ភ្នំពេញ៖ ដោយពិនិត្យមើលឃើញ ទំនាក់ទំនងកាន់តែស្អិតរមួត រវាងកម្ពុជានិងចិន ដែលត្រូវបានចាត់ទុកថាជា “មិត្តដែកថែប” នោះ “វេទិកាស្មេរ៖ ស្តីអំពីទំនាក់ទំនង កម្ពុជា ចិន” ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកផ្តល់ជាទស្សនៈ និងចក្ខុវិស័យ ដូចជាទស្សនទាននានា របស់ថ្នាក់ដឹកនាំ ទាំងពីរ ក៏ដូចជាប្រជាជនទាំងពីរ ឆ្ពោះទៅរកការកសាង “សហគមន៍ជោគវាសនាតែមួយ”។
“វេទិកាស្មេរ ស្តីអំពីទំនាក់ទំនង កម្ពុជា ចិន” ត្រូវបានរៀបរៀង លោក សយ សុភា បេក្ខជនបណ្ឌិត ឯកទេសវិទ្យាសាស្រ្តនយោបាយ ដែលកំពុងសរសេរនិក្ខេបបទ ថ្នាក់បណ្ឌិត “ស្ដីពីទំនាក់ទំនង កម្ពុជា ចិនឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១៨” ។
វេទិកាស្មេរ ដែលចេញផ្សាយ នៅរៀងរាល់ថ្ងៃសុក្រ តាមរយៈគេហទំព័រព័ត៌មាន ដើមអម្ពិល (www.dap-news.com) គឺមានបំណង ការចែករំលែក ពីការស្រាវជ្រាវរបស់ លោក សយ សុភា នៅក្នុងកិច្ចការស្រាវជ្រាវរបស់លោក សម្រាប់ និក្ខេបបទ ថ្នាក់បណ្ឌិត ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត សភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី មានឋានៈស្មើ”ទេសរដ្ឋមន្ត្រី” រហូតមកដល់បច្ចុប្បន្ន(វិមានសន្តិភាព) ហើយឯកឧត្តម បណ្ឌិត សភាចារ្យ បញ្ចប់ស្នាដៃថ្មីមួយដែលមានចំណងជើងថា “កម្ពុជានៅចន្លោះសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិនប្រជាមានិត”/ “Cambodia between the United States of America and The People’s Republic of China” ដែលសាលាCamEd Business School កំពុងរៀបចំបោះពុម្ភ។ និងលោកបណ្ឌិត ស៊ូ វាសនា (សាស្រ្តាចារ្យណែនាំរង)។
“វេទិកាស្មេរ ស្ដីអំពីទំនាក់ទំនងកម្ពុជាចិន” សូមស្វាគមន៍នូវរាល់មតិរិះគន់ស្ថាបនា ដើម្បីឱ្យវេទិកា នេះកាន់តែមានភាពសុក្រឹត និងទទួលបានផ្លែផ្កា ដើម្បីជាប្រយោជន៍ ដល់មិត្តអ្នកអាន និងកុលបុត្រកុលធីតាខ្មែរ ក្នុងការទទួលបាននូវពុទ្ធិ ក្នុងការវិភាគពិចារណា ទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលធ្លាប់មានទំនាក់ទំនង អស់រយៈកាលជិត ២០០០ឆ្នាំ មកហើយ។
លោក សយ សុភា ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណដល់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលបានផ្ដល់លទ្ធភាព ដល់រូបលោក នៅក្នុងការសិក្សារៀនសូត្របន្ថែម ថ្នាក់បណ្ឌិតឯកទេស វិទ្យាសាស្រ្តនយោបាយ ព្រមទាំងក្រុមគ្រួសារ និងសហសេវិកទាំងអស់នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ផងដែរ។
លោក សុភា បានមានប្រសាសន៍បន្ថែមថា “ប្រទេសមួយ រីកចម្រើនទៅបាន ប្រកបដោយនិរន្តភាព លុះត្រាតែ ប្រជាជននៃប្រទេសនោះ មានចំណេះដឹង និងចំណេះធ្វើ ប្រកបដោយភាពប៉ិនប្រសប់ និងកែច្នៃខ្ពស់”
លោក បានលើកឡើងទៀត “បុព្វបុរសខ្មែរ បានសាងប្រាសាទរាប់ពាន់ នៅស្ទើរពាសពេញផ្ទៃចក្រភពខ្មែរ ខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត ត្រូវមានមោទនកភាព និងចាប់ផ្តើមស្តារ ខ្មែរឡើងវិញ។ សមិទ្ធផលជាតិ ៩វិច្ឆិកា ១៩៥៣ និង ២៩ ធ្នូ ១៩៩៨ ជារបស់ខ្មែរ “ពិតៗ”។
អំពីលោក សយ សុភា
លោក សយ សុភា កើតនៅឆ្នាំ១៩៨០ (១៩៨១ផ្លូវការ) មានបងប្អូនប្រុស ចំនួន៤នាក់—ទី១, លោក សយ សុភាព, ទី២, លោក សយ សុធា, ទី៣ លោក សយ សុភា និងទី៤, លោក សយ វិចិត្រ។
ឪពុកឈ្មោះ មាច សយ (ស្លាប់ ឆ្នាំ២០០៣–ធ្លាប់ប្រកបមុខរបរ ជាងទង), ម្តាយឈ្មោះ ស៊ិន សុគន្ធ មុខរបរមេផ្ទះ។ លោកឪពុក មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម និងអ្នកម្តាយ មានស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក សយ សុភា ក៏ជានិពន្ធនាយកនៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល (DAP Media Center )និងជាអគ្គលេខាធិការរង សមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច)។
លោកចាប់ផ្តើមអាជីពកាសែត នៅពាក់កណ្តាលឆ្នាំ២០០០ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកកាសែត ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយបានហាត់ការ និងបំរើការងារ នៅក្នុងអង្គភាព ទស្សនាវដ្តី និងកាសែតក្នុងស្រុក និងជាអ្នកឆ្លើយឆ្លងព័ត៌មាន វិទ្យុអូស្រ្តាលីខេមរភាសា (២០០៦ ដល់២០១៤) ផងដែរ។
លោកទទួលបានការបណ្ដុះបណ្ដាលការសិក្សា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសញ្ញាបត្រ បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៍ នៅឆ្នាំ ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តនីតិសាស្រ្ត និងវិទ្យាសាស្ត្រនយោបាយ នាឆ្នាំ២០១២ នៅសាកលវិទ្យាល័យ បៀលប្រាយ (BBU)។
បច្ចុប្បន្នលោក សយ សុភា បន្តការសិក្សាថ្នាក់បណ្ឌិត ឯកទេសវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប (AEU) ហើយលោកកំពុងសរសេរនិក្ខេបបទ “ស្ដីអំពីទំនាក់ទំនង កម្ពុជា ចិន ឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១៨”។
លោក ក៏ជាអតីតសិស្សវិទ្យាល័យ បាក់ទូក (១៩៩៥-១៩៩៨), អនុវិទ្យាល័យវត្តកោះ (១៩៩២-១៩៩៥), សាលាបឋមសិក្សាព្រះនរោត្តម (១៩៩១-១៩៩២) និងសាលាបឋមសិក្សា បដិវត្ត (១៩៨៦-១៩៩១)៕