នយោបាយ

តើអង្គការខុមហ្រ្វែល និងបក្ខពួក នៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌ លើទឹកដីកម្ពុជា ឬយ៉ាងណា?

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកកាសែតកម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើអង្គការខុមហ្រ្វែល (COMFREL) និងបក្ខពួក នៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌ លើទឹកដីកម្ពុជា ឬយ៉ាងណា?

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីនាយក​ប្រតិបត្តិ​អង្គការខុមហ្រ្វែល (COMFREL) គឺលោក គល់ បញ្ញា បានផ្ដល់បទសម្ភាន៍មួយ ក្នុងវេទិកាសារព័ត៌មាន The Cambodia Daily Khmer ដោយបានលើកយកប្រធានបទ «បដិវត្ត» មកវែកញែកដោយផ្សាភ្ជាប់បញ្ហានេះ ទៅនឹងការដឹកនាំ របស់រាជរដ្ឋាភិបាល។

នៅក្នុងបទសម្ភាសន៍ លោក គល់ បញ្ញា បានលើកឡើងថា «បើខ្លាចពលរដ្ឋធ្វើបដិវត្ត ហេតុអ្វីរដ្ឋាភិបាលមិនព្រមដឹកនាំប្រទេសឲ្យមានសេរីភាព មាននីតិរដ្ឋ និងមានប្រជាធិបតេយ្យទៅ?»។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ នាយកប្រតិបត្តិ​អង្គការខុមហ្វ្រែល រូបនេះ លោក សយ សុភាព នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចោទជាសំនួរថា «បើអញ្ចឹងបានសេចក្តីថា ក្រុមអស់លោកនៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌មែនទេ?»។

លោក សយ សុភាព បន្ថែមថា ឥឡូវការបង្ករហេតុ បានចាប់ផ្តើមទៀតហើយ ពីក្រុមពួកចង្រៃ៣ជំនាន់នេះ (បក្ខពួក សម រង្ស៊ី និងអង្គការសង្គមស៊ីវិល ចាយលុយអាមេរិកនិងអឺរ៉ុបមួយចំនួន) ។

ជុំវិញនៃសញ្ញាបង្ករហេតុនេះ លោក សយ សុភាព បានបង្ហាញនូវអារម្មណ៍ អាណិតដល់សកម្មជន(ប្រឆាំង) នៅខាងក្នុង ដែលនឹងត្រូវអាចរងគ្រោះជំនួសក្រុមនេះ (ត្រៀមរត់ចោលស្រុកនិងដេកគុក) ចំណែកឯក្រុមអ្នកផ្ដើមបង្ករហេតុ បែរជាដេកលើគំនរទុក្ខ របស់ពួគគេទៅវិញ។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានផ្ដាំទៅសូមសកម្មជនបក្សប្រឆាំង កុំឱ្យចាញ់បោកហើយ ចាញ់បោកទៀត គិតពីសុវត្ថភាព និង ក្រុមគ្រួសារ ខំកសាងជីវភាពប្រសើរបំផុត។

លោកថា តែបើអ្នកណាជឿងុបងុល អ្នកនោះនឹងដើរខុសគន្លងច្បាប់ មិនអនុគ្រោះទេ៕

To Top