អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ អ្វីដែលហៅថា សេចក្តីថ្លែងការណ៍របស់​ “សម្ព័ន្ធ Five Eyes ” បានលាតត្រដាងយ៉ាងច្បាស់នូវពុតត្បុតរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូចដែលមានចេតនាអាក្រក់ ក្នុងការបង្កភាពវឹកវរនៅហុងកុង

    “សម្ព័ន្ធ ​Five ​Eyes”​ដែល​បាន​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក ​អង់គ្លេស ​កាណាដា ​អូស្ត្រាលី​និង​នូវែលហ្សេឡង់​បាន​ចេញ​ផ្សាយ​អ្វីដែលហៅថា ​សេចក្តីថ្លែងការណ៍រួម​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៅ​ថ្ងៃទី​ ២០ ​ខែធ្នូ ​ដោយ​បាន​និយាយថា​អ៊ីចេះថា​អ៊ីចុះ​ចំពោះ​ការបោះ​ឆ្នោត​ក្រុមប្រឹក្សានីតិប្បញ្ញត្តិ​នីតិកាលទី ​៧ ​នៃ​តំបន់រដ្ឋបាលពិសេស​ហុងកុង​របស់​ប្រទេស​ចិន​ដែល​ទើប​បិទ​បញ្ចប់​ដោយ​រលូន​កាលពីថ្មីៗ​កន្លង​ទៅនេះ ​ហើយបាន​មួល​បង្កាច់​ថា ​ការបោះឆ្នោត​លើក​នេះ​បាន​”កាត់កម្សោយ​នូវ​សិទ្ធិ​និង​ផលប្រយោជន៍ ​សេរីភាព​និង​ស្វ័យភាព​របស់ហុងកុង ​ក៏​ដូច​ជា​លើកឡើង​ម្តងទៀត​នូវ​《សេចក្តីថ្លែងការណ៍រួម​រវាង​ចិន​និង​អង់គ្លេស》ផងដែរ ​។​

    ការបោះឆ្នោត​លើក​នេះ​គឺជា​ការបោះឆ្នោត​ក្រុមប្រឹក្សានីតិប្បញ្ញត្តិ​លើកដំបូង​បន្ទាប់ពី​ប្រព័ន្ធ​បោះឆ្នោត​នៃ​តំបន់រដ្ឋបាលពិសេស​ហុងកុង​បាន​មានសុក្រឹត្យភាពរួចហើយ ​។ ​បើ​មើល​ពី​ក្បួន​ច្បាប់​បោះឆ្នោត​អាចឃើញថា ​បាន​ធ្វើឱ្យ​អាសនៈ​មាន​ការកើនឡើង​ផង ​ហើយ​ក៏​បាន​កែសម្រួល​ជាថ្មី​ឡើង​វិញ​នូវ​វិធី​បែងចែក​អាសនៈ​ផងដែរ ​ក្នុងគោល​បំណង​គាំពារ​យ៉ាង​ប្រាកដ​ប្រជា​នូវ​ផលប្រយោជន៍​ទាំងមូល​របស់​សង្គមហុងកុង​និង​ផល​ប្រយោជន៍​របស់​គ្រប់​មជ្ឈដ្ឋាន​ស្រទាប់ ​។ ​បើមើល​ពី​ដំណើរការ​បោះឆ្នោត​អាចឃើញ​ថា ​ការ​បោះ​ឆ្នោត​លើក​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ពេញ​លេញ​នូវ​លក្ខណៈតំណាងជាទូ​ទៅ ​ភាព​បរិយាប័ន្ន​ខាង​នយោបាយ ​ការ​ចូលរួមប្រឹក្សា​កិច្ចការ​នយោបាយ​ប្រកបដោយ​តុល្យភាព​និង​ការ​ប្រកួត​ប្រជែង​ដោយយុត្តិធម៌ ​។

