ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃ២២-២៣ កក្កដា .
យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ បានឲ្យដឹងថា កន្លងមកសង្កេតឃើញការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើន អាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឲ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។
ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាលណែនាំ ឲ្យប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករទាំងអស់ ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាល ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាច បណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។
រាជរដ្ឋាភិបាលក៏បានណែនាំក្រសួង ស្ថាប័ន កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានណែនាំក្រសួងព័ត៌មាន សហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំនេះ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យបានយល់ជ្រួតជ្រាប និងអនុវត្តឲ្យមានប្រសិទ្ធភាព ៕