នយោបាយ

រដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់២

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបាននិងកំពុងបើកសម័យប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ចំនួន២ នៅព្រឹកថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការចូលរួមចំនួន១០៧រូប។


សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖


១- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន៩ជំពូក ១០៩មាត្រា។ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ។ ចំណែក លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

  • សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត មាន១៥ជំពូក ៦៥មាត្រា។ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ ។ ចំណែក លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់៕
To Top