នាពេលថ្មីៗកន្លងទៅនេះ សភាជាន់ទាបអាមេរិកបានអនុម័តលើអ្វីដែលហៅថា “សេចកី្តព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២” ហើយបានអះអាងថា នឹងធានាជាក់លាក់ឱ្យអាមេរិកនាំមុខគេលើវិស័យផលិតកម្ម ការច្នៃប្រឌិតថ្មីនិងកម្លាំងសេដ្ឋកិច្ច ។
ប៉ុន្តែសេចកី្តព្រាងច្បាប់នេះមានខ្លឹមសារជាច្រើនពាក់ព័ន្ធនឹងប្រទេសចិនដែលគួរឱ្យអ្នកផងមានភាពងឿងឆ្ងល់និងព្រួយបារម្ភ ។ ឧទាហរណ៍ដូចជាសេចកី្តព្រាងច្បាប់នេះ បានមួលបង្កាច់ និងលាបពណ៌លើផ្លូវអភិវឌ្ឍន៍និងគោលនយោបាយទាំងជាតិនិងអន្តរជាតិរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង ហុងកុងនិងស៊ីចាំងជាដើមធ្វើជាលេស វាច្បាស់លាស់ណាស់ សេចកី្តព្រាងច្បាប់នេះ គឺមានបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកការប្រកួតប្រជែងធ្វើជាលេស ដែលបានបង្ហាញឱ្យឃើញនូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យ ដូច្នេះអាចនិយាយបានថា សេចក្តីព្រាងច្បាប់នេះគឺជា “សេចកី្តព្រាងច្បាប់មួយដែលប្រកបដោយអនុត្តរភាព” ។
យោងតាមសេចកី្តព្រាងច្បាប់នេះ អាមេរិកបានអះអាងថានឹង “ជំរុញយ៉ាងខ្លាំងក្លា” នូវការវិនិយោគលើឧស្សាហកម្មឈីប ហើយនឹងទម្លាក់ថវិកា៥ម៉ឺន២ពាន់លានដុល្លារអាមេរិកដើម្បីផ្តល់ការគាំទ្រដល់ឧស្សាហកម្មវត្ថុពាក់កណ្ដាលចម្លង ក្រៅពីនេះនឹងទម្លាក់ថវិកា៤ម៉ឺន៥ពាន់លានដុល្លារអាមេរិកទៀតសម្រាប់កែល្អខ្សែសង្វាក់ផ្គត់ផ្គង់និងបង្កើនឧស្សាហកម្មផលិតកម្មរបស់អាមេរិកជាដើម ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ សេចកី្តព្រាងច្បាប់នេះបានចាត់ទុកប្រទេសចិនជាគូប្រជែងជាយុទ្ធសាស្ត្រ ហើយចង់រក្សាកម្លាំងប្រជែងនិងឋានៈដឹកនាំរបស់អាមេរិកនៅលើពិភពលោក តាមរយៈការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ទំនាក់ទំនងសម័្ពន្ធមិត្ត និងវិធីសាស្ត្រខាងសេដ្ឋកិច្ចនិងការទូតជាដើម ។
លើបណ្តាញអ៊ីនធឺណែតរបស់ចិន មានឃ្លាមួយដែលពេញនិយម ពោលគឺ “បញ្ចេញពន្លឺរបស់ខ្លួនបានហើយ កុំពន្លត់ពន្លឺភ្លើងរបស់អ្នកដទៃ ។ ” ការប្រកួតប្រជែងរវវាងប្រទេសនិងប្រទេស ជារឿងប្រក្រតីហើយក៏គ្មានផលប៉ះពាល់អ្វីទេ ប៉ុន្តែការប្រកួតប្រជែងនេះត្រូវមានភាពវិជ្ជមាន តែមិនមែនជាការប្រកួតប្រជែងដ៏អាក្រក់ដែលវាយប្រហារគ្នាទៅវិញទៅមក និងប្រយុទ្ធស្លាប់រស់នោះទេ ។ តាំងពីដើមមក គោលដៅអភិវឌ្ឍនន៍របស់ចិន មិនមែនដើម្បីជំនួសអាមេរិកនោះទេ គឺចង់ឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អបវរ ។ ប្រទេសចិនមិនអនុញ្ញាតឱ្យអ្នកណាដកហូតសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ខ្លួនជាដាច់ខាត ។
និយាយរួម គូប្រជែងពិតប្រាកដរបស់អាមេរិកគឺខ្លួនឯង ។ អ្នកនយោបាយអាមេរិកមួយចំនួនបានល្មើសនឹងក្រឹត្យក្រមអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានិងសេដ្ឋកិច្ច ចោទប្រកាន់ប្រទេសចិនដោយយកការប្រកួតប្រជែងធ្វើជាលេស ប្រការនេះគ្រាន់តែនឹងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបតិ្តការរវាងចិននិងអាមេរិកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកទេសជាដើម ទីបំផុតនឹងបង្ខូចដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក អាចនិយាយបានថាជាការចំណេញដាច់ចំណង ។
អនុលោមតាមច្បាប់ពាក់ព័ន្ធរបស់អាមេរិក បន្ទាប់ពីអ្វីដែលហៅថា “សេចកី្តព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២” ត្រូវបានអនុម័តនៅសភាជាន់ទាបអាមេរិក សេចកី្តព្រាងច្បាប់នេះនឹងត្រូវប្រគល់ជូនព្រឹទ្ធសភាអាមេរិក ធ្វើការពិនិត្យពិភាក្សា រួចប្រគល់ជូនប្រធានាធិបតីចុះហត្ថលេខាទៀត ទើបនឹងចូលជាធរមាន និងអនុវត្តជាផ្លូវការ ។ សូមដាស់តឿនអ្នកនយោបាយអាមេរិកមួយចំនួនលុបចោលគំនិតខុសឆ្គងដែល “ចង់ស្វែងរកសត្រូវស្រមើស្រមៃ” ហើយប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណទៅមើលការអភិវឌ្ឍរបស់ចិន បញ្ឈប់ជំរុញសេចកី្តព្រាងច្បាប់នេះភ្លាម ។ ទាក់ទិននឹងរាល់ការប៉ុនប៉ងដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងរាល់ទង្វើអាក្រក់ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន ប្រទេសចិនមុខជានឹងធ្វើការតបតវិញយ៉ាងខ្លាំងក្លាជាដាច់ខាត ។ អ្នកនយោបាយអាមេរិកមួយចំនួនគួរតែគិតពិចារណាឱ្យបានត្រឹមត្រូវ និងធ្វើដោយ មធ្យ័ត ៕