នយោបាយ

បទវិភាគ ៖ តើកំណើនផលិតផល ក្នុងស្រុកសរុប ៥% របស់ប្រទេសចិន ក្នុងឆ្នាំ ២០២៣ បង្ហាញពីសញ្ញាអ្វី ?

បន្ទាប់ពីព្រឹត្តិការណ៍ជាតិ ដ៏សំខាន់របស់ប្រទេសចិន គឺសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីចុងឆ្នាំ ២០២២ នៅដើមខែមីនាឆ្នាំ ២០២៣ នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត បានប្រារព្ធឡើង នៅក្រុងប៉េកាំង នោះគឺមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន និងមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំង ប្រទេសចិន ដែលប្រជាជនចិន តែងហៅថា «មហាសន្និបាតនៃសភាទាំងពីរ» ។

មហាសន្និបាតទាំងពីរលើកនេះ ជាការចាប់ផ្តើមដំណើរ ធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានដាក់ចេញក្នុងសមាជបក្ស កម្មុយនីស្តចិនលើកទី ២០ ហើយក៏ជាការប្តូរអាណត្តិ នៃថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលចិនផងដែរ ។ អាស្រ័យហេតុនេះ អាចនិយាយបានថា នេះជាព្រឹត្តិការណ៍ ដែលពាក់ព័ន្ធ នឹងការកំណត់ជោគវាសនា ក៏ដូចជាទិសដៅ នៃការអភិវឌ្ឍ របស់ប្រទេសជាតិនាថ្ងៃអនាគត ។

បើតាមរបាយការណ៍ ការងាររដ្ឋាភិបាល ដែលថ្លែងដោយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនក្នុងមហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី ១៤ ឱ្យដឹងថា កំណើនផលិតផល ក្នុងស្រុកសរុប (GDP) របស់ចិនក្នុងឆ្នាំ ២០២២ ត្រូវជា ៣% ។ តាមការរំពឹងទុក GDP ប្រចាំឆ្នាំ ២០២៣ នឹងមានកំណើន ៥% ។ តើការដាក់ចេញទិស ដៅមួយនេះបង្ហាញពីសញ្ញាអ្វី ?

គួររំឮកថា មុនពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ កំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិនគឺស្ថិតនៅចន្លោះពី ៦ ទៅ ៧ ភាគរយជារៀងរាល់ឆ្នាំ តែបន្ទាប់ពីកើតមានវិបត្តិជំងឺ ឆ្លងក្នុងរយៈពេលជាងបីឆ្នាំ , GDP របស់ចិនបានធ្លាក់មកត្រឹម ២ ឬ ៣ ភាគរយប៉ុណ្ណោះ ។ ឯការដាក់ចេញទិសដៅកំណើន ៥% ក្នុងឆ្នាំ ២០២៣ ជាសញ្ញាប្រាប់ពិភពលោកថា នាគយក្សនៅអាស៊ីមួយនេះចាប់ផ្តើមងើបឡើងវិញហើយ ។

ជាការពិតណាស់ វិបត្តិជំងឺឆ្លងបានធ្វើឱ្យសេដ្ឋកិច្ច ពិភពលោករងរបួសយ៉ាងដំណំ ក្នុងនោះក៏បូករួមទាំងប្រទេសចិនផងដែរ ។ ពិតមែនតែចិន នៅតែរក្សាកំណើនវិជ្ជមាន ក្នុងអំឡុងពេលមានវិបត្តិក្តី តែសេដ្ឋកិច្ចចិនក៏រង ផលប៉ះពាល់មិនតិចដែរ ។ យ៉ាងណាមិញ អ្វីដែលញ៉ាំងឱ្យសេដ្ឋកិច្ចចិន នៅតែអាចរក្សាភាពធន់និងរស់រវើក គឺគោលនយោបាយជាតិ របស់ចិនដែលប្រកាន់ខ្ជាប់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយដៃគូពាណិជ្ជកម្ម ទូទាំងពិភពលោក ។

