នយោបាយ

ការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ជាបេសកកម្មរួម របស់ G20

ដើម្បីដោះស្រាយ បញ្ហាសំខាន់ៗ ដែលទាក់ទងនឹង សេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ទើបG20 ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៩ ។ G20 គឺជាវេទិកាអន្តររដ្ឋាភិ បាលដែលមានប្រទេសចំនួន១៩ និងសហភាពអឺរ៉ុប (EU) ។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20 បានកោះប្រជុំយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ជាមួយនឹង កិច្ចប្រជុំកំពូល ដែលពាក់ព័ន្ធនឹងប្រមុខ រដ្ឋាភិបាល ឬរដ្ឋរបស់សមាជិកនីមួយៗ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ។

ដើម្បីចូលរួមបង្កើនកម្លាំង ដល់ឈានទៅសម្រេច បាននូវការកសាងពិភពលោក ប្រកបដោយសន្តិភាព និងវិបុលភាព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេស ដែលមានសេដ្ឋកិច្ចលូត លាស់ខ្លាំងទាំង២០បាននិងកំពុងប្រមូលផ្តុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការបង្ហាញថា ទស្សនៈដែលចិន តែងបានលើកឡើងនិងគិតគូរ តាំងពីឆ្នាំ២០១៥ ស្តីពីការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ បាននិងកំពុងបង្កើន ឫទ្ធានុភាពរបស់ខ្លួន ហើយស្តែងឡើង តាមរយៈវត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានអញ្ជើញទៅដល់កោះបាលីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ដើម្បីសម្រេចបាននូវក្តីសុបិន និងបំណងប្រាថ្នា ដែលត្រូវបានបង្កើតឡើង ដោយមនុស្សជាតិ ជាពិសេសចាប់ តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ មនុស្សជាតិបានខិតខំប្រឹង ប្រែងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍរួម ដោយបន្តដំណើរយ៉ាង ស្វាហាប់ឆ្ពោះទៅមុខ នៅលើផ្លូវម៉ារ៉ាតុង នៃសន្តិភាព និងការអភិវឌ្ឍ ដែលនេះជាគោល គំនិតរបស់G20 ដែលបានយល់ស្រប នឹងគំរូភាព នៃសកម្មភាពជាក់ស្តែងរបស់ចិន ដែលមានតាំង ពីបុរាណកាលមក ។ ក្នុងឱកាសនៃជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក Joe Biden ប្រធានាធិបតីអាមេរិក ទទួលស្គាល់ពីស្ថិរភាព និងការអភិវឌ្ឍ របស់ប្រទេសចិន គឺសមស្របនឹងផល ប្រយោជន៍ របស់អាមេរិកនិងពិភពលោក ។ ទាំងចិន ទាំងសហរដ្ឋអាមេរិក សុទ្ធសឹងបង្ហាញពីឆន្ទៈ ក្នុងការគ្រប់គ្រង បាននូវការខ្វែងគំនិត ដើម្បីចៀស វាងកុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នា ដោយសារការវិនិច្ឆ័យ ខុសឆ្គងឬការប្រកួតប្រជែង គ្នាខ្លាំង។

ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការបើកចំហសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងបញ្ហាជាសារវន្តនានា របស់ពិភពលោកត្រូវបានផ្ទៀងផ្ទាត់ ជាមួយសកម្មភាពជាច្រើន របស់ប្រធានរដ្ឋចិន នៅក្នុងវេទិកាG20 បានបញ្ជាក់ពីភាពស្វាហាប់ និងការទូត តាមបែបផែនចិន ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចំពោះបញ្ហាសកលដូចជាបញ្ហា នៃការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ចោលឲ្យ អស់នូវរាល់គំនិតចង្អៀតចង្អល់ នៃល្បែងផលបូកស្មើសូន្យ ដែលអាចឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃជំនួបរវាងចិននិងអាមេរិក ចិននិងកូរ៉េខាងត្បូង ចិននិងហូឡង់ជាដើម ។ លើសពីនេះចិន បានបង្កើននូវ ការអភិវឌ្ឍប្រកប ដោយចីរភាពនិងការធានា ឲ្យមានការរីកចម្រើនផ្នែក អរិយធម៌ គឺជាអ្វីដែលមនុស្សជាតិចង់បាន នោះគឺការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយដែលជាបេសកកម្មចម្បង សម្រាប់ G20 ខិតខំក្នុងការសម្រេច ឲ្យបាននូវការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ ហើយនេះក៏ជាទស្សនវិជ្ជា របស់ចិនក្នុងការកសាង អនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នា ទៅវិញទៅមក និងការអភិវឌ្ឍរួមនៃរង្វង់ស្មារតី នៃការស្វែងរកភាព សុខដុមរមនា បើទោះបីជាចិនយល់ស្រប ពីដំណើរមាគ៌ាអភិវឌ្ឍ នៃប្រទេសនីមួយៗមិនដូចគ្នាក៏ដោយ ។

ដើម្បីសហគមន៍រួមជីវិត រវាងមនុស្សជាតិនិងធម្មជាតិ ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសG20 បានចូលរួមដាំដើមឈើ សាមគ្គីនៅក្នុងតំបន់ព្រៃកោងកាងទុក ជាអនុស្សាវរីយ៍ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបាននិងកំពុងបង្ហាញ ពីការចូលរួមយ៉ាងសកម្ម នៅក្នុងគោលគំនិត អរិយធម៌របស់ចិន ដែលតែងឲ្យតម្លៃទៅលើភាព សុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ ។ គោលគំនិតនេះ ចិនបានបង្ហាញយ៉ាងច្បាស់ ចេញជារូបរាងយ៉ាងប្រត្យក្ស នៅក្នុងផែនការ៥ឆ្នាំ លើកទី១៣ របស់ខ្លួនមកម៉្លេះ ។ ចិនជាប្រទេសដែលបានកសាង រួចរាល់និងពេញលេញនូវប្រព័ន្ធ ថាមពលដែលបញ្ចេញកាបូនតិច អភិវឌ្ឍឲ្យ មានអាគារបៃតង និងការដឹកជញ្ជូនដែលបញ្ចេញកាបូនតិច ហើយកសាងទីផ្សារពាណិជ្ជកម្ម ឧស្ម័នកាបូនិកដែលបានបញ្ចេញចោលនៅទូទាំងប្រទេស ដើម្បីជំរុញគំរូនៃទំនើបកម្ម បែបថ្មីដែលផ្តល់នូវភាព សុខដុមរវាងមនុស្ស និងធម្មជាតិ។

ជារួម G20 ដែលកំពុងប្រឹងប្រែងក្នុងការដោះស្រាយ នូវបញ្ហាសកល គឺជាបេសកកម្មរួមរបស់មនុស្សជាតិ ដែលជាគោលគំនិតដើមរបស់ចិន ស្តីពីការកសាងសហគមន៍ ជោគវាសនារួម ។ នៅក្នុងវេទិកា G20 គ្រប់ប្រទេសទាំងអស់ ដែលបានចូលរួម និងបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក កំពុងយកចិត្តទុកដាក់សម្លឹង មើលមកប្រទេសចិន ដែលជាការបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ ពីតួនាទីកាន់តែសកម្ម និង សំខាន់របស់ប្រទេសចិន ក្នុងការចូលរួមចំណែកដល់ការបង្កើត យន្តការសកលប្រកបដោយ សមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការដោះស្រាយបញ្ហាសកល និងការអភិវឌ្ឍសកលប្រកប ដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងការទូតអន្តរជាតិ តាមបែបផែនចិនដែលផ្អែកលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top