ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ កំបាំងមុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ ឈ្មោះ សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយជាមួយជនជាតិ វៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន: ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និង ផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្សសង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣។
សវនាការនេះ ដឹកនាំដោយលោកស៊ីន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជនំុជម្រះ និង មានលោកញឹម ពិសាល និង លោកទិត សុទ្ធីបូរ៉ាឆាត ជាចៅក្រមប្រឹក្សា មាន លោកព្រះរាជអាជ្ញារង ប្លង់ សុផល ជាតំណាងអយ្យការ និង មានវត្តមានមេធាវី ចាត់តាំង សម្រាប់ការពារក្តីជូន លោកសម រង្ស៊ី ចំនួន២ រូប គឺ លោកយ៉ុង ផានិត និង ស្រីសឹង្ហ សាវ៉ន ចូលរួមផងដែរ។
លោកប្រធានចៅក្រមជំនុំជម្រះ ស៊ីន សុវណ្ណរ័ត្ន បានថ្លែងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ សមរង្ស៊ី ភេទ ប្រុស អាយុ ៧២ ឆ្នាំ ត្រូវបានជាប់ចោទពីបទ: «ប៉ុនប៉ង ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។
យោងតាមបទចោទប្រកាន់នេះ លោកសម រង្ស៊ីអាចប្រឈមនឹងការជាប់គុក អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពីរុទ្ធភាព ដូចការចោទប្រកាន់។
លោកចៅក្រមសុវណ្ណរ័ត្ន បានថ្លែងថា: ចំពោះអង្គហេតុ ដែលបណ្តាលឲ្យមានការចោទប្រកាន់ ជនជាប់ចោទ ឈម រង្ស៊ី ខាងលើនេះ គឺ ជាប់ទាក់ទងទៅនឹងឈ្មោះ សមរង្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយលោក កុក សរ ជាមេដឹកនាំ ជនជាតិភាគតិច ម៉ុងតាញ៉ា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិច បានព្រមព្រៀងកាត់ដីខ្មែ ចំនួន៤ខេត្ត នៅភាគឥសាន្តប្រទេស អោយទៅ ក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅក្នុងក្នុងប្រទេសវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើ គាត់ (សមរង្ស៊ី) និង គណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតឆ្នោត និង បានដឹកនាំ ប្រទេសជាតិ នៅឆ្នាំ ២០១៣។
លោកចៅក្រមបានបន្ថែមថា: ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ, ជនជាប់ចោទ សម រង្ស៊ី ក៏បានទទួលស្គាល់ និង សារភាពតាមរយៈការធ្វើបទសម្ភាសន៍របស់គាត់ ជាមួយ វិទ្យុអាស៊ីសេរី (RFA) វិទ្យុបារាំង ឈ្មោះ RFI និង បណ្តាសារព័ត៌មាន នៅក្នុងស្រុកចំនួនទៀតផងដែរថា: គាត់ពិតជាបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនោះមែន។
លោកតំណាងអយ្យការ ប្លង់ សុផល បានថ្លែងថា: ទង្វើរបស់ជនជាប់ចោទ ឈ្មោះ សមរង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀង និង យល់ព្រម កាត់ទឹកដីខ្មែរ ចំនួន៤ខេត្ត អោយឱ្យទៅ ជនជាតិភាគតិច ម៉ុងតាញ៉ ខាងលើនេះ គឺចាត់ទុកស្មើនឹងអំពើក្បត់ជាតិខ្មែរ រំលោភច្បាប់រដ្ឋធម្មនុញ្ញ និង ជាបទល្មើសឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនទោស ឬ លើកលែងបាននោះឡើយ។
លោកប្លង់ សុផល បានស្នើសុំឱ្យ ចៅក្រមប្រឹក្សាជំនុំជម្រះ សម្រេចផ្តន្ទាទោស ជនជាប់ចោទ សម រង្ស៊ី ដាក់ទោស ជាអតិបរមា និង មិនគួរ មានស្ថានសម្រាលទោស ណាមួយឡើយ ចំឈ្មោះ សម រង្ស៊ីនេះឡើយ។
ទោះយ៉ាងណាក្តី, លោកយ៉ុង ផានិត ដែលជាមេធាវីចាត់តាំងការពារក្តីឱ្យលោកសម រង្ស៊ី បានច្រានចោលចំពោះការចោទ ប្រកាន់កូនក្តី អំពីសំណាក់សមត្ថកិច្ចនគរបាល និង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវីផានិត បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ទោះបីជាកូនក្តីរបស់លោកបានចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំម៉ុងតាញ៉ា កាលពីឆ្នាំ ២០១៣ មែន និង បានទទួលស្គាល់ អំពីការចុះកិច្ចព្រមព្រៀងនោះ ក៏ដោយ តែងកិច្ចព្រមព្រៀងនោះ គ្រាន់តែជាការស្រមើស្រមៃមួយ ឬ ជាគម្រោងមួយតែ ប៉ុណ្ណោះ ពីព្រោះ កិច្ចព្រមព្រៀងនោះ ពុំត្រូវបានអនុវត្ត អ្វីទាំងអស់ ពីព្រោះ គណបក្សសង្គ្រោះជាតិ មិនបានឈ្នះការបោះឆ្នោត កាលពីឆ្នាំ ២០១៣ នោះទេ។
លោកមេធាវីផានិត បានសំណូមដល់ចៅក្រមប្រឹក្សាជំនុំជម្រះ មេត្តា សម្រេចលើកការចោទប្រកាន់កូនក្តី ឈ្មោះ សម រង្ស៊ី និង សុំឱ្យកូនក្តី បានរួចផុត ពីការចោទប្រកាន់ ខាងលើ។
សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រម លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
គួររំលឹកថា: លោកសម រង្ស៊ី ដែលបច្ចុប្បន្ននេះ កំពុងរត់គេចខ្លួន នៅក្រៅប្រទេស ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅកាត់ទោសកំបាំងមុខ យ៉ាងតិច ១០ ករណី និង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុបយ៉ាងហោចណាស់ ចំនួន ៥០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ , ការជេរប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ និង មានបទបរិហារ ផដែរ ដែលត្រូវបានប្តឹងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ: លីហ្សា