ក្នុងខណៈដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់ បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗ កន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿង ដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនង រវាងប្រទេសចិន និងអាមេរិកកើតមានវិបត្តិ ។
ការលើកឡើងបែបនេះ មិនខុសពីការដើររុកកួនគេ ហើយចោទគេថា ខុសទៀត វាក៏ឧបមាដូចជាចោរ ដែលលួចរបស់គេហើយ ពេលម្ចាស់គេ តាមទាន់បែរជាចោទម្ចាស់គេថា បង្ករឿងទៅវិញ ។ មិនដឹងថា ហេតុអ្វីបានជាអ្នកនយោបាយអាមេរិក មានមនោសញ្ចេតនា ជ្រាលជ្រៅ អ្វីម៉្លេះចំពោះការប្រើឡូហ្ស៊ីកដ៏គួរឱ្យអស់សំណើចបែបនេះ ? ឬមួយវាជាទម្លាប់និងជាប្រពៃណី ដែលបន្តពីមួយជំនាន់ ទៅមួយជំនាន់ ?
ជាធម្មតា ការចោទប្រកាន់អ្នកដទៃត្រូវមានភស្តុតាង គ្រប់គ្រាន់និងមានភាពត្រឹមត្រូវ និងសមហេតុផល មិនមែននិយាយតែមាត់ថា អ្នកនេះខុសអ្នកនោះត្រូវ តាមតែទំនើងចិត្តរបស់ខ្លួននោះទេ ។ ជាក់ស្តែង ក្នុងករណីដែលកើតមានភាពតានតឹង នៅច្រកសមុទ្រ តៃវ៉ាន់លើកនេះ សហគមន៍អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាជាដើមហេតុ ។ បើនិយាយដូច លោក Burns អ៊ីចឹង ចុះឧបមាថា ប្រសិនបើប្រទេសចិន ទៅបំពានអធិបតេយ្យភាព របស់អាមេរិកវិញ តើអាមេរិកនឹងមានប្រតិកម្ម យ៉ាងណា ?
ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា តាំងពីដើមមក អាមេរិកបានតាំងខ្លួនជា«បងធំ»លើសគេលើពិភពលោករហូតមក មិនថាសម្ព័ន្ធមិត្តឬ ប្រទេសណាក្តី ត្រូវស្តាប់តាមបង្គាប់ របស់អាមេរិកជានិច្ច ព្រោះថា ប្រសិនបើហ៊ានជំទាស់ នឹងត្រូវរងការដាក់ទណ្ឌកម្ម ឬសឹងតែត្រូវរងការវាយប្រហារ ឧទាហរណ៍ដូចជាករណីរបស់ប្រទេសគុយបា និងអ៊ីរ៉ង់ជាដើម ដែល«មិនស្តាប់បង្គាប់»របស់អាមេរិក ក៏ត្រូវរងការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច រហូតដល់បច្ចុប្បន្ន ដែលរារាំងដល់ដំណើរអភិវឌ្ឍន៍ជាតិ របស់ប្រទេសទាំងនេះ ។
ជារៀងរាល់ឆ្នាំ អាមេរិកបានចេញ របាយការណ៍សិទ្ធិមនុស្ស នៃប្រទេសនានា លើពិភពលោក ដែលមានប្រទេសភាគច្រើន លើសលប់សុទ្ធតែ ស្ថិតក្រោមការចោទប្រកាន់ថា មាន «បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ» ហើយរបាយការណ៍នេះ បានក្លាយជាលេសដ៏ «សមរម្យ» ដែលអាមេរិកប្រើជាអាវុធ សម្រាប់ជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ។
