ភ្នំពេញ ៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉េង វីរៈ បានបង្ហាញការសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ ។ ការបង្ហាញពីអារម្មណ៍ស្តាយស្រណោះនេះ ធ្វើឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក នាថ្ងៃ២៤ កក្កដា ក្រោយបោះឆ្នោត១ថ្ងៃ ។
លទ្ធផលយ៉ាងណាក៏ដោយ ក៏លោកថ្លែងអំណរគុណដល់ពលរដ្ឋបោះឆ្នោតបក្សលោកផងដែរ “ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈ នៅរដ្ឋសភានីតិកាលទី៧នេះ” ។
ប៉ុន្តែទោះបីជាពលរដ្ឋមិនបានបោះឆ្នោតគាំទ្រឲ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏លោកអះអាងថា មិនមានការខកចិត្តខកបំណងអ្វីដែរ “ខ្ញុំមិនដែលមានបំណងប៉ងលើតំណែងតួនាទីអ្វីទេ ខ្ញុំបានបំពេញការងារកន្លងមកដោយមនសិការសុច្ចរិត និងពេញចិត្តនឹងបំពេញការងាររក្សាឧត្តមគតិ ពង្រឹងគោលជំហររឹងមាំទោះជាឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ។
លោកសង្ឃឹមថា ពលរដ្ឋទាំងអ្នកបានគូសយក និងអ្នកគូសចោល(ខ្វែង) ពេញចិត្តនឹងលទ្ធផលនេះ ក្នុងការប្រគល់អំណាចទៅគណបក្សនិងបេក្ខជនជាប់ឆ្នោតឲ្យធ្វើជាតំណាងការពារសិទ្ធិប្រយោជន៍ខ្លួននិងដឹកនាំប្រទេស។
លោកក៏សូមផ្ទេរការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យឲ្យអ្នកជំនាន់ក្រោយដើម្បីបន្តវេន ព្រោះវាសនានៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា អាស្រ័យលើប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាពិសេសយុវជនជំនាន់ក្រោយ៕