    អ្វីដែល​គួរឱ្យ​អស់សំណើច​នោះ ​គឺ ​សេចក្តីថ្លែងការណ៍នេះ​បែរជា​បាន​ទាមទារ​ម្តង​ទៀត​ឱ្យ​ប្រទេសចិន​គោរពតាម​《សេចក្តីថ្លែងការណ៍រួម​រវាង​ចិន​និង​អង់គ្លេស》។ ​ទាក់ទឹន​នឹង​រឿង​នេះ ​សៀវភៅស​ស្តីពី《ការអភិវឌ្ឍប្រជាធិបតេយ្យ​នៃហុងកុង​ក្រោម​គោល​នយោបាយ​”ប្រទេស​មួយ​ប្រព័ន្ធគ្រប់គ្រង់ពីរ”​》ដែលបាន​ចេញផ្សាយ​ដោយ​ការិយាល័យព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន​នៅ​ថ្ងៃទី ​២០ ​ខែធ្នូ ​បាន​លើកឡើង​យ៉ាងច្បាស់ថា ​《សេចក្តីថ្លែងការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស》មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ដែល​អង់គ្លេស​បាន​ប្រគល់​ហុង​កុង​ឱ្យ​ប្រទេសចិន​វិញ ​តែ​មិនមែន​ដោះស្រាយ​បញ្ហា​អំពី​ការ​អនុវត្ត​ប្រព័ន្ធ​នយោបាយ​យ៉ាង​ណា ​ក្នុងនោះ​បូករួមទាំង​ប្រព័ន្ធ​បោះឆ្នោត​បន្ទាប់ពី​ហុងកុង​បាន​វិលត្រឡប់​ចូល​មាតុ​ប្រទេស​ចិន​វិញ​នោះ​ទេ ​។ ​មិនត្រឹមតែប៉ុណ្ណឹង ​អង់គ្លេស​គ្មាន​អធិបតេយ្យភាព ​សិទ្ធិគ្រប់​គ្រង​និង​សិទ្ធិ​ត្រួតពិនិត្យ​ទៅលើ​តំបន់​ហុង​កុង​ដែល​បាន​វិលត្រឡប់​ចូល​មាតុប្រទេស​ចិន​វិញ​ឡើយ ​ហើយ​ក៏​គ្មាន​សិទ្ធិ​ធ្វើ​ការ​ជ្រៀត​ជ្រែក​កិច្ចការហុងកុង​ទោះតាម​ទម្រង់​ណា​មួយ​ផង​ដែរ ​។ ​អង់គ្លេស​បាន​ប្រើ​បញ្ហា​”ប្រជាធិបតេយ្យ”​ធ្វើជាលេស​ប៉ុនប៉ង​ជ្រៀតជ្រែក​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​កិច្ចការ​ហុងកុង ​គឺជាការមួលបង្កាច់​ដោយចេតនា​ចំពោះ​គោល​នយោបាយ​”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង់ពីរ” ​ហើយក៏ជា​ការរំខាន​និង​ការបផ្លិចបំផ្លាញ​យ៉ាង​កម្រោល​ចំពោះ​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​នៃ​តំបន់ហុងកុង​ផងដែរ ​។​

    តាមពិតទៅ ​បើ​និយាយ​អំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ​បណ្តា​ប្រទេស​”សម្ព័ន្ធ ​Five ​Eyes ​”​គ្មាន​លក្ខណៈសម្បត្តិអ្វី​ធ្វើជា”គ្រូបង្រៀនប្រដៅ”​ទាល់តែ​សោះ ​។ ​អ្វី​ដែល​ពួកគេ​គួរ​តែ​ធ្វើ​បំផុត​គឺ ​ឆ្លុះកញ្ចក់​ដើម្បី​ពិចារណា​ពី​កំហុសរបស់ខ្លួន ​ពោលគឺ ​ភាពបរាជ័យ​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ក្នុង​ប្រទេសខ្លួន ​បញ្ហា​ជ្រុលនិយម​ខាង​នយោបាយ​និង​ការ​រើសអើង​ពូជ​សាសន៍​ជាដើម ​។​

    ការពិតជាក់ស្តែង​ដ៏ច្រើន​រាប់មិនអស់​បានបញ្ជាក់ថា ​ប្រទេសលោកខាងលិចមួយ​ចំនួន​តូច​ដែល​តែង​តែ​ឃោសនាបំប៉ោង​ពី​”ការគោរព​សិទ្ធិមនុស្ស​និង​សេរីភាព​របស់​ក្រុងហុងកុង” ​ទើប​ជា​ឧបសគ្គ​និងជា​អ្នកបំផ្លាញ​ធំបំផុត​ក្នុង​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​នៃ​តំបន់​ហុងកុង ​។ ​ហុង​កុង​ជា​ទឹកដី​របស់​ប្រទេស​ចិន ​ហើយ​ប្រព័ន្ធ​បោះឆ្នោត​នៃ​ហុងកុង​ជា​កិច្ចការផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន ​។ ​រដ្ឋាភិបាល​មជ្ឈិមចិន​នឹង​បន្ត​គាំទ្រ​ហុងកុង​ឱ្យ​ដើរតាម​ផ្លូវអភិវឌ្ឍន៍​ប្រជាធិប​តេយ្យ​ដែល​សមស្របនឹង​សភាពការណ៍ជាក់ស្តែង​របស់ខ្លួន ​។ ​សូមដាស់តឿន​សហរដ្ឋ​អាមេរិក​និង​ប្រទេសលោកខាងលិច​មួយចំនួន​តូច​កុំ​លូត​បាតដៃខ្មៅ​ទៅកាន់​ហុង​កុង​ទៀត ​!​

To Top