នយោបាយ

សម្តេច ស ខេង ៖ បើពលរដ្ឋ គូសសន្លឹកឆ្នោតចោល ក៏គ្មានទោសដែរ

រូបភាពពី៖ ហ្វេសប៊ុក

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្ត មិនទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោល ក៏គ្មានទោសអ្វីដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃ ទី២ ខែសីហា ឆ្នាំ២០២៣ សម្តេច ស ខេង បានរំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រទេសកម្ពុជាបានដំណើការការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ២០២៣ -២០២៨ ដោយការរៀបចំការបោះឆ្នោតនេះ ស្របតាមរដ្ឋធម្មនុញ ដែលដំណើរការ ៥ឆ្នាំម្តង ទន្ទឹមនេះក៏ស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតដែលមានជាធរមាន និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។

សម្ដេច មានប្រសាសន៍ថា «លោកមិនពេញចិត្ត មិនសប្បាយ លោកមិនទៅបោះឆ្នោត ក៏លោកគ្មានកំហុស គ្មានទោសពៃអ្វីនោះទេ ហើយការដែលទៅបោះឆ្នោតមិនសប្បាយចិត្តហើយទៅបោះឆ្នោត ដោយគូសសន្លឹកឆ្នោតចោល ក៏លោកអត់មានទោសពៃអ្វីដែរ»។

សម្ដេច បន្ដថា ក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើរហិង្សា គ្មានភាពប្រទូស្តរាយ កើតឡើងនៃការបោះឆ្នោត ហើយជាការបោះឆ្នោតមួយស្របតាមលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ គឺជាអ្នកដែលមានសិទ្ធិ អញ្ជើញទៅបោះឆ្នោត ដែលតួរលេខនៃអ្នកដែលបានទៅបោះឆ្នោតមានរហូតដល់ទៅ៨៤% មានន័យថាជាង ៨លាននាក់ បើប្រៀបធៀបទៅនឹងឈ្មោះ អ្នកដែលអាចបោះឆ្នោតដែលមាន៩លាននាក់ជាង។

សម្តេច លើកឡើងថា នេះជាចំនួនដ៏លើសលប់បើប្រៀបធៀបទៅនឹងការបោះឆ្នោតលើកមុនៗ ពិសេសលើការបោះឆ្នោតចុងក្រោយ នៅខែមិថុនា ឆ្នាំ២០២២ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយបើប្រៀបធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ការជ្រើសរើសសមាជិករដ្ឋសភា ក៏ចំនួនច្រើនជាងដែរ៕

To Top