ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងអ្នកសង្កេតការណ៍អន្ដរជាតិថា គណបក្សនយោបាយចំនួន២ មិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងនីតិវីធី ក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការឆ្លើយតបរបស់ ក្រុមអ្នកនាំពាក្យ គ.ជ.ប បែបនេះ នាឱកាសអញ្ជើញទទួលជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន រួមទាំងសហការីចំនួន ៧រូប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តែងការគួរសម និងស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ក្នុងជំនួបនោះដែរ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានលើកឡើងនូវសំណួរមួយចំនួន ដូចជា ៖ ចំនួនអ្នកសង្កេតការជាតិ និងអន្តរជាតិ, ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានសម្រេចបដិសេធ ចំនួន ២គណបក្ស, សកម្មភាពឃោសនាបោះឆ្នោតជាដើម។
ក្រុមអ្នកនាំពាក្យ បានឆ្លើយតបថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ជាង ៦០០នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០នាក់តែប៉ុណ្ណោះ។
ក្រុមអ្នកនាំពាក្យ គូសបញ្ជាក់ថា «ចំពោះហេតុផលដែលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី»។
ក្រុមអ្នកនាំពាក្យ បន្ដថា រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ពេលនេះ មានរយៈពេល ២០ ថ្ងៃហើយ។
សូមរំលឹកថា គណបក្សនយោបាយ ចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងនោះ បំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕








