អត្ថបទស្រាវជ្រាវ (scholar)

(ផ្សាយឡើងវិញ) ចិន ជាកត្តាឧបសគ្គចម្បង ក្នុងនយោបាយវាតទី អនុត្តរភាព មកលើឡាវនិងកម្ពុជា ក្នុងបរិបទភូមិសាស្រ្ត យុទ្ធសាស្រ្តរបស់ វៀតណាម!

              ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ បញ្ជាក់ឱ្យឃើញថា បណ្ដាសារភូមិសាស្រ្តនយោបាយ ដែលប្រជាជាតិខ្មែរ បានដឹងជាយូរមកហើយ នូវមហិច្ឆតាដែលគ្មានព្រំដែនរបស់ពួកអ្នកភូមិផង មានចិត្តជាទេវទត្ត មានមាត់ជាទេវតានោះ!។

សន្និសីទ ហ្សឺណែវ ១៩៥៤
សន្និសីទ ទីក្រុងប៉ារីស១៩៩១

         ក្នុងស្ថានភាពថ្មីរបស់បរិបទតំបន់ ដោយមិនពេញចិត្ត ទៅនឹងការរីកចម្រើន និងនយោបាយរបស់កម្ពុជាក្នុងការទទួលស្គាល់ចិនតែមួយ និងការចូលរួមក្នុងផែនការ BRI ធ្វើជាបន្ទាត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នោះ ស្រាប់តែកូនអុករបស់ ឥណ្ឌូប៉ាស៊ីហ្វិក មួយបានបង្កើតឱ្យមានបញ្ហាថ្មី សម្រាប់ធ្វើជាលេស ក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀត ដោយនេះរួមគ្នា បង្កើតទៅជាក្រុមតន្រ្តីមួយរួមគ្នា ប្រគុំនូវរបស់ដែលហៅថា បទចម្រៀងតារាសាគរ និងកំពង់ផែរាម ដើម្បីវាយប្រហារខ្មែរ ក្រោមហេតុផលថា ជាវត្តមាននូវបណ្ដាមូលដ្ឋានយោធាចិននៅកម្ពុជា គឺជាការគំរាមកំហែងមកលើ សន្តិសុខទាំងក្នុងតំបន់ និងទ្វីបអាស៊ីទាំងមូលនោះ (Sic) ដែលក្នុងពេលនោះពួកនេះមានមូលដ្ឋានយោធា និងសម្ព័ន្ធភាពយោធា រាប់សិបឆ្នាំមកហើយ មាននៅក្នុងតំបន់នេះតាំងពីទសវត្សរ៍ទី៥០មកម្ល៉េះ!។

         ពួកយោធានិយម បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក មានទីតាំងភូមិសាស្រ្ត ស្ថិតនៅឆ្ងាយពីកម្ពុជា ម្យ៉ាងទៀត ជាយូរមកហើយ កម្ពុជាក៏ពុំបានស្ថិតនៅក្នុងចំណុច ចាប់អារម្មណ៍នៃយុទ្ធសាស្រ្ត របស់សហរដ្ឋអាមេរិកឡើយ!។ ដូច្នេះដោយមានការបារម្ភ ទៅនឹងខឿនសន្តិសុខផ្ទាល់ របស់ប្រទេសខ្លួន ព្រមទាំងបានដឹងថា BRI គឺជាកំពែងយុទ្ធសាស្រ្តមួយ ក្នុងការរារាំង ទប់ស្កាត់ទៅនឹងអំណាច នយោបាយ Chauvinist របស់ខ្លួន ទើបពួកនេះបានដើរចលនា បំផុសដល់បណ្ដាប្រទេស ដែលមាននយោបាយអមិត្ត ជាមួយចិន ឱ្យជួយស្រែកបំពង ក្នុងការរករឿងកម្ពុជាថាបានបើកដៃឱ្យចិន កសាងមូលដ្ឋានយោធា ដែលទីតាំងទាំងអស់នេះ អាចជាមូលដ្ឋានក្រោយក្នុងការជួយដល់សភាពការណ៍ ដែលអាចកើតឡើង ជាយថាហេតុនៅលើតំបន់សមុទ្រចិនខាងត្បូង នោះ(Sic)!។

         ដោយមាន កត្តាភូមិសាស្រ្តយុទ្ធសាស្រ្ត និងការជំពាក់វាក់វិន នៅក្នុងសង្រ្គាមមនោគមន៍វិជ្ជា នាំមកពីខាងក្រៅ ទើបក្នុងប៉ុន្មានទសវត្សរ៍ ឡាវនិងកម្ពុជា ពុំមានឥស្សរភាព និងសន្តិភាពសោះ ដោយប្រទេសរបស់ពួកខ្លួនពុំអាចដើរចេញផុតពីអំណាច ឥទ្ធិពលរបស់វៀតណាម ក្រោមស្រមោលបក្សកុម្មុយនីស្ត ឥណ្ឌូចិន ដែលត្រូវបានយកមកធ្វើជាបាវចនា ក្នុងការចាប់ឱ្យ ឡាវនិងខ្មែរ ដើរតាមគោលមាគ៌ា អរូបី មួយនេះ ដាក់ប្រទេសខ្លួនចំណាប់ខ្មាំង នៅក្នុងប្រវត្តិសាស្រ្ត ហើយបើមិនប្រតិបត្តិ តាមអាចនឹងជួបប្រទះទៅនឹង ហានិភ័យនៃភាពអសន្តិសុខក្នុងភ្លើងសង្រ្គាម ភាតរភាពនោះ!។

         សន្និសីទ ហ្សឺណែវ ៥៤ និងប៉ារីស ៩១ គ្រាន់តែជាសំឡេងជួង សម្រាប់កីឡាករ នៅលើសង្វៀនឈប់សម្រាក យកកម្លាំងដើម្បីវាយប្រកួតបន្ត តែជាការពិតកម្ពុជា បានធ្វើការតស៊ូ ទាំងក្នុងសម័យកាល មានសន្តិភាព ប្រឆាំងទៅនឹងអំណាច Chauvinist របស់ពួកប្រទេសភូមិផង ដែលមិនព្រមបោះបង់ចោល នូវគំនិតតាមចងកម្ម កម្ពុជា ដោយពួកនេះ នៅតែបន្តលូកដៃចូល កកូរផ្ទៃក្នុង របស់កម្ពុជា សំដៅស្វែងរកឧបករណ៍ នយោបាយ ដើម្បីបន្តបម្រើនយោបាយ និងផលប្រយោជន៍ដល់់ពួកគេរហូតដល់គ្មានសល់ជនជាតិខ្មែរម្នាក់នៅលើទឹកដីខ្មែរ ទើបពួកគេពេញចិត្ត និងប្រហែលឈប់ដោយ គោលបំណង បានសម្រេចនោះ។

         សក្ខីកម្ម ក្នុងប្រវត្តិសាស្រ្ត បានបង្ហាញយ៉ាងជាក់ស្ដែងបំផុតថា ខាងលិចបានលើកទ័ព ចូលមកកាន់កកាប់ប្រាសាទព្រះវិហារ យ៉ាងកម្រោល បើខាងកើតវិញក៏បានយកទ័ពពីរ កងពលចូលមកកាន់កាប់ យ៉ាងជ្រៅនៅក្នុងខេត្តស្ទឹងត្រែង យ៉ាងព្រៃផ្សៃបំផុត ហើយបើពុំមានភាពម៉ឺងមាត់ ដាច់ខាត ក្នុងការតស៊ូមតិរបស់លោក ជួ អេនឡាយ នោះទេ ប្រហែលខ្សែស្របទី១៧ បានរំកិលចុះមករហូតមកដល់ ត្រឹមខ្សែស្របទី១៣ ពេលនោះខ្មែរអាចក្លាយទៅជាយួនតូបនីយកម្ម អស់ទៅហើយ ដោយមានវាសនាដូចឡាវទៅហើយនោះ!។

         ក្រោយសង្រ្គាមឥណ្ឌូចិន លើកទី៣ ជាពិសេសគឺក្រោយព្រឹត្តិការណ៍ ឆ្នាំ១៩៧៩មក កម្ពុជាបានស្ថិតទាំងស្រុងក្រោមការត្រួតត្ រារបស់កងទ័ពវៀតណាម សង្រ្គាមត្រជាក់ផង និងការប្រកួតប្រជែង រវាងមនោគមន៍វិជ្ជារបស់ប្រព័ន្ធនយោបាយទាំងពីរ ផងបានរួមចំណែក ក្នុងការហែកហួរប្រទេសកម្ពុជា ទៅជាចំណែកៗពោរពេញទៅដោយសោកនាដកម្មបំផុត!។ ក្នុងបរិបទតំបន់ពេលនោះ ចិនបានហៅវៀតណាមថាជា NATO ខាងកើត!ព្រមទាំងបានដាក់លក្ខខណ្ឌចំពោះសហភាពសូវៀត និងវៀតណាម បើចង់ស្ដារប្រក្រតីកម្មទំនាក់ទំនងការទូតឡើងវិញនោះ ជាលក្ខខណ្ឌវៀតណាម ត្រូវដកទ័ពចេញពីកម្ពុជា ដកទាំងស្រុងចេញឱ្យអស់ និងដកដោយពុំមានលក្ខខណ្ឌ ចិនបានយកបញ្ហាវៀតណាមកាន់កាប់កម្ពុជាធ្វើជាកម្មវត្ថុចម្បងបំផុតក្នុងរាល់ជំនួបចរចាជាមួយសូវៀត និងវៀតណាម ដោយក្នុងខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ មិនខុសឆ្ងាយទៅនឹងសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ជុំវិញតែបញ្ហាវៀតណាមលួចជ្រៀតចូល និងកាន់កាប់កម្ពុជានោះ!។

         ទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តពិសេស!

