់បក្សទៅប្រព្រឹត្ដទង្វើខុសច្បាប់ នាំឱ្យប៉ះពាល់ដល់បក្ស ឬក៏ធ្វើឱ្យអ្នកគាំទ្របាត់បង់ជំនឿចិត្ដ មិនអ៊ីចឹងទេវាសនានៅថ្ងៃខាងមុខ ពិតជាពិបាកនឹងកំណត់។
ប៉ុន្ដែដូចបញ្ជាក់ គណបក្សភ្លើងទៀនសព្វថ្ងៃបាន ជួបបញ្ហាប្រឈមមួយចំនួន។ តួយ៉ាងអនុប្រធានគណបក្សលោកសុន ឆ័យ កំពុងរងបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា។ ក្នុងការធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយ លោកសុន ឆ័យត្រូវគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាបានបំភ្លៃខុសការពិត ផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុស និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្ដិយសគណបក្សប្រជាជនកម្ពុជា។ តាមរយៈមេធាវីរបស់ខ្លួនគណបក្ស កាន់អំណាចមួយនេះក៏សម្រេចប្ដឹងលោកសុន ឆ័យអនុប្រធានបក្សភ្លើងទៀន ដោយស្នើសុំឱ្យព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញពិនិត្យចោទប្រកាន់ និងផ្ដន្ទាទោសលើលោកសុន ឆ័យតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្ដជូន គណបក្សប្រជាជនចំនួន ៤ពាន់លានរៀល ស្នើនឹង១លានដុល្លារ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា គ.ជ.បក៏ដាក់ពាក្យប្ដឹងលោកសុន ឆ័យមួយជាន់ទៀតកាលពីថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងពាក្យបណ្ដឹងដាក់ទៅកាន់ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ គ.ជ.បលើកអង្គហេតុដែលលោកសុន ឆ័យធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយ ដោយលោកថា គ.ជ.ប មិនឯករាជ្យ មិនយុត្ដិធម៌ ហើយលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋជាដើម។
ការលើកឡើងរបស់លោកសុន ឆ័យ គ.ជ.ប ថាពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញកិច្ចការដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហេតុនេះគ.ជ.ប បានសម្រេចដាក់ពាក្យប្ដឹងលោកសុន ឆ័យ ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ តាមបញ្ញត្ដិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងស្នើធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។
រីឯមេឃុំទើបជាប់ឆ្នោតថ្មីរបស់ គណបក្សភ្លើងទៀននៅខេត្ដកំពង់ធំ លោកញឹម សារ៉ុម ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ពីបទប្លន់ដែលកើតមានតាំងពី ២០ឆ្នាំមុន។ លោកញឹម សារ៉ុមជាបេក្ខភាពមួយរូបក្នុងចំណោម បេក្ខភាពតែបួនរូបប៉ុណ្ណោះរបស់ គណបក្សភ្លើងទៀនដែលឈ្នះតំណែងមេឃុំ។ តែមួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី២២ ខែមិថុនា លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ទោះបីជាអាចនៅក្រៅឃុំបាន វានៅតែជាក្ដីព្រួយបារម្ភមួយដដែល សម្រាប់មេឃុំទើបជាប់ឆ្នោតរូបនេះ។
