ដើម្បីលាបព័ណ៌និងមួលបង្កាច់តំបន់ស៊ីនជាំង អាចនិយាយបានថា ប្រព័ន្ធសារព័ត៌មានលោកខាងលិចបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង !
នាពេលថ្មីៗកន្លងទៅនេះ ដើម្បីប្រឌិតពាក្យចចាមអារ៉ាមចំពោះតំបន់ស៊ីនជាំង ទូរទស្សន៍ស៊ីអិនអិនអាមេរិកបានផ្សាយដំណឹងអំពីសាក្សីម្នាក់ដែលជា”អតីតប៉ូលិសរបស់តំបន់ស៊ីនជាំង” ប៉ុន្តែ”ប៉ូលិស”រូបនេះបានរៀបរាប់រឿងមួយតាមរបៀបនិងពាក្យសំដីខុសៗគ្នា គឺ គ្មានទីសំអាងទាល់តែសោះ ។ អ្នកប្រើបណ្តាញអ៊ីនធើណេតមួយចំនួនបានរកឃើញថា ”សាក្សីម្នាក់នេះ”ក៏បានបង្ហាញមុខក្នុង”តុលាការពិសេសវៃវូអឺ”ដែលទទួលជំនួយជាប្រាក់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទៀតផង ។
មួយរយៈពេលកន្លងទៅនេះ បើមើលពីការផ្សាយដំណឹងអំពីតំបន់ស៊ីនជាំងនៃប្រព័ន្ធសារព័ត៌មានល្បីឈ្មោះប៉ែកខាងលិច ដូចជា ទូរទស្សន៍ស៊ីអិនអិនអាមេរិក ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសប៊ីប៊ីស៊ីនិងកាសែតញ៉ូវយ៉កថែមនៃអាមេរិកជាដើមអាចឃើញថា ប្រព័ន្ធសារព័ត៌មានទាំងនេះបានប្រកាន់ខ្ជាប់ទស្សនៈលំអៀងខាងមនោគមវិជ្ជា ហើយបានប្រឌិតព័ត៌មានក្លែងក្លាយនិងបំភាន់មជ្ឈដ្ឋានមតិអន្តរជាតិដោយចេតនាអាក្រក់ ។
ពី”ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម”និង”ការបង្ខិតបង្ខំមិនឱ្យបង្កកំណើត”ដល់”ការលុបបំបាត់ចោលវប្បធម៌”និង”សកម្មភាពប្រល័យពូជសាសន៍” សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបានទម្លាក់កំហុសគ្រប់បែបយ៉ាងទៅលើប្រទេសចិន អាចនិយាយបានថា ពួកគេបានប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង ។ប្រការនេះធ្វើឱ្យអ្នកផងទាំងពួងមានមន្ទិលសង្ស័យថា ហេតុអ្វីបានជាប្រទេសទាំងនេះធ្វើរឿងនេះយ៉ាងស្ទាត់ជំនាញអ៊ីច្ចឹង ? តើគំនិតប្រឌិតរឿងរ៉ាវទាំងនេះមកពីណា ?
ចម្លើយគឺសាមញ្ញាណាស់ ពោលគឺ ”កំហុស”ដែលពួកគេទម្លាក់ទៅលើប្រទេសចិនគឺ សុទ្ធតែជាកំហុសរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចហ្នឹងឯង ។
ពិតមែនតែអាមេរិកនិងលោកខាងលិចអួតអាងថា ខ្លួនជា”អ្នកគាំពារសិទ្ធិមនុស្ស” ប៉ុន្តែ ពួកគេពោរពេញទៅដោយគុណវិបត្តិ៖ដូចជា បានប្រព្រឹតិ្តបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងលុបបំបាត់ចោលវប្បធម៌ចំពោះជនជាតិ ដើមភាគតិច បានបំផុសសង្គ្រាមបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍នៃ ប្រទេសដទៃរាប់លាននាក់បាត់បង់ជីវិតឬរងរបួស រហូតដល់បានសម្លាប់ ជនសាមញ្ញតាមទំនើងចិត្តនៅបរទេស អាណានិគមនិយមនិងអនុត្តរភាពរបស់អាមេរិក និងលោកខាងលិច បានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយសិទ្ធិមនុស្សរាប់មិនអស់ តួនាទីរបស់ពួកគេដែលជា” គ្រូបង្រៀនប្រដៅកូនសិស្ស” ត្រូវផ្តួលរំលំរួចជាស្រេចហើយ ។