        មុននិងក្រោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ១៩៩១ ឡាវ និងកម្ពុជាត្រូវបានកំណត់ ស្ថិតនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តពិសេស ជាមួយវៀតណាម អស់រយៈកាលមួយដ៏យូរ ក្នុងច្រើនទសវត្សរ៍ ព្រោះកត្តាទំនាក់ទំនងពិសេសនេះ ត្រូវបានកសាងឡើង ដោយឈរលើមូលដ្ឋាន ប្រវត្តិសាស្រ្ត នៃការតស៊ូ រួមជាមួយគ្នា កត្តាភូមិសាស្រ្ត មនុស្សសាស្រ្ត និងការរួមានខ្សែបន្ទាត់ព្រំដែន ជាប់គ្នាផង បានចងដៃប្រទេស៣នេះ នៅជាប់ជាមួយគ្នាដោយយថាភាព រហូតដល់មានពេលខ្លះ មានអ្នកភូមិសាស្រ្តនយោបាយខ្លះ ធ្លាប់បានហៅប្រទេសទាំង៣ នេះ ជាប្រទេសឥណ្ឌូចិន ខ្លះទៀតចង់ហៅថា សហព័ន្ធឥណ្ឌូចិនទៀតផង(Sic)។

         ក៏ប៉ុន្តែ ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តពិសេស វៀតណាម ឡាវ កម្ពុជាចាប់ផ្ដើមមានភាពរង្គោះរង្គើ លែងស្ថិតស្ថិររឹងមាំទៀតចាប់តាំងពីលោកប្រធាន ស៊ី ជិនភីង ប្រកាសគោលនយោបាយ BRI នាឆ្នាំ២០១៣ នៅកាហ្សាក់ស្ថាននោះ!។ BRIពេលនោះអាចជាសារមួយប្រាប់ទៅកាន់ អ្នកកាន់អំណាចវៀតណាម ថា របស់ដែលហៅថា ឥណ្ឌូចិនសហព័ន្ធឥណ្ឌូចិន ឬទំនាក់ទំនងដៃគូយុទ្ធសាស្រ្តពិសេស ស្អីនោះនឹងទទួលមរណភាព បន្ទាប់ពីមានវត្តមានរបស់ BRI នៅក្នុងតំបន់នេះ។ តែជាការពិត វៀតណាម ធ្លាប់បានសាកល្បងនូវជំហរ របស់កម្ពុជា នាឆ្នាំ២០១២តាមរយៈជម្លោះលើសមុទ្រចិនខាងត្បូង និងការសាកល្បងជំហរ របស់ឡាវនាឆ្នាំ២០១៦ ក្នុងឱកាសរៀបចំ មហាសន្និបាតបក្ស ដោយបានជម្រុះពួកអ្នកបដិវត្តន៍ជើងចាស់របស់ឡាវដែលមានជំហរងាកមករកចិន ដោយលើកពួកអ្នកថ្មីដែលមានជំហរកណ្ដាលជាង មិនដើរជាមួយវៀតណាម និងមិនស្និទជាមួយចិនពេក ឱ្យឡើងកាន់អំណាច ព្រមទាំងបានចោទប្រកាន់មកលើឥស្សរជន ជើងចាស់ ក្នុងជួរបដិវត្តន៍ឡាវ ថាជាជនក្បត់ជាតិ(Sic)។

         ទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តពិសេស គ្រាន់តែជារូបភាព ព្រោះផលប្រយោជន៍ជាតិវៀតណាម ធំជាង!

        បន្ទាប់ពីមានដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិកនាឆ្នាំ ២០១៥ របស់លោក ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមក ក៏មានការទស្សន៍ទាយថា វៀតណាមអាចឈប់លេងនយោបាយ ការទូត ក្នុងការដើរនៅលើខ្សែពួរទៀត ដោយបានសម្រេចជ្រើសរើស យកអាមេរិក ធ្វើជាដៃគូយុទ្ធសាស្រ្ត ក្នុងបរិបទមួយដែលចិនដាច់ខាតមិនរាថយ ទោះជាត្រូវសងនូវតម្លៃមួយ ដ៏ថ្លៃទាក់ទងដល់ Core interests លើតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។

ព្រោះករណីបើវៀតណាមសម្រេចដើរជាមួយអាមេរិក និងពួកលោកខាងលិច វៀតណាមអាចជួបឧបទ្ទវហេតុដូចក្នុងបណ្ដាឆ្នាំ១៩៧៩ នៅពេលដែលវៀតណាមងាកទៅរកសូវៀតប្រឆាំងចិននោះ។ ក្នុងបរិបទមួយនេះ គោលការណ៍៤មិន និង៤ចៀស គ្រាន់តែជាវាំងននសម្រាប់លម្អ នៅពេលដែលអត្ថប្រយោជន៍ មកដល់គឺគោលការណ៍មួយនេះ នឹងសាបរលាបទៅ!។

         គោលការណ៍៤ មិនរួមមាន៖ ១).មិនចងសម្ព័ន្ធភាព ជាមួយប្រទេសមួយនេះ ដើម្បីប្រឆាំងប្រទេសមួយនោះ ២).មិននចូលរួមទោះបីក្នុងការសម្ព័ន្ធភាពយោធាណាមួយ ៣).មិនអនុញ្ញាតឱ្យបរទេសមកដាក់មូលដ្ឋានយោធាលើទឹកដីរបស់ប្រទេសខ្លួន និង៤).មិនប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយក្នុងវិវាទ និងគោលការណ៍៤ចៀសរួមមាន១).ចៀសធ្វើយ៉ាងណាកុំឱ្យមានវិវាទជាយោធា ២).ចៀសធ្វើយ៉ាងណាកុំឱ្យមានការហ៊ុមព័ទ្ធលើផ្នែកសេដ្ឋកិច្ច ៣).ចៀសធ្វើយ៉ាងណាកុំឱ្យមានការហ៊ុមព័ទ្ធលើផ្នែកការទូត និង៤).ចៀសធ្វើយ៉ាងណាកុំឱ្យមានការរណប ចំណុះលើផ្នែកនយោបាយពីបរទេស

គេបានឃើញគោលការណ៍ទាំងនេះ របស់ប្រទេសអឺរ៉ុបមួយចំនួន ដែលប្រកាន់យក នយោបាយអព្យាក្រឹត្យដាច់ខាត តែនៅពេលដែលកងទ័ពហ្វាក់ស៊ីស ហ៊ីធ្លា និងកងទ័ពវាយរំកិល មកកៀកព្រំដែន ស្រាប់តែគោលការណ៍ទាំងនេះបាត់អស់ ដោយជំនួសមកវិញ ដោយមានការចូលរួមក្នុងសម្ព័ន្ធភាពយោធា ទៅវិញ ជាក់ស្ដែងបំផុតនោះ គឺសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យប្រទេសក្នុងតំបន់បាល់ទិក និងសិនឌីវ៉ានីរួមគ្នា ពិនិត្យឡើងវិញ នូវលក្ខខណ្ឌអព្យាក្រឹត្យរបស់ខ្លួន ដោយមិនសុខចិត្តឱ្យ គេចងដៃនិងភ្ជង់ចុងកាំភ្លើង ដាក់ក្បាលឡើយ។ នៅក្នុងហេតុផលមួយនេះ ក៏មានពួកអ្នកវិភាគនយោបាយ បានសួរថា វៀតណាម បានប្រកាសនូវបណ្ដាគោលការណ៍ខាងលើ តើវៀតណាម មានបានគោរពទេ បើវៀតណាមក៏មានកងទ័ព របស់ខ្លួនឈរជើង នៅលើទឹកដីឡាវ មិនតិចជាង២កងពលធំ ព្រមទាំងបានចងសម្ព័ន្ធភាពយោធា ដោយបង្កប់នៅក្នុងកិច្ចព្រមព្រៀងមិត្តភាព និងសហប្រតិបត្តិការ២៥ឆ្នាំម្ដងៗ ជាមួយឡាវ តែវៀតណាមមានបានគិត អំពីបញ្ហានេះទេ!។

        សច្ចភាពមួយ ដ៏តថភាព ដែលមិនអាចប្រកែកបាន!

        ៤ទសវត្សរ៍ នៃដំណើរសង្រ្គាម ភាតរភាពក្នុងស្រុក ដូច្នោះប្រហែលជាគ្មាន ប្រជាជាតិណាមួយ ស្រឡាញ់សន្តិភាព និងមានការស្រេកឃ្លាន ការអភិវឌ្ឍប្រទេសជាតិ ជាងប្រជាជនកម្ពុជានោះឡើយ។ ទើបក្រោយសង្រ្គាម កម្ពុជាសូមស្វាគមន៍ដល់មិត្តទាំងអស់ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយមិនគិតអំពីនិន្នាការ នយោបាយ ឱ្យតែបានគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាលើមូលដ្ឋាន រួមមានផលប្រយោជន៍ ទៅវិញទៅមក។

         ដោយកម្ពុជា មានរាជរដ្ឋាភិបាលមួយ ស្របច្បាប់ ត្រូវបានបង្កើតដោយការបោះឆ្នោត របស់ប្រជាជន និងមានស្ថិរភាពនយោបាយ ពិតប្រាកដក្នុងការដឹកនាំ ប្រទេសជាតិនោះ ទើបចាប់តាំងពីបណ្ដាឆ្នាំ២០១០ ចិន បានក្លាយទៅជាអ្នកបណ្ដាក់ទុនមួយដ៏ធំ និងសំខាន់បំផុតនៅកម្ពុជា និងឡាវ ហើយទន្ទឹមនេះ ចិនក៏ជាដៃគូនយោបាយមួយដ៏រឹងមាំ និងសំខាន់បំផុតក្នុងទំនាក់ទំនង និងសហប្រតិបត្តិការជាមួយឡាវ និងកម្ពុជានោះ!។

