ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យត្រៀមបញ្ចេញរថយន្តក្រុង ដឹកកម្មករទៅបោះឆ្នោតតាមបណ្ដាខេត្តនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា បាននិងកំពុងគិតគូរឲ្យលម្អិត ទាំងទីតាំងនិងពេលវេលាចេញដំណើរតាមលក្ខណៈបច្ចេកទេស។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារាត្រីថ្ងៃទី១១កក្កដានេះ លោក ម៉េត មាសភក្តី បានឲ្យដឹងថា “ដោយឡែករឿងត្រៀម បញ្ចេញឡានក្រុងនេះ គឺបានដឹងហើយថា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ លោកបាន ធ្វើការណែនាំហើយ ចឹងទេរដ្ឋបាលរាជធានីភ្នំពេញ គឺកំពុងបន្តការរៀបចំ គិតគូរលម្អិត ថាតើយើងប្រើចន្លោះពី៣០០ ទៅដល់ ៣៥០គ្រឿង គឺយើងគិតគូរឲ្យល្អិត ថាតើយើងអាចរត់ឲ្យអស់ ទៅដល់៣៥០គ្រឿងនេះ បានឬក៏យ៉ាងណា ហើយទីតាំងដែលត្រូវចេញ ពេលវេលាដែលត្រូវចេញ សម្រាប់ដឹកជញ្ជូននេះ យ៉ាងណាឬយ៉ាងណា ក្រុមការងារកំពុងតែគិតគូរបន្ថែមទៀត ជាលក្ខណៈបច្ចេកទេសផង ជាអីផងលម្អិតទៅលើការអនុវត្តការងារ ឬលើការរអនុវត្ត នូវអនុសាសន៍របស់សម្តេចតេជោ” ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជា ឱ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកកម្មករ កម្មការិនីទៅបោះឆ្នោត នៅថ្ងៃទី២៣កក្កដាខាងមុខនេះ ដោយមិនមានការរើសអើង និន្នាការនយោបាយ ហើយមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរ ជាមួយសន្លឹកឆ្នោតនោះទេ៕