អ្នកដែលយល់ច្បាស់ពីប្រវត្តិសាស្រ្តអាមេរិកសុទ្ធតែដឹងច្បាស់ថា ឆ្លងតាមរយៈចលនាWestward Movement អាមេរិកបានបណ្តេញនិងសម្លាប់យ៉ាងគឃ្លើនចំពោះជនជាតិឥណ្ឌាអាមេរិកកាំងដែលបណ្តាលឱ្យចំនួនប្រជាជនជនជាតិឥណ្ឌាអាមេរិកកាំងបានកាត់បន្ថយពី ៥ លាននាក់នាឆ្នាំ ១៤៩២ ដល់ត្រឹមតែ ២៥ ម៉ឺននាក់នៅដើមសតវត្សរ៍ទី ២០ កម្រិតធ្លាក់ចុះគឺ ៩៥ ភាគរយ ។ និយាយត្រង់ទៅ ចំនួនប្រជាជនជនជាតិឥណ្ឌាអាមេរិកកាំងនៃប្រទេសអាមេរិកនៅកាលពីមុនមានចំនួន ២០ ដងជាងបច្ចុប្បន្ននេះ ។ ដោយឡែក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានអនុម័តលើ《សេចក្តីព្រាងច្បាប់ស្តីពីការរុះរើលំនៅដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកកាំង》កាលពីឆ្នាំ ១៨៣០ ជនជាតិឥណ្ឌាអាមេរិកកាំងដែលស្នាក់នៅភាគខាងកើតត្រូវបានរើលំនៅដ្ឋានទាំងស្រុងទៅកាន់តំបន់កំណត់ទុក ។ ក្នុងដំណើររើលំនៅដ្ឋានបានបណ្តាលឱ្យជនជាតិឥណ្ឌាអាមេរិកកាំងចំនួនប្រហែល ៤០០០ នាក់ស្លាប់បាត់បង់ជីវិត ។ ដូច្នេះ ជនជាតិឥណ្ឌាអាមេរិកកាំងបានចូលក្នុង”លំនៅដ្ឋានបណ្តោះអាសន្ន”ដោយខានពុំបានដែលបានបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកកាលនោះដើម្បីដាក់ឱ្យពួកគេនៅដាច់ដោយឡែកពីគេ ។ ទោះបីជាឆ្លងតាមរយៈការតវ៉ានិងការតស៊ូព្យាយាមជាច្រើនលើក ទីបំផុត ជនជាតិឥណ្ឌាអាមេរិកកាំងបានក្លាយជាពលរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែសភាពការណ៍រស់នៅរបស់ពួកគេនៅតែមានសភាពអាក្រក់បំផុតនៅទូទាំងអាមេរិក បណ្តាលឱ្យបញ្ហាសង្គមគ្រប់បែបយ៉ាងកើតឡើងជាញឹកញាប់និងការអភិវឌ្ឍសេដ្ឋកិច្ចមានភាពអន់ថយយ៉ាងខ្លាំង ។
នាពេលមុននេះមិនជាយូរប៉ុន្មាន ហេតុការណ៍ដែលបានរកឃើញសំណល់ឆ្អឹងសាកសពរបស់កុមារជនជាតិឥណ្ឌាអាមេរិកាំងនៅទីតាំងចាស់នៃសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដាធ្វើឱ្យមជ្ឈដ្ឋានមតិអន្តរជាតិចាប់អារម្មណ៍យ៉ាងទូលំទូលាយ ។ មុននឹងលាចាកលោក កុមារដែលបានស្លាប់ដោយអយុត្តិធម៌ទាំងនេះបានចេញឆ្ងាយពីឱពុកម្តាយនិងសាច់ញាតិ រស់នៅដោយគ្មានទីបង្អែក ទីបំផុតបានស្លាប់បាត់បង់ជីវិតដោយសាររងទារុណកម្មនិងគ្មានការថែទាំ ។ បទឧក្រិដ្ឋដែលល្មើសនឹងមនុស្សធម៌នេះធ្វើឱ្យមនុស្សដែលមានសតិសម្បជញ្ញៈទាំងអស់ខឹងសម្បាយ៉ាងខ្លាំង ! ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ ។ ការធ្វើបាបនិងរំលោភបំពានរបស់រដ្ឋាភិបាលកាណាដាទៅលើជនជាតិដើមភាគតិចមិនត្រឹមតែប៉ុណ្ណឹងនោះទេ ។