ងាកមកមើលពីស្ថានភាព សិទ្ធិមនុស្សក្នុងប្រទេសអាមេរិកវិញ ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ដែលត្រូវបាត់បង់ជីវិតក្រោមចុងកាណុងកាំភ្លើង ជនជាតិដើមភាគតិចនិងជនជាតិ ពណ៌សម្បុរផ្សេង ពិសេសជនជាតិស្បែកខ្មៅបានរងការរើសអើងនិងអំពើហិង្សា រហូតដល់ត្រូវសម្លាប់ក៏មាន ។ ក្រៅពីនេះ នៅមានករណីដែលកុមារជនជាតិ ដើមភាគតិចរាប់រយនាក់ ត្រូវធ្វើទារុណកម្មនិងត្រូវសម្លាប់យ៉ាងព្រៃផ្សៃ នៅឯសាលារៀនកាលពីអតីតកាល ដែលធ្វើឱ្យពិភពលោក មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ល។ ប៉ុន្តែ ករណីដែលប្រឡាក់ ដោយឈាមទាំងនេះ មិនបានលើកឡើងសូម្បីតែបន្តិចក្នុង របាយការណ៍សិទ្ធិមនុស្ស នៃប្រទេសអាមេរិកនោះទេ ពោលគឺ « សិទ្ធិមនុស្សរបស់អាមេរិកគឺល្អឥតខ្ចោះ» ។
ដូចដែលយើងគ្រប់គ្នា បានដឹងហើយថា អង្គការសហប្រជាជាតិជាអង្គការ អន្តររដ្ឋាភិបាលអន្តរជាតិ ដែលបង្កើតឡើងដោយប្រទេស មានអធិបតេយ្យភាព ក្រោមកម្មវត្ថុ ៖ គាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ និងអភិវឌ្ឍទំនាក់ទំនង មិត្តភាពអន្តរជាតិ ដែលឈរលើមូលដ្ឋាន នៃគោលការណ៍គោរពសិទ្ធិស្មើភាព និងសិទ្ធិសម្រេចគោលនយោបាយ ដោយខ្លួនឯងរបស់ប្រជាជន នៃប្រទេសនានាជាដើម ។ ក្នុងន័យនេះ មិនថាប្រទេសធំឬតូច មានឬក្រ សុទ្ធតែត្រូវមានសិទ្ធិស្មើគ្នា ។
និយាយចំពោះប្រទេសមួយ ដែលមានអធិបយ្យភាព និងបូរណភាព ទឹកដីពេញលេញ ការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាបន្ទាត់ក្រហម ដែលមិនអាចបំពានបានជាដាច់ខាត ។ បើគ្មានអធិបតេយ្យភាព គឺគ្មានសេចក្តីថ្លៃថ្នូរជនជាតិ ប្រទេសជាតិក៏គ្មានសុខសន្តិភាព អាស្រ័យហេតុនេះ បញ្ហាអធិបតេយ្យភាព មិនមែនជារឿងលេងសើចជាដាច់ខាត ។ ក្នុងករណីតំបន់ចិនតៃវ៉ាន់លើកនេះ ប្រទេសចិនបានឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់គឺដើម្បីគាំពារ អធិបតេយ្យភាព ក៏ដូចជាសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដែលជារឿងចាំបាច់និងដាច់ខាត ត្រូវតែធ្វើក្នុងនាមជាប្រទេស មានអធិបតេយ្យភាពពេញលេញ ។
ការចងមិត្តស្ថិតត្រង់ភាពស្មោះត្រង់ ការបង្កើតទំនាក់ទំនង រវាងប្រទេសនិងប្រទេស ស្ថិតត្រង់ការគោរពគ្នានិងមានសមភាព ។ បច្ចុប្បន្នជាយុគសម័យ នៃពិភពលោកពហុប៉ូល និងពហុភាគីនិយម មិនមែនសម័យអាណានិគមនិយមនោះទេ ពោលគឺពិភពលោកត្រូវការសមភាព មិនត្រូវការអនុត្តរភាពទេ ហើយដើម្បីទទួលបានការអភិវឌ្ឍរួម និងវិបុលភាពរួម គឺមានតែការធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ការគោរពអធិបតេយ្យភាពគ្នា និងបោះបង់ចោលគំនិត«អញជាធំ» ទើបអាចឈានដល់ លទ្ធផលឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យ ដែលបង្ខូចដល់ផលប្រយោជន៍ អ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួននោះឡើយ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន