កិច្ចប្រជុំកំពូល នៃអង្គការកិច្ច សហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារពធ្វើឡើង ក្នុងទីក្រុងប្រវត្តិសាស្រ្ត សាម៉ាខាន់ នៃប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោកយ៉ាងខ្លាំង ។ ចាប់តាំងពីឆ្នាំ២០១៩មក ពោលគឺចាប់តាំង ពីការចាប់ផ្ដើម នៃការីករាលដាល ជំងឺកូវីដ១៩ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ ដែលមេដឹកនាំទាំងអស់ របស់ប្រទេសសមាជិកអង្គការ កិច្ចសហប្រតិបត្តិការ សៀងហៃ បានចូលរួម ដោយផ្ទាល់ ។ ជាងនេះទៅទៀត នៅក្នុងបរិបទ ដែលពិភពលោក កំពុងជួបប្រទះ នូវបញ្ហាប្រឈមធ្ងន់ធ្ងរ ទាំងផ្នែកសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ចំណាប់អារម្មណ៍ របស់ពិភពលោក បានផ្ដោតទៅលើ របៀបវារៈនៃកិច្ចពិភាក្សា និងលទ្ធផល នៃកិច្ចប្រជុំកំពូលនេះ ដែលនឹងមានឥទ្ធិពល ទៅលើតំបន់និង ពិភពលោកទាំងមូល ។
អង្គការតំបន់មួយនេះ បានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រទេសចិន កាហ្សាក់ស្ថាន គៀគីស្ថាន តាជីគីស្ថាន រុស្ស៊ី និង អ៊ូបេគីស្ថាន ។ នៅពេលអង្គការនេះ ត្រូវបានបង្កើតឡើងនៅគ្រាដំបូង ប្រទេសលោកខាងលិច ជាច្រើនបានមើលស្រាល ទៅលើអនាគត របស់អង្គការនេះ និងទស្សទាយថា នឹងមិនអាចស្ថិតស្ថេរ នៅបានយូរអង្វែងនោះឡើយ វានឹងរលាយរសាត់បាត់ ពីឆាកពិភពលោក យ៉ាងឆាប់រហ័ស ។ ក៏ប៉ុន្តែការព្យាករ បែបនោះ គឺមិនត្រឹមត្រូវនោះឡើយ ដោយផ្ទុយទៅវិញ អង្គការនេះមិនត្រឹមតែ ស្ថិតនៅគង់វង្សប៉ុណ្ណោះទេ តែក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការកិច្ច សហប្រតិបត្តិការ សៀងហៃ បានវិវត្តរីកធំធាត់គួរឲ្យកត់សម្គាល់ ដោយចំនួនសមាជិក របស់ខ្លួនត្រូវបានបង្កើន ជាបន្តបន្ទាប់ ហើយប្រទេសមួយ ចំនួនផ្សេងទៀត ក៏កំពុងស្នើសុំចូលជាសមាជិកថ្មី ផងដែរ ។ ប្រទេសឥណ្ឌានិង ប៉ាគីស្ថាន ត្រូវបានអនុញ្ញាត ឲ្យចូលជាសមាជិករបស់អង្គការនេះ ក្នុងឆ្នាំ២០១៧ និងនៅក្នុងឆ្នាំ២០២២នេះ ប្រទេសអ៊ីរ៉ង បានចូលជាសមាជិក របស់អង្គការនេះជាផ្លូវការផងដែរ។ ទន្ទឹមនឹងនេះ អង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសង្កេតការណ៍ របស់ខ្លួនដែលរួមមាន ប្រទេសអាហ្វហ្កានីស្ថាន បេឡារុស និងម៉ុងហ្គោលី និងប្រទេសដៃគូពិភាក្សា ដែលមានដូចជាប្រទេសអាមេនី អាហ្ស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា និងតួគី ។ ប្រទេសមួយចំនួនផ្សេងទៀត ដូចជា ប្រទេសអេហ្ស៊ីព កាតា និងអារ៉ាប៊ីសាអ៊ូឌីត ក៏នឹងត្រូវផ្ដល់ឋានៈជាប្រទេស សង្កេតការណ៍ នាពេលខាងមុខផងដែរ ។
ការពង្រីកខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានប្រែក្លាយអង្គការកិច្ច សហប្រតិបត្តិការសៀងហៃ ទៅជាអង្គការតំបន់ធំជាងគេបំផុត ដែលគ្របដណ្ដប់ដែនដី ដ៏ធំល្វឹងល្វើយ នៅក្នុងដែនដីអាស៊ីអឺរ៉ុប ដោយពង្រីកបន្ថែមទៅកាន់ តំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កូកាស ដោយគ្របដណ្ដប់ប្រជាជន ប្រហែល៤០% នៃប្រជាជនពិភពលោក ហើយផលិតផលសរុបក្នុងស្រុក របស់ប្រទេសសមាជិក មានទំហំជិត៣០ នៃផលិតផលក្នុងស្រុក សរុបរបស់ពិភពលោក ។
