សន្ទរកថា
របស់លោកជំទាវ ភឿង សកុណា
ថ្លែងតាមរយៈវីដេអូ ONLINE
ជម្រាបសួរបងប្អូនជនរួមជាតិនិងមិត្តភក្តិជិតឆា្ងយទាំងអស់ជាទីមេត្រី !
ថ្ងៃនេះខ្ញុំមានកិត្តិយសបានចូលរួមជាមួយជនរួមជាតិទាំងអស់ និង មិត្តភក្តិនៅក្នុងពិព័រណ៍រូបថត ជាពិសេសផ្ទាំងគំនូរថាំង ខា នៅក្នុងខេត្ត កានស៊ុ ប្រទេសចិន៖
*កានស៊ុ(Gan Su)ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យ នៃប្រទេសចិន ជាទីកំណើតមួយនៃប្រជាជាតិ និង អរិយធម៌ចិន។ ខេត្តនេះមានផ្ទៃក្រឡា ៤៥៤ពាន់ គីឡូម៉ែត្រការេ មានប្រជាជនសរុប ២៦លាននាក់ រួមមាន៥៥ជនជាតិ។ វិថីសូត្រលាតសន្ឋឹងចម្ងាយ ១៦០០គីឡូម៉ែត្រ នៅក្នុងខេត្តនេះប្រមូលផ្តុំ ដោយធនធានធម្មជាតិ សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រាប់មិនអស់ និង សណ្ឋានដីប្លែកៗជាច្រើន ហើយត្រូវបានគេស្គាល់ថាជាផ្នែកមាសនៃជំនួញសូត្រ។ តំបន់ស្វយ័តកានណាន់(Gan Nan)ជនជាតិទីបេ មានទីតាំងនៅចំនុចប្រសព្វនៃខេត្តកានស៊ុ(Gan Su) ឈីងហៃ(Qing Hai) និង ខេត្តស៊ីឈួន(Si Chuan) តំបន់ប្រសព្វនៃខ្ពង់រាបឈីងហៃ ខ្ពង់រាបទីបេ និង ខ្ពង់រាបដីលឿង និងជាចំណុចប្រសព្វនៃទន្លេយ៉ាងសេ និង អាងទន្លេលឿង។ ដែលមានទេសភាពវាលស្មៅដ៏ប្រណិតបំផុតនៅអាស៊ី និង ប្រាសាទបុរាណ លូឈីLu Qi ដែលត្រូវបានគេប្រសិទិ្ឋនាមថា “ប្រទេសស្វីសតូចនៃខាងកើត” ទំនៀមទម្លាប់ប្រជាប្រិយបែបជនជាតិទីបេ សាមញ្ញ និង គ្មានការរំខាន Labrang Monastery ជាសាកលវិទ្យាល័យធំមួយ ក្នុងចំណោមសាកលវិទ្យាល័យធំៗទាំង៦ ដែលជាប្រភពដើមនៃការផ្សព្វផ្សាយព្រះពុទ្ឋសាសនាទីបេ ។ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ស្វយ័តកានណាន បានប្រកាន់ខ្ជាប់នូវការអភិវឌ្ឈន៍បៃតង ពង្រីកវិសាលភាពឧស្សាហកម្ម ជំរុញការធ្វើសមាហរណកម្មវប្បធម៌ និង ទេសចរណ៍ ខិតខំពុះពារជំនះភាពក្រីក្រ និង លុបបំបាត់ភាពក្រីក្រដាច់ខាតជាប្រវត្តិសាស្ត្រ បង្ហាញពីទិដ្ឋភាព និងវិបុលភាពដ៏ខ្លាំងក្លានៃតំបន់ស្វយ័តមួយនេះ ។