         តាំងពីបណ្ដាឆ្នាំ២០១០ ចិនបានបណ្ដាក់ទុនចូលឡាវ មានប្រហែល១៦ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងផែនការ និងវិនិយោគរបស់ឡាវ ហើយគម្រោងBRI ដែលធំជាងគេបំផុត របស់ចិននៅឡាវនោះ រួមមានបណ្ដាញផ្លូវរថភ្លើង និងទំនប់វារីអគ្គិសនី ដោយឡែក ចំពោះគម្រោង BRI នៅកម្ពុជាវិញរួមមាន វាលយន្តហោះ កំពង់ផែ និងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ដែលចរន្តវិនិយោគនេះនៅតែបន្តរបស់ចិនហូរចូលមកក្នុងប្រទេសទាំងពីរនេះ ដែលជាបច្ច័យមួយ កាន់តែធ្វើឱ្យជញ្ជីងពាណិជ្ជកម្ម មួយថ្ងៃកាន់តែមានដំណើរការវិវត្ត រីកចម្រើនរវាងចិន ជាមួយកម្ពុជា និងឡាវនោះ ដែលការវិវត្តមួយនេះ កាន់តែបានលើកទឹកចិត្តឱ្យកាន់តែ មានវត្តមានរបស់ចិន រួមទាំងបានធ្វើឱ្យ ឥទ្ធិពលសេដ្ឋកិច្ច របស់ចិន មានការរីកធំធាត់នៅក្នុងតំបន់ នាំដល់ការកកើតនូវរបៀង សេដ្ឋកិច្ចថ្មីមួយ ដែលមានចិនជាមជ្ឈឹមភាព នៃបណ្ដុំ សេដ្ឋកិច្ចនោះ!។

         អាចកើតមកពីកត្តាភូមិសាស្រ្ត យុទ្ធសាស្រ្តនយោបាយ ទើបអ្នកកាន់អំណាចវៀតណាមតែងតែសម្ដែងការព្រួយបារម្ភ នូវអ្វីដែលបានកើតមានឡើង នៅលើម្ដុំទន្លេមេគង្គ រួមរបស់ចិននិងឡាវ ពិសេសគឺការកសាង ទំនប់វារីអគ្គិសនីដែលមានទ្រង់ទ្រាយធំ លើខ្សែទឹកខាងលើ របស់ទន្លេមេគង្គ ដែលជាគ្រោះមហន្តរាយមួយដ៏ធំ ក្នុងការជះឥទ្ធិពល ប៉ះពាល់មកលើតំបន់ខ្សែទឹក ខាងក្រោម ពិសេសគឺតំបន់ដែនដីសណ្ដ ទន្លេមេគង្គនេះឯង ហើយ វៀតណាម តែងតែចាត់ទុក ការកសាងទំនប់វារីអគ្គិសនី រាប់សិបរបស់ ចិននៅឡាវ អាចជាបច្ច័យអាក្រក់ ក្នុងការនាំឱ្យមានភាពអន្តរាយ វិនាសមកលើវិស័យកសិកម្ម និងការនេសាទត្រីទឹកសាប របស់វៀតណាមនោះ។

         ចំពោះកម្ពុជា វៀតណាមសម្ដែងការបារម្ភខ្លាំងជាងគេ ដោយចាត់ទុកវាលយន្តហោះ តារាសាគរ និងកំពង់ផែទឹកជ្រៅរាម ជាឈ្នាន់ ជន្ទល់ក្នុងការគំរាមកំហែងមកលើសន្តិសុខវៀតណាមដោយផ្ទាល់ ជាពិសេសជាមូលដ្ឋានក្រោយក្នុងការផ្ដល់ការគាំទ្រក្នុងករណីមានឧបទ្ទវហេតុនៅលើតំបន់សមុទ្រចិនខាងត្បូងនោះ(Sic)។ នៅក្នុងបរិបទនៃប្រវត្តិសាស្រ្ត និងផលប្រយោជន៍យូរអង្វែងជាក់ស្ដែងនោះ ពួកអ្នកវិភាគភូមិសាស្រ្តនយោបាយបានអះអាងថា មុន និងក្រោយវៀតណាមនឹងបាត់ ឥទ្ធិពលទាំងស្រុងលើឡាវ និងកម្ពុជា ព្រោះចិន បច្ចុប្បន្នមិនត្រឹមតែជាដៃគូគួរឱ្យទុកចិត្តបំផុតនោះទេ ថែមទាំងបណ្ដាក្រុមហ៊ុនថ្នាក់យក្សរបស់ចិនជាច្រើនបានឈរជើងជាអចិន្ត្រយ៍នៅលើទីលានទាំងនេះផង ម្យ៉ាងទៀតឡាវនិងកម្ពុជា មានអ្នកដឹកនាំសុទ្ធតែប្រកបទៅដោយគតិបណ្ឌិតក្នុងស្មារតីស្នេហាជាតិ មានចរិតប្រាកដនិយមបំផុត!ទើបការខិតខំប្រឹងប្រែងក្នុងការអូសទាញឡាវ និងកម្ពុជាកុំឱ្យដើរចេញពីតារាវិថីនៃឥទ្ធិពលវៀតណាម មើលទៅដូចជាមិនជោគជ័យ លែងមានទំនាក់ទំនង ប្រទេសឥណ្ឌូចិន ទៀតហើយមានតែជាទំនាក់ទំនងកម្ពុជា ឡាវ វៀតណាម ជាប្រទេស៣ ដែលមានឥស្សរភាព អធិបតេយ្យភាព និងមានការស្មើភាពក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរជាតិ។

         លោក Sebastian Strangio អ្នកកាសែតដ៏ល្បីបានអះអាងថា ប្រទេស៣ ដែលធ្លាប់ជាបងប្អូន រួមលេណដ្ឋានប្រយុទ្ធតែមួយ ក្នុងគ្រាលំបាកនាសម័យសង្រ្គាមតស៊ូ ដើម្បីឯករាជ្យភាព អស់រយៈកាលជាង៦ទសវត្សរ៍នោះ ឥឡូវនេះប្រទេស៣បានដើរដល់ផ្លូវបំបែកជា៤ ដែលប្រទេសនីមួយៗ បានតម្កល់ផលប្រយោជន៍ជាធំនោះ នៅក្នុងលេណដ្ឋានប្រយុទ្ធតែមួយ តែមានសុបិន្ត សេចក្ដីប៉ងប្រាថ្នាមានការខុសគ្នា!។ ក្រុងហាណូយ បានដឹងជាយូរមកហើយ តាំងពីសម័យកាលរបស់ហ្សឺណែវ ៥៤ អំពីផែនការរបស់ចិន ក្នុងការទប់ស្កាត់មិនឱ្ យវៀតណាមពង្រីក និងពង្រឹងអំណាចឥទ្ធិពលរបស់ខ្លួនបានមកលើឡាវនិងកម្ពុជាឱ្យបាន ដែលទោះបីជាពេលនោះ ចិនបានឈរនៅក្នុងរណសិរ្សរួមជាមួយវៀតណាមតែមួយ ក្នុងការប្រឆាំងចក្រពត្តិ អាណានិគម ក៏ដោយនោះ ព្រោះនេះជាគោលមាគ៌ា ដែលបានចង្អុលបង្ហាញ ពីបណ្ដាថ្នាក់ដឹកនាំកំពូលរបស់ចិន ហើយត្រូវបានអនុវត្តន៍ ផ្ទាល់ដោយលោក ជួ អេងឡាយ តេង ស៊ាវភីង និងក្រោយមកមានលោក ស៊ី ជីនភីង ជាអ្នកបន្តវេន ក្នុងការជួយការពារឡាវ និងកម្ពុជា ពីអំណាចរំលោភបំពានពីខាងក្រៅ និងជួយអភិវឌ្ឍន៍ឡាវ និងកម្ពុជាឱ្យទៅជាប្រទេសចាកផុត ពីភាពក្រីក្រ និងឱ្យបានរីកចម្រើននៅក្នុងតំបន់នេះ។ ទើបផែនការ BRI បានរត់ឆ្លងកាត់រួចឈរជើង នៅទីនេះ ដូចការគិតគូរជាយូរមកហើយនោះ។

         ជាប្រទេសតូច ទើបបានឆ្លងកាត់សង្រ្គាម រ៉ាំរ៉ៃនៅក្នុងស្រុក តែមានមោទកភាព ដោយមានអ្នកដឹកនាំមានភាពមុះមុត ដាច់ខាត ទើបបច្ចុប្បន្ននេះដំណើរការអភិវឌ្ឍ រីកចម្រើនរបស់ឡាវ និងកម្ពុជា នៅលើផ្នែកមួយចំនួនបានធ្វើឱ្យប្រទេសភូមិផង ពិសេសគឺវៀតណាមត្រូវរៀនសូត្រចង់ធ្វើតាម។ដូចករណីក្នុងការប្ដេជ្ញាកសាងផ្លូវរថភ្លើងរត់ពីព្រំដែនចិន មកកាន់រដ្ឋធានីវៀងច័ន្ទ បន្ទាប់មករត់ទៅតភ្ជាប់ដីថៃ ដែលមានប្រវែង៤២០គីឡូម៉ែត្រ និងការប្ដេជ្ញាកសាងរមណីយដ្ឋានទេសចរណ៍ តារាសាគរ និងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុជិត២០០គីឡូម៉ែត្រ ដែលសំណង់ទាំងអស់នេះសុទ្ធតែជាការប្ដេជ្ញាខ្ពស់ពីថ្នាក់ដឹកនាំកំពូូលរបស់ឡាវ និងកម្ពុជា ដែលទោះបីជាមានការរងសម្ពាធយ៉ាងខ្លាំងពីខាងក្រៅក៏ដោយ!។