អង្គការតំបន់មួយនេះបានរួមចំណែកយ៉ាងសំខាន់ ដល់អភិបាលកិច្ចសកល តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការថែរក្សា សន្តិសុខស្ថេរភាព និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យ៉ាងល្អនៅក្នុងតំបន់របស់ខ្លួន និងបានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា និងសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការ សហប្រជាជាតិ និង អង្គការតំបន់និង អន្តរជាតិដទៃផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម សកលនិងពង្រឹងថែរក្សាសន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ របស់ពិភពលោក ។
ជាមួយនឹងការ ពង្រីកខ្លួនដោយរួមបញ្ចូល ប្រទេសផលិតប្រេងធំៗ នៅលើពិភពលោក ដូចជា ជារុស៊្សី អារ៉ាបីសាអ៊ូឌីត និង អ៊ីរ៉ង់ ដែលតំណាង ឲ្យជាងពាក់កណ្ដាល នៃការផលិតប្រេង ប្រចាំឆ្នាំរបស់ពិភពលោក គេរំពឹងថាអង្គការនេះ នឹងមានតួនាទីកាន់តែសំខាន់ ក្នុងការធានានូវស្ថេរភាព ថាមពលរបស់ពិភពលោក ដែលជាបញ្ហាប្រឈមចម្បង របស់ពិភពលោកនាពេលបច្ចុប្បន្ន ។
ទន្ទឹមនឹងនេះ ”ស្មារតីសៀងហៃ” ដែលជាគុណតម្លៃស្នូល និងជាមគ្គុទេសក៍ របស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នឹងផ្ដល់ជាគំរូថ្មីមួយ សម្រាប់អភិវឌ្ឍកែលម្អទំនាក់ទំនង អន្តរជាតិ និងអភិបាលកិច្ចសកល។ “ស្មារតីសៀងហៃ” ខុសប្លែកទាំងស្រុងពីទស្សនៈ របស់លោកខាងលិច ស្ដីពីទំនាក់ទំនងអន្តរជាតិ ។ គោលការណ៍ស្នូលរបស់ “ស្មារតីសៀងហៃ” គឺ “ជំនឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍រួម សមភាព ការពិគ្រោះពិភាក្សា ការគោរពភាពចម្រុះ នៃអរិយធម៌ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចការអភិវឌ្ឍរួម” ។ និយាយម្យ៉ាងទៀត អង្គការនេះ ប្រកាន់ខ្ជាប់នូវគោល ការណ៍បើកចំហ បរិយាប័ន្ន និងតម្លាភាព ដោយផ្ដោតទៅលើភាពជាដៃគូស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក ការផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ដោយទាត់ចោលនូវទស្សនៈ ចាស់គំរិលដែលចាត់ទុកទំនាក់ ទំនងអន្តរជាតិជាល្បែង ដែលមានអ្នកឈ្នះនិងអ្នកចាញ់ ដែលពោរពេញទៅដោយការ ប្រឈមមុខដាក់គ្នាក្នុងនាមជាសត្រូវ។
នៅក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរផ្នែកសន្តិសុខ សេដ្ឋកិច្ច នយោបាយ គេរំពឹងថាអង្គការកិច្ច សហប្រតិបត្តិការសៀងហៃ ជាមួយនឹងកំណើនកម្លាំង ឥទ្ធិពលសេដ្ឋកិច្ចនយោបាយ របស់ខ្លួន នឹងដើរតួជាសរសរទ្រូង ដ៏រឹងមាំដែលទ្រទ្រង់ការថែរក្សា ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ពិភពលោក និងការកសាងសណ្ដាប់ធ្នាប់ ពិភពលោកពហុប៉ូល ដែលមានសមធម៌និងយុត្តិធម៌ ៕
អត្ថបទដោយ លោកសាស្រ្តាចារ្យ បណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