នយោបាយ

លោក ញឿន រ៉ាដែន ៖ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនឹងអាចទទួលបានអសនៈក្នុងរដ្ឋសភា

រូបភាពពី៖​ ដើមអម្ពិល

ភ្នំពេញ ៖ ក្រោយអាក់ខានមិនបានទទួលសំឡេងគាំទ្រពីប្រជារាស្រ្តអស់២អាណត្តិ តាមរយៈលោក ញឿន រ៉ាដែន អ្នកនាំពាក្យវ័យក្មេងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានអសនៈក្នុងរដ្ឋសភា ។

គណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមដែលមានវ័យចំណាស់បំផុតបន្សល់ទុកពីព្រះបរមរតនកោដ្ឋ និងពីសម្តេចក្រុមព្រះ បានអវត្តមានទទួលអសនៈក្នុងរដ្ឋសភាចំនួន២អាណត្តិជាប់ៗគ្នាមកហើយ (២០១៣និង២០២១៨)។ អ្វីជាក្តីសង្ឃឹមរបស់បក្សនេះ តាមរយៈអ្នកដឹកនាំវ័យក្មេងមានឈាមជ័រជាខ្សែរាជវង្សដែលមាន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សបន្តដឹកនាំពីព្រះបិតាព្រះអង្គ ។ នេះបើតាមការអះអាងរបស់លោក ញឿន រ៉ាដែន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈបទសម្ភាសន៍កាលពីប៉ុន្មានថ្ងៃមុន ។

លោកគូសបញ្ជាក់ថា “គណបក្សហ្វ៊ុនស៊ិនប៉ិចយើងសម្រាប់អាណត្តិនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំណាស់ ដោយសារព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ មកដឹកនាំគឺជាបញ្ញវន្តវ័យក្មេង ហើយព្រះអង្គជាក្រដាសសស្អាត ជាអ្នកដឹកនាំបន្តវេន ព្រោះលោកក៏ជាយុវជនមួយអង្គដែរ ដែលធ្លាប់មានបទ ពិសោធន៍ដង្ហែសម្តេចក្រុមព្រះ ជាពិសេសទទួលបានឱវាទពីសម្តេចក្រុមព្រះ និងពីសម្តេចតា (អតីតព្រះមហាក្សត្រ)”។

លោកថា ព្រះអង្គម្ចាស់ ចក្រាវុធនឹងអនុវត្តទៅតាមការទទួលបានការឱវាទពីព្រះបិតា និងសម្តេចតារបស់ព្រះអង្គ ព្រោះជាញឹកញាប់ព្រះអង្គម្ចាស់ចក្រាវុធតែងតែមានព្រះបន្ទូលថា ការឈឺរបស់ប្រជារាស្រ្ត១ដង គឺស្មើនឹងការឈឺចាប់របស់អង្គមួយលានដង ។

បន្ថែមពីលើក្តីសង្ឃឹមដូចលោកអះអាងថា ទទួលបានការគាំទ្រច្រើនរហូតអាចទទួលបានអសនៈក្នុងរដ្ឋសភាសម្រាប់អាណត្តិថ្មីក្រោមការដឹកនាំពីព្រះអង្គម្ចាស់ចក្រាវុធនេះ ដោយសារពេលយាងចុះមូលដ្ឋានជួបប្រជារាស្រ្តគឺមានការគាំទ្រយ៉ាងក្លាវក្លា ។ នេះបើតាមលោក ញឿន រ៉ាដែន៕

To Top