         ក្នុងសម័យកាលតស៊ូ ដើម្បីឯករាជ្យភាព ពេលនោះវៀតណាម ឡាវ កម្ពុជា ជាបងប្អូន ឥឡូវនេះទឹកដីយើងទាំង៣មានសន្តិភាព ស្ថិរភាព ហើយសង្រ្គាមបានបញ្ចប់អស់ជាច្រើន ទសវត្សរ៍ យើងទាំង៣ នៅតែជាបងប្អូនភូមិផងល្អជាមួយគ្នា តែសំណូមពរនៃសេចក្ដី ត្រូវការក្នុងដំណើរការអភិវឌ្ឍន៍ជាតិ ការកសាងធនធានមនុស្សជាសេចក្ដីស្លាប់រស់និងចាំបាច់ដែលវៀតណាម ក៏មានសំណូមពរក្នុងការអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួនដូចគ្នាផងដែរ។ ដូច្នោះទាំងឡាវ ទាំងកម្ពុជាសុទ្ធតែមានឥស្សរភាពក្នុងទំនាក់ទំនង និងធ្វើសហប្រតិបត្តិការជាមួយពិភពខាងក្រៅក្នុងផលប្រយោជន៍ជាតិ ដោយពុំមែនដើរជាមួយប្រទេសនេះ ដើម្បីប្រឆាំងប្រទេសមួយនោះ ដូចនឹងអ្វីដែលសារព័ត៌មានលោកខាងលិច រួមទាំងកាសែតក្នុងស្រុករបស់វៀតណាមនិយាយនោះឡើយ។

         ក្រោយសង្រ្គាមត្រជាក់ចប់ ប្រទេសទាំង៣ វៀតណាម ឡាវ កម្ពុជាបានជំរុញដំណើរការ កែទម្រង់ និងបង្កើនទំនាក់ទំនង ជាមួយបណ្ដាប្រទេសអាស៊ាន ព្រមទាំងបានចូលរួម ជាសមាជិកក្នុងសមាគមអាស៊ានទៀតផង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនេះ មិនត្រឹមតែស្ថិតនៅក្នុងទំនាក់ទំនង ទ្វេភាគីនោះទេ ថែមទាំងមានចរិតតំបន់ និងពហុភាគីនោះផង ក្នុងកិច្ចគាំទ្រគ្នាទៅវិញទៅមកនោះ។ ប្រទេសទាំង៣ បានចូលរួមយ៉ាងសកម្មនៅក្នុងបណ្ដាយន្តការ អន្តរជាតិ ក្នុងការចូលរួមដោះស្រាយ នូវបញ្ហាអន្តរជាតិ ច្រើនដោយមានប្រសិទ្ធភាព មានលទ្ធភាពក្នុងការរារាំង ទប់ស្កាត់កុំឱ្យមានទំនាស់ វិវាទ ចូលរួមកសាងធ្វើឱ្យមានបរិយាកាលសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរួម មានផលប្រយោជន៍ ជាមួយពួកប្រទេសអាស៊ាន និងលើសកលលោកនោះ។ ឈរនៅលើមូលដ្ឋានសត្យានុម័តនេះ ប្រទេសនីមួយៗ សម្រេចបាននូវគោលដៅ អភិវឌ្ឍន៍៍សេដ្ឋកិច្ចរៀងៗខ្លួន រួមទាំងការពង្រឹងបាននូវឯករាជ្យភាព អធិបតេយ្យភាពជាតិ របស់ប្រទេសខ្លួនបាន ក្នុងការជំរុញឱ្យ មានការតភ្ជាប់គ្នានៅក្នុងតំបន់បានដោយមាន ភាពរលូន និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់បំផុតនោះ ក្នុងបរិបទដ៏វិជ្ជមាន យ៉ាងនេះ វៀតណាម ឡាវ កម្ពុជា ក៏សម្រេចបាននូវការព្រមព្រៀង យ៉ាងច្រើនលើបណ្ដាវិស័យនយោបាយ ការទូត យោធា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ល.លនោះ។

         ឡាវ និងកម្ពុជា បានដើរចេញពីតារាវិថី ឥទ្ធិពលវៀតណាម ដែលវៀតណាម បានខំអូសទាញកុំឱ្ យទៅជិតចិននោះ!

         តាមការអះអាងរបស់លោក Carl Thayer គឺជាយូរមកហើយវៀតណាម តែងតែចាត់ទុក ប្រទេសខ្លួនជាបងធំនិងមានគុណបំណាច់ មកលើអ្នកកាន់អំណាច របស់ឡាវ និងកម្ពុជា ដោយវៀតណាម ធ្លាប់បានជួយឱ្យឡើងកាន់អំណាចក្នុងបណ្ដាទសវត្សរ៍ទី៨០នោះ (Sic) ក្រោយមកឡាវ និងកម្ពុជា បានក្លាយទៅជាចំណាប់ខ្មាំង ក្នុងនយោបាយការបរទេសវៀតណាម ព្រោះបើមានការឯកភាព យល់ព្រមពីហាណូយ ទើបមានសិទ្ធិសម្រេចបាន ដែលអំណាចរបស់វៀតណាម បានគ្របដណ្ដប់មកលើឡាវ និងកម្ពុជា ទាំងមូលតាមរយៈអំណាចយោធា មានវត្តមាន ជាង២០ម៉ឺននាក់នៅទីនេះ ដែលក្រោយមកវៀតណាម មិននឹកស្មានថាមានសត្វនាគដ៏ធំ មាននៅក្នុងតំបន់នេះផងដែរ ដែលសត្វនាគមួយនេះ ក្រោយមកបានធ្វើឱ្យវៀតណាម ត្រូវគិតគូរឡើងវិញ និងត្រូវមានជំហាន សម្បទានក្នុងនយោបាយនោះ។

         អ្នកវិភាគនយោបាយ នៅក្នុងតំបន់បានអះអាងថា រហូតមកដល់ពេលនេះ បញ្ហាព្រំដែន បញ្ហ និគមជនវៀតណាម និងភាពជាបងធំ របស់វៀតណាម នៅតែជាបច្ច័យគន្លឹះ ក្នុងការបង្ខំឱ្យឡាវ និងកម្ពុជាស្វែងរកបង្អែក និងដើរឆ្ងាយពីលទ្ធិ Chauvinist របស់អ្នកកាន់អំណាចវៀតណាម ដែលទោះបីជាវៀតណាមបានអំនួតថា បានបណ្ដាក់ទុនរកស៊ី រាប់កោដិដុល្លារ ចូលមកក្នុងប្រទេស២ នេះឡាវ និងកម្ពុជាក៏ដោយ។

         គ្មាននរណា ឬប្រទេសណាយល់អំពីចិត្តគំនិត របស់ចិន ជាងប្រជាជាតិវៀតណាមឡើយ នេះគឺជាសម្ដីរបស់លោក ឡេ ដូន ផ្ទុយមកវិញ ក៏គ្មានប្រជាជាតិណា យល់អំពីវៀតណាម ជាងប្រជាជាតិកម្ពុជាផងដែរនោះ។ នៅក្នុងភូមិសាស្រ្តនយោបាយ និងបណ្ដាសារជាប្រវតិ្តសាស្រ្ត បានធ្វើឱ្យប្រជាជាតិមួយ ស្គាល់ប្រជាជាតិមួយយ៉ាងច្បាស់ ឆ្លងតាមរយៈភាពជាក់ស្ដែងក្នុងប្រវត្តិសាស្រ្ត ដែលនៅក្នុងសំណេរមួយរបស់ព្រះករុណា ព្រះបិតាដោយព្រះអង្គបានបញ្ជាក់ពេលជួបជាមួយប្រមុខ ដឹកនាំវៀតណាម នាឆ្នាំ១៩៥០ ដោយពួកនេះបានសួរព្រះអង្គថា ឱ្យទៅប្រទេសវៀតណាមវិញនូវកោះទាំងឡាយ ដែលស្ថិតនៅក្បែរ ឆ្នេរសមុទ្រកម្ពុជា ដូចជាកោះទន្សាយ កោះសេះ កោះវ៉ៃ ឆ្លើយតបទៅនឹងគំនិតអគតិនេះ ព្រះករុណាព្រះបិតា បានបញ្ជាក់វិញថា កម្ពុជាមិនបាន ហើយនឹងពុំមានអ្វីដែលត្រូវប្រគល់ទៅឱ្យវៀតណាមនូវអ្វីៗដែលជាកម្មសិទ្ធិពីដូនតារបស់កម្ពុជា ចាប់តាំងពីការបង្កើតកម្ពុជរដ្ឋ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនោះ! ចំពោះអ្វីដែលទាក់ទងដល់កោះទាំងឡាយដែលស្ថិតនៅក្បែរឆ្នេរសមុទ្រខ្មែរនោះ កម្ពុជាសូមប្រឆាំងទៅនឹងការកំណត់ឱ្យ ដ៏អយុត្តិធម៌បំផុត ដោយពួកអាណានិគមនិយមបារាំង នូវកោះរបស់ខ្មែរ ដ៏ធំមួយឈ្មោះថា កោះត្រល់នោះ។ ទន្ទឹមនេះ កម្ពុជាសូមរំលឹកដល់ លោកប្រធានាធិបតីថា កូសាំងស៊ីន របស់លោកនឹងត្រូវបានមកកម្ពុជាវិញ ព្រោះទឹកដីនេះ គឺជាដែនដីកម្ពុជាក្រោមរបស់កម្ពុជា។ ការប្រកាន់យកគោលមាគ៌ា អព្យាក្រឹត្យ និងការប្រកែកមិនព្រមចូលរួម ក្នុងប្លុកយោធា SEATO ក្រោមឆត្រការពារសន្តិសុខ របស់អាមេរិក បានរុញកម្ពុជាប្រែក្លាយទៅជា ភាពអមិត្តជាមួយវៀតណាមខាងត្បូង និងថៃ ក្រោយមករដ្ឋការក្រុងព្រៃនគរ បានបិទព្រំដែន និងបិទការធ្វើនាវាចរណ៍ លើដងទន្លេមេគង្គ មិនឱ្យកម្ពុជាមានសិទ្ធិប្រើប្រាស់ ដងទន្លេនេះ ដែលនេះជាភាពកម្រោលក្នុងការដើរផ្ទុយទៅនឹង កិច្ចព្រមព្រៀងប៉ារីស ថ្ងៃទី២៩ ធ្នូ ១៩៥៤ ស្ដីពីរបបនាវាចរណ៍ លើដងទន្លេមេគង្គនោះ ក៏ដូចជាអ្វីដែលរណសិរ្សរំដោះជាតិវៀតណាម ភាគខាងត្បូង ដែលបានសន្យាយ៉ាងឱឡារិក ក្នុងការគោរពអធិបតេយ្យភាព បូរណភាពដែនដីរបស់កម្ពុជា តែក្រោយពីរំដោះទទួលបានជោគជ័យ នៅថ្ងៃទី៣០ មេសា ១៩៧៥ ដែលរហូតមកដល់ពេលនេះ វៀតណាមពុំបានអនុវត្តន៍ និងគោរពដូចអ្វីដែលខ្លួន បានសន្យាជាមួយព្រះករុណាព្រះបិតាឡើយ!។

         សត្វនាគមួយដ៏ធំ នៅក្នុងតំបន់ ត្រូវបានគេភ្លេចបាត់!

        ចាប់តាំងពីពាក់កណ្ដាល ទសវត្សរ៍ របស់បណ្ដាឆ្នាំ២០១០ ចិនប្រជាមានិត បានក្លាយទៅជា អ្នកបណ្ដាក់ទុនមួយដ៏ធំបំផុត ចូលមកឡាវនិងកម្ពុជា ហើយទន្ទឹមនេះ ចិនក៏ជាដៃគូអភិវឌ្ឍន៍ និងនយោបាយមួយដ៏សំខាន់ ក្នុងជីវភាពនយោបាយ របស់ប្រទេសទាំងពីរកម្ពុជា និងឡាវ។ ដោយជាប្រទេស នៅមានស្ថានភាពក្រីក្រ លំបាក និងចង់ប្រែក្លាយប្រទេសរបស់ខ្លួន ឱ្យទៅជាធុងអាគុយនៅអាស៊ី នោះ ឡាវបានកសាងរាប់សិប វារីអគ្គិសនី នៅលើដងទន្លេមេគង្គក្រោមហិរញ្ញប្បទាន របស់ចិន ដែលការកសាងទំនប់វារីអគ្គិសនី ទាំងនេះ ពោរពេញទៅដោយភាពចម្រូងចម្រាស់នោះ ដោយទំនប់វារីអគ្គិសនីទាំងនេះ គឺជារបាំងមួយ ក្នុងការធ្វើឱ្យចរន្តទឹក មានលំហូរចុះមកភាគខាងក្រោម ពិសេសគឺចុះមកតំបន់ ដែនដីសណ្ដទន្លេមេគង្គ មានភាពមិនធម្មតាផង នាំឱ្យមានគ្រោះធម្មជាតិ ផង ដែលជាផលប៉ះពាល់មួយដ៏ធំ មកលើប្រជាពលរដ្ឋវៀតណាម រាប់សិបលាននាក់ ដែលរស់នៅទីនេះ ពឹងផ្អែកលើទឹក កសិកម្ម នេសាទជួបប្រទះ នូវការលំបាលនោះ(Sic)។

            បន្ទាប់មក បញ្ហាមួយដែលធ្វើឱ្យវៀតណាម មានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការកសាងប្រព័ន្ធផ្លូវដែកមួយដែលរត់ពីព្រំដែនចិន ចូលមកកាន់វៀងច័ន្ទ ដោយផ្លូវរថភ្លើងមួយនេះ រត់កាត់ប្រទេសឡាវ ដែលពួកអ្នកយោធានិយមវៀតណាមយល់ថា នេះគឺជាច្រករបៀងមួយដ៏សំខាន់ ក្នុងការធ្វើដំណើរចុះ មកតំបន់ភាគខាងក្រោមរបស់កងទ័ពប្រជាជនចិន ដោយមានភាពរលូន(Sic)។

            តែយ៉ាងហោចណាស់ ត្រូវទទួលស្គាល់ការពិតមួយថា ផ្លូវរថភ្លើងនេះពេលកសាងចប់ និងពេលដំណើរការ ដែលជាយថាហេតុ ប្រព័ន្ធរថភ្លើងនេះនឹងធ្វើឱ្យ អំណាចឥទ្ធិពលរបស់វៀតណាម ដែលមានរាប់សិបឆ្នាំនៅលើទឹកដីឡាវ ត្រូវចុះថយ និងមានភាពហានិភ័យ ក្នុងអនាគត ដោយអំណាចរបស់វៀតណាម ត្រូវប្រឈមមុខទៅនឹងសត្វនាគមួយដ៏ខ្លាំង មហិមា នៅក្នុងតំបន់នេះ។

         អស់ពីការបារម្ភមួយស្រាប់តែ កើតឡើងនូវការបារម្ភមួយផ្សេងទៀត ទាក់ទងដល់ការកសាង វាលយន្តហោះខ្នាតយក្ស នៅតារាសាគរ និងកំពង់ផែទឹកជ្រៅរាម ដែលពួកអ្នកយុទ្ធសាស្រ្ត ជឿជាក់ថា សំណង់២ខាងលើ មានចរិតពហុគោលដៅ ដែលក្នុងនោះមានមុខងារ បម្រើឱ្យយោធាច្រើនជាង ដែលអាចសម្រួលឱ្យចិន ដាក់ពង្រាយកងទ័ព សម្ភារៈយោធា យន្តហោះ និងនាវចម្បាំងសំដៅ បម្រើឱ្យផែនការយុទ្ធសាស្រ្ត យូរអង្វែងដូចករណី មូលដ្ឋាននៅ Djibouty Solomon អីចឹង(Sic)។

            ចិននៅមានសន្លឹកបៀរលេង ច្រើន ក្នុងពេលដែលវៀតណាម ចង់អស់បៀរលេង នៅលើក្ដារអុកនយោបាយតំបន់!

        ពួកអ្នកវិភាគយុទ្ធសាស្រ្ត របស់វៀតណាមដឹងច្បាស់ថា វៀតណាមបាននិងកំពុងប្រឈមទៅនឹង នយោបាយហ៊ុមព័ទ្ធរបស់ចិន ពីខាងសមុទ្រផង ពីខាងដីគោកផង រួមទាំងការទទួលរងសម្ពាធ សេដ្ឋកិច្ចជាប្រចាំផង។ ជាច្រើនទសវត្សរ៍មកហើយ ឡាវ និងកម្ពុជា ត្រូវបានកំណត់ថាជា ប្រទេសក្នុងក្របខណ្ឌ ទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តពិសេសរបស់វៀតណាម តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកត្តាភូមិសាស្រ្តនយោបាយ ឡាវនិងកម្ពុជា ជាយថាភាពត្រូវបានគេចាត់ទុកថា បានស្ថិតនៅក្រោមឥទ្ធិពល របស់ចិន ដែលហេតុបច្ច័យមួយនេះ បានធ្វើឱ្យវៀតណាម មានការលំបាក ក្នុងការជ្រើសរើសយកដៃគូថ្មី នៅក្នុងតំបន់នោះ។ ក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏សភាពការណ៍ពេលនេះបានដាក់ឱ្យវៀតណាម ឈរនៅលើខ្សែពួរមួយ ដែលខ្លួនមិនចង់សោះ ខាងជើងមានចិន ខាងលិចគឺឡាវ ខាងនិរតីមានកម្ពុជា និងខាងកើតគឺសមុទ្រចិនខាងត្បូង ក្រោមការត្រួតត្រា របស់ចិនទៀតនោះ។

សួរថាខឿនសន្តិសុខ របស់វៀតណាម មានការប៉ះពាល់ឬអត់។ដូច្នោះហើយទើបវៀតណាម គ្មានវិធានការណាមួយក្រៅអំពីរក្សាទំនាក់ទំនងនេះ ឱ្យកាន់តែបានល្អជាមួយឡាវ និងកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំឱ្យ កើតមានមានឡើងនូវទោះបីឧបទ្ទវហេតុ នយោបាយណាមួយ នាំដល់មានភាពអវិជ្ជមាន ក្នុងទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាម ជាមួយឡាវ រវាងវៀតណាមជាមួយកម្ពុជានោះ។ ក្នុងក្របខណ្ឌមួយនេះ ទើបគេឃើញញមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនង ជាមួយឡាវនិងកម្ពុជា បានផ្អែកមកលើ គោលការណ៍ជឿជាក់ លើនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអប់រំបណ្ដុះបណ្ដាល និងការពន្លឿនដោះស្រាយនូវបណ្ដាបញ្ហា ដែលនៅសេសសល់ឱ្យបាន ចប់ជាស្ថាពរនោះ។

        ចំពោះកម្ពុជាវិញ ត្រូវបានកំណត់នៅលើពាក្យស្លោក ភូមិផងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង។ជាសច្ចភាពកម្ពុជាចង់បានណាស់ នូវគោលការណ៍ទាំងនេះ ព្រោះជាយូរមកហើយ កម្ពុជាមានបំណងយ៉ាងទទូច ចង់ដោះស្រាយបញ្ហាព្រំដែន ឱ្យចប់ជាស្ថាពរ ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមួយសន្តិភាព និងសហប្រតិបត្តិការ ព្រមទាំងចង់ដោះស្រាយបញ្ហា និគមជនវៀតណាម ដែលរស់នៅកម្ពុជាហើយពុំមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ តាមស្មារតី ជាប្រទេសភូមិផងល្អ គោរពគ្នាទៅវិញទៅមក។