ការតាំងពិព័រណ៍រូបថតលើកនេះ រួមមានរូបភាពចំនួន ៨០ផ្ទាំង និងផ្ទាំងគំនូរ ថាំង ខា ដែលជារូបគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះមានពីរផ្នែក ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និង វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជនចិនខេត្តកានស៊ុ និង ផ្នែកទី២ បង្ហាញពីប្រសិទិ្ឋភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់របស់ជនជាតិភាគតិចទីបេ និង របៀបនៃការផ្លាស់ប្តូរអន្តរកម្មរវាងជនជាតិភាគតិចនិមួយៗនៅក្នុងខេត្តនេះ។
*គំនូរ ថាំង ខា នៅក្នុងន័យដើមនៃភាសាទីបេ មានន័យថា គំនូររៀបស្មើ ពន្លាត ឬក៏ លាតសន្ធឹង វាគឺជាសិល្បៈគំនូរបត់របស់ជនជាតិទីបេ ដែលមានលក្ខណៈប្លែក អត្ថន័យនៃរូបគំនូរ គឺមានគ្រប់បែបយ៉ាង រួមមានប្រវត្តិនៃព្រះពុទ្ឋសាសនា រឿងព្រេងនិទាន តារាសាស្ត្រ ប្រតិទិន ឱសថបុរាណទីបេ ជាដើម។ល។ សុទ្ឋតែអាចកត់ត្រាបញ្ចូលក្នុងគំនូរ ថាំង ខា ហើយវាជាវត្ថុសិល្បៈអរូបិយជាតិរបស់ចិនដ៏មានតម្លៃខាងបេតិកភណ្ឌវប្បធម៌ផងដែរ។ ថ្នាំពណ៌ទាំងអស់ដែលបានប្រើនៅលើគំនូរថាំងខាគឺប្រើ លោហៈធាតុមាស ប្រាក់ គុជខ្យង ផ្កាថ្ម ថ្មស្រល់ ថ្មក្ងោក និង រ៉ែត្បូង ជាដើម សុទ្ឋតែជាប្រភេទរ៉ែនិងត្បូងថ្មមាន តម្លៃ។ សារធាតុពណ៌ទាំងឡាយនេះសុទ្ឋសឹងតែជាវត្ថុធម្មជាតិ អាចធានាបាននូវពណ៌ស្រស់ត្រកាល នៃគំនូរ និងភាពទាក់ទាញក្រសែភ្នែកអ្នកទស្សនាជានិច្ច ។ ទោះបីបានឆ្លងកាត់រយៈពេលរាប់រយឆ្នាំ ទៅហើយក្តី រូបគំនូរបត់ទាំងនេះក៏នៅតែមានភាពស្រស់ត្រកាលគួរឱ្យគយគន់។ ការគូរគំនូរបត់តម្រូវ ឱ្យធ្វើឡើងក្នុងភាពម៉ត់ចត់ និង មានវិធីសាស្រ្តដ៏ស្មុគស្មាញ ក្នុងនោះរួមទាំងពិធីថ្វាយគ្រូ ការធ្វើផ្ទាំងក្រណាត់សម្រាប់គូរ ការឩប្បត្តិករូបភាព ការតាំងពណ៌ ការវ័ណ្ឌខ្សែអំបោះ(ព័ទ្ធសីម៉ា)គំនូរ ការបញ្ចុះមាស ប្រាក់ ការបើកព្រះនេត្ រនិងការអភិសេកជាដើម។ល។
*តាមរយៈការតាំងពិព័រណ៍រូបភាព ជាពិសេសគំនូរ ថាំង ខា ភាគីចិនមានបំណងបើកទូលាយឱ្យ ទស្សនិកជននៅក្រៅប្រទេស ពិសេសប្រជាជនកម្ពុជាស្វែងយល់ពីវប្បធម៌ និង ទំនៀមទម្លាប់ របស់ជនជាតិភាគតិច នៅភាគពាយ័ព្យនៃប្រទេសចិន ដែលជាផ្នែកមួយសំរាប់ការកសាងស្ពានផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសចិននិងប្រទេសកម្ពុជាផងដែរ។
ខ្ញុំសូមគោរពអរគុណ នឹងសង្ឃឹមជឿជាក់ថា បងប្អូនជណរួមជាតិ និង មិត្តភក្តិទាំងអស់ បានរីករាយជាមួយការតាំងពិព័រណ៍គំនូរថាំង ខា ទាំងអស់នេះ៕