នេះមិនមែនជារឿងចៃដន្យនោះទេ នៅសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិឥណ្ឌាអាមេរិកាំងនៃប្រទេសអាមេរិក ក៏ធ្លាប់កើតមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះដែរ ។ វេបសាយរបស់កាសែត《The Christian Science Monitor》របស់អាមេរិកធ្លាប់ចេញផ្សាយអត្ថបទអះអាងថា ”គំនិត”នៃប្រព័ន្ធសាលារៀនបែបអន្តេវាសិកដ្ឋានរបស់ជនជាតិដើមភាគតិចនៃប្រទេសកាណាដា គឺមានប្រភពពីអាមេរិក ។ ដោយមកពីប្រទេសទាំងពីរសុទ្ធតែប្រឈមនឹងបញ្ហាដែលហៅថា ”ជនជាតិឥណ្ឌាអាមេរិកាំង”ដូចគ្នា បានជាកាលពីឆ្នាំ ១៨៧៨ លោក John Alexander Macdonald នាយករដ្ឋមន្ត្រីកាណាដាកាលនោះធ្លាប់ចាត់បញ្ជូនបុគ្គលពាក់ព័ន្ធទៅកាន់អាមេរិកដើម្បីរៀនសូត្រគោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាលអាមេរិក ។
ក្នុងសាលារៀនទាំងនេះ ហាមមិនឱ្យធ្វើរាល់សកម្មភាពវប្បធម៌ជនជាតិដើមភាគតិចទាំងអស់ កុមារជនជាតិដើមភាគតិចមិនព្រមឱ្យនិយាយភាសាកំណើត មិនត្រូវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី មិនត្រូវរក្សាម៉ូដសក់បែបប្រពៃណី ។
បញ្ញវន្តខ្លះប៉ាន់ប្រមាណថា ក្នុងសាលារៀនទាំងនេះ ប្រហែលមានកុមារជនជាតិឥណ្ឌាអាមេរិកាំងចំនួនជាង ៤ ម៉ឺននាក់ស្លាប់ដោយផ្ទាល់ឬបានស្លាប់ដោយសារបរិស្ថានស្នាក់នៅដ៏អាក្រក់ ក្រៅពីនេះ បន្ទាប់ពីកុមារជនជាតិឥណ្ឌាអាមេរិកាំងចំនួនរាប់ម៉ឺននាក់ត្រូវបញ្ជូនទៅកាន់សាលារៀនបែបអន្តេវាសិកដ្ឋានទាំងនេះ ក៏លែងមានទំនាក់ទំនងជាមួយក្រុមគ្រួសារឬកុលសម័្ពន្ធទៀតហើយ ។
ពិតមែនតែអ្នកនយោបាយលោកខាងលិចមួយចំនួនបានដោះសារថា បទឧក្រិដ្ឋទៅលើជនជាតិដើមភាគតិចបានក្លាយជាប្រវតិ្តសាស្ត្ររួចទៅហើយ ។ ប៉ុន្តែសភាពការណ៍ពិតប្រាកដ គឺ បញ្ហាសិទ្ធិមនុស្ស ក្នុងនោះបូករួមទាំងការរំលោភលើសិទ្ធិនិងផលប្រយោជន៍របស់ជនជាតិដើមភាគតិចនិងការរើសអើងពូជសាសន៍មិនដែលបញ្ចប់ក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចនោះឡើយ តែគឺនៅតែកើតឡើងក្នុងសង្គមដដែល ។
មួយផ្នែក ពួកគេមិនផ្សាយដំណឹងស្តីពីអំពើហិង្សានិងឃោរឃៅក្នុងប្រទេសខ្លួនទាល់តែសោះ មួយផែ្នកទៀត ពួកគេបែរជាប្រឌិតរឿងរ៉ាវដើម្បីលាបព័ណ៌លើប្រទេសចិន នេះជារឿងអាស្រូវដែលសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបាននិងកំពុង ។ ប៉ុន្តែកុំបំភ្លេចថា ពាក្យភូតកុហកទោះនិយាយមួយពាន់លើក ក៏វានៅតែជាពាក្យភូតកុហកដែរ ។