ដោយឡែកមន្ដ្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនលោកថាច់ សេដ្ឋាឯណោះវិញ ក៏ធ្លាប់រងបណ្ដឹងផ្លូវច្បាប់ផងដែរ។ ជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមផងនោះ លោក ថាច់ សេដ្ឋា ត្រូវបានក្រុមហ៊ុនបញ្ចាំមួយដាក់ពាក្យ បណ្តឹងទៅកាន់សាលាដំបូង រាជធានីភ្នំពេញអំឡុងឆ្នាំ២០១៨ ដោយប្តឹងពីបទឆបោកលើករណី លួចយកប្លង់ទ្រព្យសម្បត្តិរបស់ សហគមន៍ខ្មែរកម្ពុជាក្រោមមកបញ្ចាំ ដើម្បីធានាបំណុលផ្ទាល់ខ្លួន មានទឹកប្រាក់ចំនួន ៣៣,៤០០ដុល្លារអាមេរិក។ លោក ហាយ វណ្ណរិន តំណាងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសំណូមពរឱ្យតុលាការ ផ្តន្ទាទោសលោកថាច់ សេដ្ឋាតាមច្បាប់ និងសងជំងឺចិត្តចំនួន ៥៣,៤០០ដុល្លារសហរដ្ឋអាមេរិក។ តាមប្រភពព័ត៌មានបញ្ជាក់ទៀតថា លោក ថាច់ សេដ្ឋាក៏បានចេញសែកអត់លុយចំនួន ប៉ុន្មានសន្លឹកទៀតឱ្យជនរងគ្រោះ។
តាមអ្វីដែលបានរៀបរាប់សបញ្ជាក់ថា មន្ដ្រីរបស់គណបក្សភ្លើងទៀនចាប់ពី ថ្នាក់លើដល់ថ្នាកមូលដ្ឋាន មានបីរូបហើយដែលមាន ពាក់ព័ន្ធនឹងបណ្ដឹងផ្លូវច្បាប់។ ដូច្នេះប្រសិនពួកគេពិតជាប្រព្រឹត្ដខុសហើយរកឃើញទោសកំហុសមែន ចង់ឬមិនចង់វាពិតជាប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ គណបក្សដោយសារមានមន្ដ្រីធ្វើខុសច្បាប់ ហើយសន្ទុះនៃការគាំទ្រក៏អាច ប្រែប្រួលទៅតាមនោះដែរ។ ក្នុងករណីពលរដ្ឋបាត់បង់ទំនុកចិត្ដ លទ្ធភាពដែលបក្សភ្លើងទៀនអាចប្រជែង ជាមួយគណបក្សប្រជាជន នឹងមានកាន់តែតិច ហើយបក្សនេះក៏មិនអាចក្លាយជាបក្សប្រឆាំងធំបំផុត នៅកម្ពុជាបានទៀតដែរ។
ចង់បន្ដជីវិតនយោបាយបានយូរអង្វែង តែធ្វេសប្រហែសមិនគោរពច្បាប់ ទោះមានអាយុកាលជាង ២០ឆ្នាំមកហើយក្ដី គណបក្សភ្លើងទៀនក៏គង់តែ អាចបាត់ឈ្មោះពីសង្វៀននយោបាយ បានដូចគណបក្សសង្គ្រោះជាតិ ព្រោះកម្ពុជាមានច្បាប់ មិនអាចឱ្យអ្នកនយោបាយ និងបក្សនយោបាយណា មួយមកបំពានច្បាប់ ឬបង្កភាពអនាធិបតេយ្យបានឡើយ។
រឿងដែលគួរព្រួយបារម្ភមួយទៀត ភាពលេចធ្លោនៃគណបក្សភ្លើងទៀន ហាក់កើតឡើងចំពេលលោកកឹម សុខាកំពុងស្ថិតក្នុងបម្រាមនយោបាយនៅឡើយ។ លោកកឹម សុខាមិនទាន់បានប្រឡូកក្នុងនយោបាយជាថ្មី ព្រោះជាប់បម្រាមនយោបាយ៥ឆ្នាំ។ ប៉ុន្ដែនៅពេលលោកកឹម សុខាមានសិទ្ធិចូលធ្វើនយោបាយវិញ ហើយទៅប្រមូលកម្លាំងជាមួយ គណបក្សក្រៅរដ្ឋាភិបាលណាមួយ ដែលលោកពេញចិត្ដ ដ្បិតមានបក្សខ្លះប្រកាសបើកទ្វារស្វាគមន៍ រូបលោករួចជាស្រេចហើយនោះ ថាមិនត្រូវលោកអាចរកសំឡេងគាំទ្រ បានច្រើនជាងគណបក្សភ្លើងទៀនផងក៏មិនដឹង។
លោកកឹម សុខាទើបប្រកាសបញ្ចប់ទំនាក់ទំនង ជាមួយលោកសម រង្ស៊ី ហេតុនេះបើសិនលោកកឹម សុខាកៀរគរអ្នកគាំទ្របានច្រើន ក្លាយជាបក្សប្រឆាំងធំបំផុតនៅកម្ពុជា ឥទ្ធិពលរបស់គណបក្សភ្លើងទៀន នឹងកាន់តែចុះខ្សោយ នៅពេលនោះហើយកាន់តែពិបាកប៉ាន់ស្មានពី ជោគវាសនារបស់បក្សនេះ ដែលទំនងអាចរស់ដើម្បីតែ កំដរឆាកនយោបាយ ប៉ុន្ដែគ្មានលទ្ធភាពយកឈ្នះ ក្នុងសង្វៀននយោបាយបាន៕