ក្រៅពីនេះ ទីផ្សារក្នុងស្រុកដ៏ធំសម្បើម ដែលមានចំនួនប្រជាជនជាង ១.៤០០ លាននាក់របស់ចិន ជាឧត្តមភាព ដែលមិនអាចជំនួសបាន ក្នុងការរក្សាស្ថិរភាព នៃសេដ្ឋកិច្ចរបស់ខ្លួន ។ ទីផ្សារដ៏មានសក្តានុពលនេះ ជាចន្ទល់ដ៏រឹងមាំ នៃកំណើនសេដ្ឋកិច្ចចិន និងជាដើមទុនសម្រាប់ប្រទេសចិន ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសលើពិភពលោក ។

ការដាក់ចេញគោលដៅកំណើន GDP ប្រចាំឆ្នាំចំនួន ៥% វាមិនមែនដាក់ចេញ ដោយប្រយោលទេ ។ យើងសង្កេតឃើញថា នៅដើមឆ្នាំ ២០២៣ នេះ ប្រទេសចិន បានបើកប្រទេសឡើងវិញ ដែលជាសញ្ញា ដ៏វិជ្ជមាន សម្រាប់ការស្តារពាណិជ្ជកម្មឆ្លងដែន និងការប្រាស្រ័យទាក់ទង រវាងប្រជាជនចិន និងប្រជាជន នៃបណ្តាប្រទេសឡើងវិញ ដោយគ្រប់ ជ្រុងជ្រោយ ។ ឯពាណិជ្ជករធំៗរបស់ចិនក៏បានក្តាប់ឱកាសនេះ ចេញទៅស្វែងរកឱកាសពាណិជ្ជកម្ម ដោយផ្ទាល់នៅបរទេសដោយបូករួម ទាំងការកៀរគរទុនវិនិយោគ និងការបណ្តាក់ទុន ។

ជានិច្ចកាល រដ្ឋាភិបាលចិន តែងតែចាត់ទុកសហគ្រាស និងសហគ្រិនឯកជនជាកម្លាំងចលករ ដ៏សំខាន់នៃការជំរុញកំណើន សេដ្ឋកិច្ចជាតិ ដោយជំរុញនិងលើកទឹកចិត្តឱ្យសហគ្រាសចិន«ដើរចេញទៅក្រៅ» ពោលគឺ ទៅបណ្តាក់ទុននៅក្រៅប្រទេសដើម្បីសម្រេច នូវផលប្រយោជន៍ឈ្នះ-ឈ្នះ ។ កន្លងមក ផ្អែកលើយុទ្ធសាស្ត្របើកទូលាយដោយមា្ចស់ការរបស់ប្រទេសចិន ក្រោមការរួមគ្នាកសាងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» បានធ្វើឱ្យប្រទេសនិង តំបន់ជាង ១៤០ លើពិភពលោកក្លាយជាដៃគូ ពាណិជ្ជកម្ម សំខាន់ របស់ប្រទេសចិន ដែលបាននាំមកនូវ ផលប្រយោជន៍រួមនិងកាលានុវត្តភាព អភិវឌ្ឍន៍ថ្មី សម្រាប់ប្រទេសចិន និងពិភពលោកទាំងមូល ។

ជារួម តាមរយៈគោលដៅកំណើន GDP ចំនួន ៥% គឺជាការបង្ហាញពីអាកប្បកិរិយា របស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ការបើកទូលាយដោយកម្រិតខ្ពស់ ការអភិវឌ្ឍដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ហើយក៏ជាការបញ្ចេញ សញ្ញាទៅកាន់ ពិភពលោកផងដែរថា គ្មានអ្វីអាចរារាំងដំណើរកសាង ប្រទេសសង្គមនិយមទំនើប មានលក្ខណៈពិសេសចិននិងជំហាន ស្តារភាព រុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើង វិញបានឡើយ ។ លើសពីនេះ ប្រទេសចិន រីករាយចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍របស់ខ្លួនជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាស្តារសេដ្ឋកិច្ច សកលឡើងវិញ ក៏ដូចជាឈានដល់ការសម្រេចគោលដៅ កសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិក នៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top