ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីយប់ថ្ងៃទី២១ ខែកក្កដា រហូតដល់យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមអនុលោមតាមមាត្រា ៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។
ដូច្នេះគ.ជ.ប គូសបញ្ជាក់ថា «សូមអំពាវនាវដល់គ្រប់គណបក្ស នយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១០យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង១២យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣»។
គ.ជ.ប បន្ដថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។
គ.ជ.ប បន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុង ដំណាក់កាលនេះ ពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់ សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់ គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រឡំ នាំឱ្យបាត់ ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
លើសពីនេះ គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។ គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តតាមការអំពាវនាវនេះឲ្យមានប្រសិទ្ធភាព៕