ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនទៀត ដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។
នាឱកាសអញ្ជើញទទួលទានអាហារពេលព្រឹកនៅប្រទេសជប៉ុន ជាមួយ លោក ង្វៀន សួនហ្វុក នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេច អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេច ក៏បានលើកឡើងពីលទ្ធផលផ្លែផ្កា នៃការធ្វើកិច្ចការជាច្រើនជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
លោក ង្វៀន សួនហ្វុក បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។
លើសពីនេះ មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ លោកប្រធានរដ្ឋវៀតណាម បានជូនពរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង៕