ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា «ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងមានប្រកាសស្ដីពីការចុះបញ្ជីផ្លូវការ បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខ ប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រសួងមហាផ្ទៃ សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន»។
ក្រសួង បន្ដថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាល នៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើការបញ្ជាក់នីត្យានុកូលកម្មលើប្រកាសស្តីពីការចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា។
ក្រសួងធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្ក លក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ របស់គណបក្សនយោបាយដែលបាន ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះ បញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
លើសពីនេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ជួយសម្របសម្រួលក្នុងការចេញ លិខិតបញ្ជាក់ពីភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ភ្នាក់ងារគណបក្សនយោបាយ ជូនភ្នាក់ងាររបស់គណបក្ស នយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ ក្នុងការចុះឈ្មោះជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សនយោបាយ៕