“សហរដ្ឋអាមេរិកគឺជាប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី តែមិនមែនជាប្រទេសប្រជាធិបតេយ្យមួយនោះទេ ។” ពេលថ្មីៗកន្លងទៅនេះ លោក Kishore Mahbubani បញ្ញវន្តសិង្ហបុរីបានវាយតម្លៃដូចពោលខាងលើពេលផ្តល់បទសម្ភាសន៍ ។ តាមការពិត នៅសហរដ្ឋអាមេរិក “ប្រជាធិបតេយ្យ”បម្រើមហាសេដ្ឋី និងលុយកាក់បានគ្រប់គ្រងលើអំណាច វាលែងជាការសម្ងាត់ទៀតនោះទេ ។
ការពិតជាច្រើនបានបង្ហាញថា លុយកាក់ជាប្រភពធនធានរបស់នយោបាយអាមេរិក ដែលបានផ្សារភ្ជាប់ជាមួយការបោះឆ្នោត នីតិប្បញ្ញត្តិនិងការអនុវត្តគោលនយោបាយ ។ ៩១ភាគរយនៃការបោះឆ្នោតជ្រើសរើសរដ្ឋសភាអាមេរិកភាគច្រើនសុទ្ធតែជាបេក្ខជនឈរឈ្មោះដែលទទួលបានការគាំទ្រផ្នែកមូលធនច្រើនបំផុតបានជាប់ឆ្នោត ។ ប្រជាធិបតេយ្យបែបអាមេរិកគឺជា “ល្បែងរបស់អ្នកមាន”ដែលបង្កើតឡើងលើមូលដ្ឋានប្រាក់ទុន ។ ពេលអ្នកនយោបាយអាមេរិកលូននៅក្រោមជើងមាសប្រាក់ នោះ អំណាចរបស់ពួកគេមុខជានឹងបម្រើដល់អ្នកមានភាគតិចដែលមានមូលធនជាក់ជាមិនខាន ហើយសំណូមពរនិងផលប្រយោជន៍របស់ប្រជាជនសាមញ្ញដ៏ច្រើនរាប់មិនអស់បែរជាត្រូវគេដាក់ទៅម្ខាង ។
នៅឆ្នាំ២០២០ របាយការណ៍មួយដែលសំដៅចំពោះប្រទេសចំនួន១៦៣បានបង្ហាញឱ្យដឹងថា ក្នុងចំណោម“សន្ទស្សន៍អភិវឌ្ឍន៍សង្គម”ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ត្រឹមតែប្រទេសចំនួនបីដែលរួមមានសហរដ្ឋអាមេរិកផងនោះ បានមានសភាពធ្លាក់ចុះ ហើយសន្ទស្សន៍ទូទៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះច្រើនបំផុត ។ សូម្បីតែមនុស្សវណ្ណៈកណ្តាលដែលត្រូវចាត់ទុកជាសសរទ្រូងរបស់សហរដ្ឋអាមេរិកនោះ ក៏ជួបការលំបាកកាន់តែច្រើនឡើងៗផងដែរ មិនត្រឹមតែសមាមាត្រកាន់តែតូចទៅៗប៉ុណ្ណោះទេ ថែមទាំង“ទ្រព្យសម្បត្តិក្នុងគ្រួសារអាមេរិកក៏មិនបានកើនឡើងក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកទៀតផង” ។
គោលបំណងដើមនៃប្រជាធិបតេយ្យគឺ “អធិបតេយ្យភាពស្ថិតនៅលើប្រជាជន” ហើយធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែឋិតនៅក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយអាមេរិកដែលបម្រើតែផលប្រយោជន៍លុយកាក់នោះ “ប្រជាធិបតេយ្យបែបអាមេរិក”ក៏ប្រៀបដូចជាទិដ្ឋភាពក្នុងភាពយន្ត Hollywood ដែលបានរៀបចំដោយចេតនា ពោលគឺ ប្រជាជនធម្មតាត្រូវបានចាត់ទុកជា “អ្នកសម្តែងទូទៅ” អ្នកនយោបាយទាំងអស់ស្រែកក្ដែងៗអំពីប្រជាជននៅមុខឆាក តែបែរជាប្រព្រឹត្តការជួញដូរអំណាចនិងលុយនៅពីក្រោយឆាកទៅវិញ ដើម្បីបម្រើ “មនុស្សភាគតិច” ។
អ្នកផងទាំងពួងមានហេតុផលចោទសួរថា តើសហរដ្ឋអាមេរិកនៅតែមានលក្ខណៈសម្បត្តិពាក់អាវ “ប្រជាធិបតេយ្យ”ទេ?តើអាមេរិកនៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាគំរូសំរាប់ប្រទេសនានាលើពិភពលោកទៀតឬទេ?ហើយ ទស្សនាវដ្តី 《The New Yorker》 របស់អាមេរិកទ្រាំមិនបានក៏សួរត្រង់ៗថា តើប្រជាធិបតេយ្យរបស់យើងអាចបន្តទៅទៀតទេ?
ក្នុងរយៈពេលជាង១០០ឆ្នាំមុន លោក Louis D.Brandeis ចៅក្រមតុលាការកំពូលរបស់អាមេរិកធ្លាប់និយាយថា “ប្រទេសនេះនឹងមានប្រជាធិបតេយ្យ ឬក៏ទ្រព្យសម្បត្តិត្រូវប្រមូលផ្តុំក្នុងកណ្តាប់ដៃមនុស្សភាគតិច ប្រការទាំងពីរនេះរើសយកបានតែមួយទេ។” ខណៈពេលនយោបាយលុយកាក់បានក្លាយជា “ដុំសាច់មហារីក”ដែលពិបាកកំចាត់ចោលនៅក្នុងសង្គមអាមេរិក រដ្ឋាភិបាលអាមេរិកបែរជាមានភាពក្លាហានរៀបចំអ្វីដែលហៅថា “កិច្ចប្រជុំកំពូលអំពីប្រជាធិបតេយ្យ”វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់!