         ពួកអ្នកវិភាគនយោបាយ ក្នុងតំបន់ បានឱ្យអនុសាសន៍ដល់វៀតណាម ថា សូមកុំបារម្ភពេកថា វៀងច័ន្ទនិងភ្នំពេញ បានស្ថិតនៅក្រោមឥទ្ធិពលរបស់ចិននោះ ដោយសូមឱ្យវៀតណាម យល់ឱ្យបានច្បាស់ យល់ឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលដៅររបស់ចិន ដែលកំពុងធ្វើនូវអ្វីពិតប្រាកដ នៅឡាវនិងកម្ពុជា ដើម្បីមានវិធានការក្នុងការសម្របសម្រួលតាម គឺជាការល្អប្រសើរបំផុត ជាជាងវាយប្រហារ ច្បាស់ហើយថា ឥទ្ធិពលសេដ្ឋកិច្ច នឹងនាំមកនូវឥទ្ធិពលនយោបាយ គឺជាកត្តាសត្យានុម័ត កុំថាឡើយវៀតណាម សូម្បីតែសហរដ្ឋអាមេរិក ដែលជាមហាអំណាចរបស់មហាអំណាចផុតលេខ លើពិភពលោក ក៏ឥតទាន់មានយុទ្ធសាស្រ្ត ណាមួយពិតប្រាកដ ក្នុងការទប់ស្កាត់ចិននៅឡើយផងទេ ក្រៅពីការបំពងសំឡេង គំរាមកំហែងចិនតែប៉ុណ្ណោះ។ ហើយឆ្លងតាមរយៈសង្រ្គាម នៅអ៊ុយក្រែន ជាមួយរុស្ស៊ី គឺជាសក្ខីកម្មមួយ ដ៏ជាក់ស្ដែងបំផុត ក្នុងយុទ្ធសាស្រ្តតតាំង ជាមួយអំណាចឥទ្ធិពលរបស់ចិន យ៉ាងនោះ។ដូច្នោះ វៀតណាម ពុំមានសក្តានុភាពគ្រប់គ្រាន់ ក្នុងការកំណែនថាមពល កម្លាំងធ្វើជាតុល្យភាព ក្នុងការទប់ទៅនឹងអំណាចឥទ្ធិពលរបស់ចិន ឡើយ។

         មានអ្នកនយោបាយខ្លះ បានឱ្យយោបល់ថា វៀតណាមអាចរំដោះខ្លួន ទម្លុះភាពហ៊ុមព័ទ្ធរបស់ចិនបានដោយវៀតណាមត្រូវអនុវត្តន៍យុទ្ធសាស្រ្តលើ៣ផ្នែកដោយ ទី១.បន្តរក្សាឱ្យបានល្អនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយឡាវនិងកម្ពុជាដែលមានស្រាប់ឱ្យកាន់តែល្អជាងនេះ ទី២.បង្កើនកម្លាំងថាមពលសរុបដោយអាចការពារខ្លួនបានក្នុងករណីបើមានការគំរាមកំហែងមកពីខាងក្រៅ និងទី៣.វៀតណាមត្រូវប្រែខ្លួនឱ្យក្លាយទៅជាមជ្ឈឹមភាពរបស់តំបន់និងអន្តរជាតិឱ្យបាន។

         BRI! ផែនការMarshall របស់ចិនក្នុងការស្រូបយកឡាវ និងកម្ពុជា ក្នុងក្របខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់!

        ក្នុងចក្ខុយុទ្ធសាស្រ្តយូរអង្វែង គឺក្រុងវៀងច័ន្ទមានការទាក់ទងផ្ទាល់ ទៅនឹងអំណាចនយោបាយ និងស្ថិរភាពនយោបាយ របស់ក្រុងហាណូយ ចំពោះកត្តាកម្ពុជាវិញ មានការពាក់ព័ន្ធផ្ទាល់ទៅនឹងបូរណភាពដែនដីរបស់កម្ពុជាមកលើភូមិភាគខាងត្បូង ដោយផ្ទាល់ពីកត្តាប្រវត្តិសាស្រ្ត ដែលនេះអាចជាការជះឥទ្ធិពលមួយដ៏ខ្លាំងមកលើស្ថិរភាពនៅវៀតណាមភាគខាងត្បូង ទាំងមូលតាម De-facto!។

         អស់រយៈកាលជាង៧០ឆ្នាំ បន្ទាប់ពីសង្រ្គាមលោកលើកទី២ ចប់ នេះជាលើកដំបូង ដែលរលកអំណាច របស់ចិនពិតប្រាកដ បានរំកិលចូលមកក្នុងតំបន់នេះ កៀកទៅនឹងព្រំដែន របស់វៀតណាមក្រោមរូបភាពជាផែនការយុទ្ធសាស្រ្តBRIនេះ តែក៏ជាអកុសលផងដែរ ដែលគម្រោងផែនការ BRI ទាំងមូលដែលបានគ្របដណ្ដប់មកលើ៦៨ប្រទេស នៅលើសកលលោក ស្រាប់តែឥតមានឈ្មោះវៀតណាម នៅក្នុងគម្រោង BRI នេះ អាចជាយថាភាព ចិនបានផ្ដាច់វៀតណាម ចេញពីផែនការBRI ដោយបានដឹងមុនថាវៀតណាម និងជាសមាជិកសកម្មរបស់ឥណ្ឌូប៉ាស៊ីហ្វិក នោះ។

         ក្នុងពេលដែលចិន ប្រឹងពង្រឹងឥទ្ធិពល ចុះមកភាគខាងត្បូង តាមរយៈ BRI មួយនេះ វៀតណាមក៏បានប្រឹងប្រែងពង្រីករក្សា អំណាចឥទ្ធិពល ដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត នៅក្នុងតំបន់ តែយ៉ាងណាក៏ដោយ វៀតណាមបានដឹងយ៉ាងច្បាស់ថា ខ្លួនពុំមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ ក្នុងការរត់ម៉ារ៉ាតុន ជាមួយចិនលើផ្នែកវិនិយោគ និងការផ្ដល់កម្ចីឥណទាន បានឡើយ ទើបវៀតណាម មានសេចក្ដីបារម្ភមួយដ៏ជ្រាលជ្រៅថា ឡាវ នឹងបន្តធ្លាក់ទៅក្នុងតារាវិថី នៃឥទ្ធិពលរបស់ចិន មួយទៀតដូចកម្ពុជា។

         រវាងឡាវ និងកម្ពុជា ឡាវនៅតែជាសម្ព័ន្ធមិត្តមួយ មិនចេញមុខតែមានភាពស្និទបំផុត ជាមួយវៀតណាម ដែលភាពស្អិតរមួត មួយនេះ មានតាំងពីសម័យកាល នៃសង្រ្គាមតស៊ូប្រឆាំងបារាំង និងអាមេរិកមកម្ល៉េះ ថ្នាក់ដឹកនាំឡាវទាំងមូល ដែលមួយភាគធំ មានដើមកំណើត និងត្រូវបានបណ្ដុះបណ្ដាល នៅវៀតណាមទាំងអស់ ហើយពិតមែនតែវៀតណាម បានប្រកាសនិងប្រកាន់ខ្ជាប់ នូវគោលការណ៍៤ មិនក៏ដោយតែការពិតវៀតណាម នៅមានរក្សាទុកកន្លែងទ័ពឈរជើង នៅលើទឹកដីឡាវ នៅតែចាត់ទុកឡាវ ជាសម្ព័ន្ធមិត្ត ប្ដូរផ្ដាច់ដាច់ខាត ជាមួយវៀតណាម ទើបវៀតណាម តែងតែចាត់ទុកឡាវ ជាប្រទេសបងប្អូនរួមលេណដ្ឋានប្រយុទ្ធតែមួយ។ ករណីធ្លាក់យន្តហោះយោធា នៅខេត្តសៀវហ្វាង ក្នុងប្រទេសឡាវ នាឆ្នាំ២០១៤ នាំមកដល់ការស្លាប់១៧នាក់ រួមមានសមាជិកការិយាល័យនយោបាយ៤រូប មានរដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីមហាផ្ទៃ ចៅហ្វាយក្រុង និងប្រធានគណៈចាត់តាំងមជ្ឈឹមបក្សក្នុងភាពអាថ៌កំបាំងត្រូវបាន មើលឃើញថា អ្នកស្លាប់់សុទ្ធតែ ជាអ្នកដែលមាននិន្នាការស្និទ ជាមួយចិនទាំងអស់។

         សម្ព័ន្ធភាពនេះលែង មានប្រសិទ្ធភាព នៅចំពោះមុខឥទ្ធិពល របស់ចិន!

សម្ព័ន្ធភាពដៃគូយុទ្ធសាស្រ្ត ជាបងប្អូនឡាវ វៀតណាម នាពេលនេះនឹងលែង មានភាពរឹងមាំដូចមុនទៀត ដោយឡាវ ជាបងប្អូនមួយនេះ មួយថ្ងៃកាន់តែចំណុះ មកលើចិនលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រហូតឈានដល់នយោបាយទៀតផង ដោយមកពីភាពក្រីក្រ លំបាករបស់ឡាវ ដែលវៀតណាមគ្មានលទ្ធភាព ជួយសម្រាលបាន ក្រៅពីយកថែម និងបង្កើនបន្ទុកបណ្ដាក់ មកលើបន្ថែមនោះ។ ពិតមែនតែវៀតណាម បានបណ្ដាក់ទុនចូលមកឡាវយ៉ាងច្រើនរាប់សិនរយលានដុល្លារ តែពុំឃើញមានផលចំណេញ ក្រៅអំពីឃើញជនជាតិវៀតណាម នៅឡាវ កាន់តែទៅៗកាន់កាប់ដីធ្លី រាប់ពាន់ហិកតា ដែលក្នុងពេលនោះជនជាតិឡាវ ពិតប្រាកដកាន់តែក្រលំបាកទៅ រហូតដល់មានឆ្នាំខ្លះរដ្ឋាភិបាល របស់ឡាវ ពុំមានថវិកាសម្រាប់បើកបៀវត្សរ៍ ជូនមន្រ្តី ទាហានទៀតផង។

         ចាប់តាំងពីបណ្ដាឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២០ ចិនបានក្លាយទៅជាអ្នកវិនិយោគមួយដ៏ធំ និងឈរលំដាប់ណាមួយនៅក្នុងប្រទេសឡាវ ទន្ទឹមនេះដោយសារមាន គម្រោងទ្រង់ទ្រាយធំ ក្រោមហិរញ្ញប្បទាន របស់ចិន មកលើទំនប់វារីអគ្គិសនីជាច្រើន និងការកសាងបណ្ដាញផ្លូវរថភ្លើង បានជួយជំរុញឱ្យខឿន សេដ្ឋកិច្ចរបស់ឡាវ ចាប់មានកំណើនរីកចម្រើនពី ៦ទៅ៧% ជាងរៀងរាល់ឆ្នាំនោះ!។

