ពីរបីថ្ងៃកន្លងទៅនេះ ក្នុងមហាសន្និបាតលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ តំណាងចិន បានសម្តែងការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះស្ថាប័នអនុវត្តច្បាប់ របស់ប្រទេសមួយចំនួន ដូចជាអាមេរិក ជាដើមបានអនុវត្តច្បាប់ ប្រកបដោយភាព រើសអើង ចំពោះជនជាតិភាគតិច ហើយទាមទារឱ្យពួកគេប្រកាន់ឥរិយាបថ ត្រឹមត្រូវ ចំពោះពូជសាសន៍និយម និងបញ្ហារើសអើងពូជសាសន៍ យ៉ាងធ្ងន់ធ្ងររបស់ខ្លួន ក្នុងន័យអនុវត្ត «សេចក្តីប្រកាស និងកម្មវត្ថុប្រតិបតិ្តក្រុង Durban »យ៉ាងប្រាកដប្រជា ដើម្បីកុំឱ្យសោកនាដកម្ម របស់លោក George Floyd កើតឡើងម្តងទៀត ។
“ខ្ញុំមិនអាចដកដង្ហើមបាន” នេះជាពាក្យសំដីចុងក្រោយបំផុត របស់លោកGeorge Floyd ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ដែលត្រូវបាន ប៉ូលីសស្បែកស របស់សអាមេរិកម្នាក់ យកជង្គង់សង្កត់ករហូតដល់ស្លាប់ បាត់បង់ជីវិត ។ សោកនាដកម្មនេះ បានបណ្តាលឱ្យផ្ទុះការតវ៉ា និងចលាចលក្នុងទ្រង់ទ្រាយធំ នៅទូទាំងអាមេរិក ។ ប៉ុន្តែ រឿងនេះមិនបានធ្វើឱ្យអាជ្ញាធរ អាមេរិក ពិចារណាពីកំហុស របស់ខ្លួននោះទេ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេល មួយឆ្នាំ បន្ទាប់ពីលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលីស យកជង្គង់សង្កត់ក ប៉ូលីស នៅទូទាំងអាមេរិក បានសម្លាប់ ជនជាតិអាមេរិក ដើមកកំណើតអាហ្វ្រិក យ៉ាងហោចណាស់ចំនួន២២៩នាក់ ។ ចាប់ពីចូលឆ្នាំនេះ មក អាមេរិកបានកើតមាន ព្រឹតិ្តការណ៍ប៉ូលីស អនុវត្តច្បាប់ដោយអំពើហិង្សា ចំពោះប្រជាពលរដ្ឋដើម កំណើតអាហ្វ្រិកជាច្រើនលើក ទង្វើយ៉ាងឃោរឃៅ របស់អ្នកអនុវត្តច្បាប់ គួរឱ្យអ្នកផងព្រឺព្រួច ។
លោក ម៉ៃឃើល ធឺស៊ីឡឺ បញ្ញវន្តផ្នែកនយោបាយ របស់អាមេរិកបានលើកឡើងថា ប្រជាជនអាមេរិក កាន់តែច្រើនឡើងៗ សម្គាល់ឃើញថា ក្នុងរយៈពេល៥០ឆ្នាំ កន្លងទៅ អាមេរិកមិនបានទទួលវឌ្ឍនភាព ខាងពូជសាសន៍ដ៏ពិតប្រាកដនោះទេ អត្រាដែលទទួលស្គាល់ថា ជនជាតិអាមេរិក ដើមកំណើត អាហ្វ្រិករងការរើសអើង បានកើនពី១៩ ភាគរយ នាឆ្នាំ២០១៣ឡើងដល់៥០ភាគរយ នាឆ្នាំ២០២០ ។ តាមពិតទៅ ក្រៅពីជនជាតិ អាមេរិក ដើមកំណើតអាហ្វ្រិក ជនជាតិដើមភាគតិច និងក្រុមមនុស្សមួយចំនួន ដូចជាជនជាតិអាមេរិក ដើមកំណើតអាស៊ី និងជនជាតិមូស្លឹមជាដើម ក៏ត្រូវដាក់ឱ្យ នៅដាច់ដោយឡែក ដោយសារការ រីករាលដាល នៃជំងឺកូវីដ១៩ និងគោលនយោបា របស់រដ្ឋាភិបាលអាមេរិក ដែលប្រកបដោយលក្ខណៈរើសអើង សិទ្ធិគ្រប់ផ្នែករបស់ពួកគេត្រូវបានបំពាន ហើយរងការគំរាមកំហែង និងផលប៉ះពាល់ពីកម្លាំង ហិង្សាគ្រប់ពេលវេលា ។
កាលពី២១ឆ្នាំមុន មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័តលើ«សេចក្តីប្រកាស និងកម្មវត្ថុប្រតិបតិ្តក្រុង Durban » ដោយបានលើកឡើងថា ត្រូវធ្វើសកម្មភាពប្រទេសជាតិ និងអន្តរជាតិ ប្រឆាំង ពូជសាសន៍និយម ការរើសអើងពូជសាសន៍ គំនិតចងគំនុំជាមួយជនជាតិ ក្រៅប្រទេសនិងបាតុភូត ពាក់ព័ន្ធដែលមិនអាចអត់ទ្រាំបាន ដើម្បីធានាអះអាង ឱ្យទទួលបានសិទ្ធិ មនុស្សគ្រប់ផ្នែក ។ ក្នុងមហាសន្និបាតលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលកំពុងបើកធ្វើ អង្គប្រជុំដាស់តឿន ឱ្យអាមេរិកចាត់វិធានការ យ៉ាងប្រាកដប្រជា ដើម្បីដោះស្រាយបញ្ហា ពូជសាសន៍និយមជាប្រព័ន្ធក្នុងស្រុក ។
ប្រឈមមុខនឹងសំឡេង រិះគន់ ពីសំណាក់សហគមន៍ អន្តរជាតិ អាមេរិក មិនត្រូវធ្វើមិនដឹង មិនឮនោះទេ តែគឺត្រូវចាត់ទុកសំឡេងរិះគន់ ទាំងនេះជាកម្លាំងជំរុញសម្រាប់ កែលំអសភាពការណ៍ សិទ្ធិមនុស្សរបស់ប្រទេសខ្លួន ។ ខណៈអាមេរិកធ្វើការជ្រៀត ជ្រែក ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត ដោយយកសិទ្ធិមនុស្សធ្វើជាលេស គួរតែដេរប៉ះសម្លៀកបំពាក់ សិទ្ធិមនុស្សរបស់ខ្លួន ដែលរហែកគ្រប់កន្លែងនោះ ហើយត្រូវបោសសម្អាតផ្ទះសម្បែង របស់ខ្លួនសិន ៕ អត្ថបទវិទ្យុមិត្តភាព កម្ពុជាចិន