សូមបញ្ជាក់ថា សភាពការណ៍អភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំង គឺជាការពិតជាក់ស្តែងដែលមានភស្តុតាង ។ក្រោមការណែនាំពីគោលនយោបាយគ្រប់គ្រងភូមិភាគស៊ីនជាំងដ៏ត្រឹមត្រូវនិងខ្លាំងក្លារបស់រដ្ឋាភិបាលចិន បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាពចុះសម្រុងគ្នានិងស្ថិរភាព បាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ តាមទិន្នន័យនៃឆ្នាំ ២០២០ បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ល្បឿនកំណើននៃចំនួនប្រជាជននៅភូមិភាគស៊ីនជាំងបានឡើងដល់លំដាប់ថ្នាក់ទី ៤ នៅទូទាំងប្រទេសចិន ហើយចំនួនកើនឡើងនៃប្រជាជនបានឡើងដល់លំដាប់ថ្នាក់ទី ៨ នៅទូទាំងប្រទេសចិនទៀតផង ។ ព្រមពេលជាមួយគ្នានេះ ចំនួនប្រជាជនជនជាតិវៃវូអឺបានរក្សាការកើនឡើងដោយកម្រិតខ្ពស់ ពោលគឺ បានកើនឡើងពីចំនួន ៨ លាន ៣ សែន ៤ ម៉ឺន ៥ ពាន់ ៦ រយ នាក់នាឆ្នាំ ២០០០ ដល់ ១ លាន ៦ សែន ២ ម៉ឺន ៤ ពាន់ ៣ រយនាក់នាឆ្នាំ ២០២០ គិតជាមធ្យម បានកើនឡើង ១.៦៧ ភាគរយក្នុងមួយឆ្នាំ តួលេខនេះបានខ្ពស់ជាងកម្រិតកើនឡើងនៃជនជាតិភាគតិចនៅទូទាំងប្រទេសចិន ។នៅឆ្នាំ ២០២០ តម្លៃផលិតផលសរុបនៃភូមិភាគស៊ីនជាំងបានកើនឡើង ៣.៤ ភាគរយ ដែលខ្ពស់ជាងតម្លៃផលិតផលក្នុងស្រុកសរុបនៃទូទាំងប្រទេសចិនចំនួន ១.១ ភាគរយ ។ គិតរហូតដល់ចុងឆ្នាំ ២០២០ ជនក្រីក្រនៅជនបទនៃភូមិភាគស៊ីនជាំងចំនួន ២ លាន ៧ សែន ៣ ម៉ឺននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារភាពក្រីក្របច្ចុប្បន្នបានចេញផុតពីភាពក្រីក្រទាំងអស់ដែលបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាតជាប្រវតិ្តសាស្ត្រ ។ វាអាចបង្ហាញឱ្យឃើញថា ជនជាតិនានានៃភូមិភាគស៊ីនជាំងមានឱកាសអភិវឌ្ឍន៍ស្មើគ្នា ហើយគោលដៅនៃការអភិវឌ្ឍ គឺ សម្រេចបាននូវ”ភាពសម្បូរសប្បាយជាមួយគ្នា” ។
ព្រមពេលជាមួយគ្នានេះ វប្បធម៌ជនជាតិនិងសេរីភាពខាងជំនឿសាសនានៃភូមិភាគស៊ីនជាំងក៏ទទួលបានការការពារនិងរីកចម្រើនផងដែរ ។នាពេលបច្ចុប្បន្ននេះ ភាសានិងអក្សរជនជាតិនានានៃភូមិភាគស៊ីនជាំងចំនួនជាង ១០ អាចប្រើប្រាស់ជាទូទៅក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងព្រះវិហារអ៊ីស្លាមនៃភូមិភាគស៊ីនជាំងមានបរិក្ខាគ្រប់គ្រាន់ ហើយក៏មានសេវាកម្មសុខាភិបាលនិងមានបរិក្ខារគ្រប់ប្រភេទ ដូចជា អេក្រង់អេឡិចត្រូនិកនិងកំព្យុទ័រជាដើមដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាជនកាន់សាសនា ។
ការពិតនៃភូមិភាគស៊ីនជាំងត្រូវបានបង្ហាញនៅចំពោះមុខយើង ប៉ុន្តែអ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនបែរជាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបិទបាំងការពិតទាំងនេះ ។ ពួកគេមិនហ៊ានប្រឈមមុខនឹងភូមិភាគស៊ីនជាំងដែលមានការរីកចម្រើនយ៉ាងផុលផុស ពីព្រោះ សមិទ្ធផលអភិវឌ្ឍន៍នៃភូមិភាគស៊ីនជាំងធ្វើឱ្យឧបាយកលរបស់ពួកគេដែលយកបញ្ហា”សិទ្ធិមនុស្ស”ធ្វើជាលេសដើម្បីបំផ្លាញស្ថិរភាពនៃភូមិភាគស៊ីនជាំងនិងទប់ស្កាត់ការអភិវឌ្ឍរបស់ចិននឹងក្លាយជាស្រមើស្រមៃជាមិនខាន ៕