         គំនិតផ្ដួចផ្ដើម ផ្លូវមួយខ្សែក្រវាត់មួយ BRI ត្រូវបានក្រុងវៀងច័ន្ទ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងពេលដែលវៀតណាម ធ្វើព្រងើយកន្តើយ ព្រោះវៀតណាម បានមើលឃើញថា គម្រោងក្នុងផែនការ BRI នេះដែលក្នុងនោះមានប្រព័ន្ធផ្លូវដែករត់ពីគុនមីង ទៅកាន់សិង្ហបុរី ដោយរត់កាត់ប្រទេសឡាវនោះ គឺមានគោលដៅ ជាយុទ្ធសាស្រ្តក្នុងការឯកោ ហ៊ុមព័ទ្ធ វៀតណាម ចេញពីដីគោកទៅក្នុងតំបន់នេះ ដោយយកឡាវ ជាខ្សែបន្ទាត់បែងចែក អំណាចនោះ។

         នៅក្នុងបរិបទ នៃភូមិសាស្រ្តនយោបាយ មួយនេះ ទើបវៀតណាម បានលេងសន្លឹកបៀរ ចិត្តសាស្រ្ត ដោយជួយបំពងសំឡេង និងបន្ទាបឡាវនិងកម្ពុជា ថា បើទទួលយកBRI ស្មើនឹងការបាត់ ឯករាជ្យភាព ចំណុះនយោបាយ និងទទួលយកបំណុល ដែលពួកនេះរួមគ្នា ហៅថាអន្ទាក់បំណុលស្អីគេ នោះ(Sic)។

            យុទ្ធសាស្រ្តធំ៣ ក្នុងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច របស់ចិននៅក្នុងតំបន់ ស្ថិតនៅក្នុងក្របខណ្ឌ BRI នោះ!

        យ៉ាងហោចណាស់់ អ្នកភូមិសាស្រ្ត បានកត់សម្គាល់ឃើញ សហរដ្ឋអាមេរិកនិងសិង្ហបុរី នៅក្នុងប៉ុន្មានឆ្នាំនេះបានប្រឹងប្រែង អស់លទ្ធភាព ក្នុងការចលនា មកលើមជ្ឈដ្ឋាន អ្នកនយោបាយថៃ ក្នុងគ្រប់រូបភាព ដោយធ្វើយ៉ាងណាក្នុងការទប់ស្កាត់ឱ្យបាន កុំឱ្យចេញជារូបរាងបាន នូវផែនការជីកព្រែកក្រា!។ គម្រោងជីកព្រែកក្រា នេះមានទុនដំបូង ប្រមាណ៣៥ពាន់លានដុល្លារអាមេរិក ដែលព្រែកជីកមួយនេះ ជាយថាហេតុបានបោះបង់ចោល នូវតួនាទី របស់សិង្ហបុរី ដែលមុននេះ សិង្ហបុរី មានមុខងារមួយជាច្រកផ្លូវសមុទ្រ នៅភាគខាងត្បូង របស់សមុទ្រចិនខាងត្បូង ក្នុងការតភ្ជាប់ទៅនឹងតំបន់ សមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក នោះ។

         ជាការពិត គម្រោងព្រែកជីកក្រា គ្រាន់តែជាគម្រោងមួយក្នុង២គម្រោង របស់ចិន ដើម្បីអនុវត្តន៍នូវជំហានដំបូងក្នុងផែនការយុទ្ធសាស្រ្ តផ្លូវមួយខ្សែក្រវាត់មួយ ដែលគម្រោងទី២ មួយនេះ គឺគម្រោងផ្លូវដែក រត់ពីគុនមីងចេញទៅឈូងសមុទ្ រBengal ដោយមានភូមាជាចំណតផ្លូវរថភ្លើង មួយដ៏សំខាន់បំផុតនោះ។

         ក្នុងករណីចិនបញ្ចុះបញ្ចូលថៃបាន ក្នុងការរួមជាមួយភូមានិងឡាវ ក្នុងការតភ្ជាប់ផ្លូវរថភ្លើង គុនមីងរត់ឆ្លងកាត់ឡាវ បន្ទាប់មកចូលទៅតំបន់ភាគខាងជើង របស់ថៃ រួចរត់ទៅភ្ជាប់រ៉ុងហ្គូន ពេលនោះគម្រោង ជីកព្រែកក្រានឹងក្លាយទៅជាផ្លូវមួយ ដែលរត់ស្របទៅនឹងសមុទ្រចិនខាងត្បូង និងតំបន់អាស៊ីបូព៌ា ជាមួយនឹងតំបន់អាហ្វ្រិកឦសានជាមួយសមុទ្រ នឹងសមុទ្រមេឌីទែរ៉ាណេ និងរត់រហូតដល់តំបន់អឺរ៉ុប ក្នុងការធ្វើឱ្យសម្រេច នូវផែនការBRI នេះបើតាមការវិភាគ របស់ពួកអ្នកភូមិសាស្រ្តនយោបាយ នោះ។

         ក្បាច់គុនមួយនេះ របស់ចិនបានធ្វើឱ្យសម្ព័ន្ធភាព AUKUS ដែលទើបនឹងបានបង្កើតឡើង ក៏អស់សុពលភាព ក៏ដូចជាក្នុងការអូសទាញឱ្យ ក្រុមQUAD របស់អាមេរិកចូលរួម ក្នុងបណ្ដាសកម្មភាពយោធា សំដៅរារាំង ទប់ស្កាត់ចិនឱ្យលែង មានប្រសិទ្ធភាពទៀត។

         ជាតថភាព គេទាំងឡាយបានឃើញយ៉ាងច្បាស់ នូវភាពអសកម្ មរបស់អាមេរិក និងលោកខាងលិច នៅពេលដែលពួកគេ រួមគ្នាបង្កើតឡើងនូវ ប្លុកAUKUS ក្រោមគោលដៅថា ដើម្បីការពារអាស៊ី ពីការគំរាមកំហែងរបស់ចិន ក៏ប៉ុន្តែជាអកុសក ពុំមានប្រទេសអាស៊ីណាមួយ ស្ម័គ្រចិត្តចូលរួមជាមួយសោះ រួមទាំងពួកប្រទេសអាស៊ីអាគ្នេយ៍ផង។ ក្រៅពីនេះ មតិសាធារណៈ ដែសស្ថិតនៅក្រោមឥទ្ធិពល របស់ AUKUS ក៏ហាក់បីពុំបានយកចិត្តទុកដាក់ដល់ AUKUS ឡើយ ហើយក៏មិនដឹងថាសម្ព័ន្ធភាពយោធា AUKUS មួយនេះបង្កើតឡើង ដើម្បីអ្វីផង។

         ការប្ដូរយុទ្ធវិធី ពីទំនាស់លើសមុទ្រចិនខាងត្បូង មកកាន់ដីគោកវិញ របស់ចិន!

        នៅក្នុងគម្រោងផ្លូវដែក រត់កាត់អាស៊ីអាគ្នេយ៍នេះ ធ្វើឱ្យចិន អាចប្ដូរទិស យុទ្ធសាស្រ្តឆ្ពោះទៅទិសខាងលិច ក្នុងការដណ្ដើមឧត្តមភាព លើការវិវាទក្នុងតំបន់ សមុទ្រចិនខាងត្បូង ទៅជាយុទ្ធវិធីក្នុងការផ្អាក សមុទ្រចិនខាងត្បូង ទៅទុកម្ខាងសិន បែរមកពង្រឹងយុទ្ធសាស្រ្ត លើដីគោកម្ដង ដែលមានប្រសិទ្ធភាពជាង ចំណាយតិចជាងនិងពុំសូវល្បីជាង ព្រោះជាច្រើនទសវត្សរ៍ បណ្ដាញឃោសនារបស់អាមេរិក បានបំពងសំឡេង មិនចេះចប់មិនចេះហើយ អំពីចិនទន្ទ្រាន កាន់កាប់សមុទ្រចិនខាងត្បូង ច្រើនជាងការនិយាយអំពីដីគោក ព្រោះទាំងអស់នេះ មានភាពសាមញ្ញងាយយល់បំផុតថា អាមេរិកនាំអាវុធយុទ្ធភ័ណ្ឌ ទៅកាន់តំបន់សមុទ្រចិនខាងត្បូង ចំពោះចិនវិញបានយកលុយ ទៅបណ្ដាក់ទុនរកស៊ី នៅកន្លែងដែលឥតមាន សមុទ្រទៅវិញ។

         ជាយុទ្ធសាស្រ្តយោធា សហរដ្ឋអាមេរិកមានកងនាវាជើងទឹកមួយដ៏ខ្លាំងក្លាផុតលេខដែលមានលទ្ធភាពត្រួតត្រាមកលើមហាសាគរទាំងអស់លើពិភពលោក ក៏ដូចជាអាចបំផុសបង្កើតសង្រ្គាមនូវទោះបីកន្លែងណាមួយលើសមុុទ្រពីលើអាកាស មកលើគ្រប់ទីកន្លែងដែលអាមេរិកយល់ថាជាប្រទេសអមិត្តនោះ!ក៏ប៉ុន្តែនៅលើដីគោក អាមេរិកមានឧត្តមភាពនៅក្នុងកម្រិតដោយការប្រើប្រាស់កងទ័ពថ្មើជើងនៅមានហានិភ័យខ្ពស់បើប្រៀបធៀបទៅនឹងកងទ័ពប្រជាជនចិននោះ!។ដោយគ្មានសន្លឹកបៀរលេង និងដោយស្ថិតនៅក្នុងបរិបទនេះហើយ ទើបអាមេរិកនិងពួកលោកខាងលិចបានបំពងយ៉ាងខ្លាំងអំពីអន្ទាក់បំណុលហើយយកលុយចិនមកអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ!។

         ឡាវជាច្រកទ្វារសម្រាប់ចិនពង្រីកឥទ្ធិពលចុះមកភាគខាងក្រោម!

