នយោបាយ

លោក ម៉ម សូណង់ដូ នឹងបង្កើតទីសម្រាកបោះតង់រដ្ឋសម្រាប់កំសាន្តគ្រប់តំបន់ទេសចរណ៍ ពេលជាប់ឆ្នោត

ភ្នំពេញ ៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅក្រៅប្រទេស(បារាំង)អស់ជាច្រើនទសវត្សលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលនៅឆ្នាំនេះមានវ័យ៨០ឆ្នាំប្លាយហើយនោះ បានសន្យាថា នៅពេលឈ្នះឆ្នោត នឹងបង្កើតទីសម្រាកបោះតង់របស់រដ្ឋ ដើម្បីទុកជាកំសាន្តនៅគ្រប់តំបន់ទេសចរណ៍ ឲ្យដូចទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ។

ក្នុងចំណោមគោលនយោបាយទាំងជិត១០ចំណុចរបស់គណបក្សដាក់ចេញ គឺវិស័យទេសចរណ៍ ត្រូវបានលោក ម៉ម សូណង់ដូក៏ផ្តល់អាទិភាពសំខាន់មួយផងដែរ ដោយលោកសន្យាថា នឹងបង្កើនវិសាលភាពបន្ថែមពីលើប្រភេទទេសចរណ៍វប្បធម៌បច្ចុប្បន្ន ដោយផ្តល់ឲ្យអ្នកទេសចរ ទាំងក្នុងស្រុកនិងក្រៅស្រុកនូវកញ្ចប់ផលិតផលថ្មីដែលមានសក្តានុពល ដូចជា ទេសចរណ៍ធម្មជាតិជាដើម ។

តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ម៉ម សូណង់ដែលជាមេដឹកនាំគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យបានលើកឡើងថា “បង្កើតទីសម្រាកបោះតង់របស់រដ្ឋនៅគ្រប់ទីតាំងទេសចរណ៍ ដែលមានសក្តានុពលនឹងមានផាសុកភាពគ្រប់គ្រាន់”។

ក្នុងនោះលោកថា ក៏នឹងបង្កើតជាពិព័ណ៌រាត្រីសមោសរ ការប្រកួតប្រជែងកីឡាផ្សេងៗ ជាលក្ខណៈអន្តរជាតិ ការនេសាទកំសាន្ត ការប្រកួតប្រជែងក្នុងវិស័យសិល្បៈគ្រប់រដូវកាល ព្រមទាំងអភិវឌ្ឍន៍និងកែលម្អវិស័យម្ហូបអាហារជាតិ-អន្តរជាតិ។

សូមបញ្ជាក់ថា មុននឹងឈានមកបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដូចបច្ចុប្បន្ននេះ លោក ម៉ម សូណង់ដូ គឺជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលបានបង្កើតឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១០៕

To Top