        ពួកអ្នកយោធានិយមនៅតែជឿជាក់ថា ឡាវគឺជាច្រកទ្វារមួយដេលអំណោយផលបំផុតក្នុងការពង្រីកឥទ្ធិពលចុះមកតំបន់ភាគខាងក្រោមរបស់ចិន ជាពិសេសគឺនៅពេលដែលផ្លូវរថភ្លើងត្រូវបានកសាងចប់នោះ។ជាការពិតដោយមានកត្តាភូមិសាស្រ្តជាប់គ្នាពីដើមឡើយទឹកដីឡាវត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានក្រោយក្នុងការពង្រីកឥទ្ធិពលរបស់កម្លាំងកុម្មុយនីស្តនៅក្នុងតំបន់។ ពេលនោះ កម្លាំងចិននៅមានកំណត់តែក្រោយពីសង្រ្គាមត្រជាក់ចប់និងការជាប់ផុងរបស់សូវៀត បានរុញឱ្យចិនងើបឡើងជាមហាអំណាចដែលអំណាចដ៏មហិមារបស់ចិននេះ បានឆ្លុះបញ្ចាំងតាមរយៈគម្រោងផ្លូវមួយខ្សែក្រវាត់មួយ!ដូចផែនការMarshallរបស់អាមេរិកក្រោយសង្រ្គាមលោកលើកទី២អីចឹង!បើសហភាពសូវៀតវិញក៏មានដែរជាក្រុមប្រឹក្សាCOMECONតែមានទ្រង់ទ្រាយតូច និងពុំសូវមានប្រសិទ្ធផលខ្ពស់ឡើយ!។

         ក្នុងសម័យសង្រ្គាមឥណ្ឌូចិន គេបានប្រើប្រាស់ផ្លូវលំ ជារបៀងសម្ងាត់ តែដល់ក្នុងសម័យកាលសកលភាវូបនីយយកម្ម សេដ្ឋកិច្ច គេប្រើប្រាស់មធ្យោបាយ បម្រើឱ្យយុទ្ធសាស្រ្ត ធ្វើសង្រ្គាមជាចំហរ តាមរយៈការកសាង កំពង់ផែ វាលយន្តហោះ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន ព្រែកជីកសិប្បនិម្មិត ស្ពាន ថ្នល់ ល.ល ដែលក្នុងបរិបទនេះ ទើបគេឃើញប្រព័ន្ធផ្លូវដែកដែលចិនកសាង នៅឡាវបានតភ្ជាប់ពីគុនមីងចូលមកតំបន់សេដ្ឋកិច្ចពិសេសបូទិន រត់កាត់អតីតរាជធនី ហ្លូង ព្រះបាង ចូលមករដ្ឋធានីវៀងច័ន្ទ និងរត់ទៅតភ្ជាប់ខេត្ត ណង ខៃរបស់ថៃ ដោយផ្លួវរថភ្លើងនេះមានប្រវែង៤២០គីឡូម៉ែត្រ មានស្ថានីយសំចត១០ រត់កាត់រូងភ្នំ៧៥កន្លែង មានប្រវែង១៩៨គីឡូម៉ែត្រ និងឆ្លងស្ពាន១៦៧ដែលមានប្រវែង៦២គីឡូម៉ែត្រ ជាលុយរបស់ចិនទាំងស្រុង!ហើយដោយមានផ្លូវរថភ្លើង និងទំនប់វារីអគ្គិសនីទាំងនេះ បានធ្វើឱ្យឡាវមានចំណូលនិងមានកំណើនសេដ្ឋកិច្ចមានការកើនឡើង ប្រជាជនឡាវសប្បាយសាទរដោយជីវភាពរស់នៅរបស់ពួកគាត់ត្រូវបានកែលម្អជាបង្គួរក្រោយពីមានផ្លូវរថភ្លើងនេះ។

         អស់ជាច្រើនទសវត្សរ៍ ឡាវបានរក្សាឱ្យមានលំនឹងក្នុងទំនាក់ទំនងនយោបាយ រវាងចិន-វៀតណាម និងថៃ ដោយឡាវមានកត្តាភូមិសាស្រ្តដ៏រសើបបំផុត!ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទម្ងន់នៃអំណាចទន់របស់ចិនបានធ្វើឱ្យឡាវមានភាពលំអៀងទៅរកចិនច្រើន ជាងជាមួយវៀតណាមនិងថៃ ដោយគេមើលឃើញថាបើនៅលើដីគោកឡាវបានក្លាយទៅជាចំណតយុទ្ធសាស្រ្តមួយក្នុងការសម្របសម្រួលឱ្យចិនជ្រៀតចូលនិងចុះមកតំបន់ភាគខាងក្រោមតាមរយៈចរន្តវិនិយោគ ដែលមានផ្លូវរថភ្លើង និងផ្លូវគោកជាមធ្យោបាយដែលមានភាពរលូននោះ ក្រៅអំពីផ្លូវទឹករបស់ទន្លេមេគង្គមួយទៀតនោះ!ដែលល្បែងលេងទាំងនេះ ត្រូវបានរៀបចំតាក់តែងឡើងដោយចិនទាំងអស់ ដោយមានការចូលរួមលេងជាមួយពីបណ្ដាប្រទេសនៅក្នុងតំបន់ រួមគ្នាកសាងទៅជាខ្សែរៈបណ្ដាញមួយរួមមានផលប្រយោជន៍ក្រោមគម្រោងដែលគេបានដឹងថាជាផែនការBRIនោះ!។

         យុទ្ធសាស្រ្តរបស់ពួកប្រទេស ដែលបានចូលរួមក្នុងក្រុមតន្រ្តីBRI នេះគឺដើម្បីទម្លុះភាពឯកា ហ៊ុមព័ទ្ធនយោបាយពីខាងក្រៅដោយការពឹឹងផ្អែកមកលើចិនលើផ្នែកសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍!ហើយពីការពឹងផ្អែកមកលើសេដ្ឋកិច្ច ជាយថាហេតុបានរណប ចំណុះមកលើផ្នែកនយោបាយជាសត្យានុម័តបំផុតនោះ។ចំពោះចិនវិញ យល់ឃើញថាគម្រោងBRIនៅក្នុងតំបន់នេះមានចរិតយុទ្ធសាស្រ្តបំផុត ដោយច្រកចុះមកឡាវបានជួយឱ្យចិនចៀសបានផ្លូវទឹកក្នុងការធ្វើចរាចរណ៍លើតំបន់់សមុទ្រចិនខាងត្បូង ដោយមិនបាច់ឆ្លងកាត់ជ្រោយសមុទ្រម៉ាឡាកាឡើយ!តែបើមើលទៅលើផែនទីពិភពលោកវិញទើបដឹងថា ផ្លូវពីឡាវចុះមកតំបន់ក្រោមមានរយៈផ្លូវជិតបំផុតក្នុងការតភ្ជាប់ចិនជាមួយនិងតំបន់សេសសល់ក្នុងអាស៊ីីអាគ្នេយ៍នេះ!ដែលនេះជាបច្ច័យវិជ្ជមានបំផុតក្នុងការធ្វើឱ្យចិនកាន់កាប់ភូមា ឡាវ បានដោយរលូនដោយមានផ្លូវរថភ្លើងជាមធ្យោបាយនោះ។

         សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាបទពិសោធន៍ ទាក់ទងដល់ផ្លូវ ដឹកជញ្ជូន!

        ផ្លូវដែលធ្វើដំណើរមកកាន់កក្រុងគៀវ របស់អ៊ុយក្រែន សុទ្ធតែជាអន្ទាក់ដែលត្រូវបានរៀបចំឡើងដោយកងកម្លាំងអ៊ុយក្រែនក្នុងការត្រៀមទទួលដល់កងកម្លាំងអាវុធយោធារបស់ទ័ពរុស្ស៊ីដែលត្រូវបានត្រៀមទុកជាមុនក្នុងរាប់សិបឆ្នាំមកហើយ!។ពាក់ព័ន្ធដល់បញ្ហាប្រទូស្តរាយនេះ ទើបពួកអ្នកវិភាគយុទ្ធសាស្រ្តរបស់ចិនបានរំពឹងគិតទុកមកលើពេលដែលមានអធិករណ៍នៅលើសមុទ្រចិនខាងត្បូង។ព្រោះបើតាមការប៉ាន់ស្មានទៅមានទំនិញទាំងអស់ប្រមាណមិនតិចជាង៥០០០ពាន់លានដុល្លារដែលបានធ្វើដំណើរទៅមក ឆ្លងកាត់លើសមុទ្រចិនខាងត្បូងនិងលើតំបន់សមុទ្រលឿង ដូច្នោះក្នុងករណីណាមួយនាពេលអនាគតដែលមានការហ៊ុមព័ទ្ធជាយោធាមកលើតំបន់សមុទ្រទាំងពីរនេះ គឺចិននៅតែអាចដឹកជញ្ជូនទំនិញ សម្ភារៈទៅបានទាំងអស់ ទៅតាមផ្លូវដែក ឬផ្លូវល្បឿនលឿនទៅកាន់សិង្ហបុរី ដោយរត់រហូតទៅកាន់កំពង់ផែផ្សេងទៀត ដែលចិនពុំចាំបាច់ត្រូវធ្វើដំណើរលើតំបន់សមុទ្រចិនខាងត្បូង ដោយចៀសបានបណ្ដាតំបន់ដែលមានហានិភ័យខ្ពស់ទាំងនេះ!។

         ដោយមានភាពអំណោយផលបានមកពីការចូលរួមកកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យទៅប្រព័ន្ធនោះ អាចជាលក្ខណៈសម្បត្តិមួយក្នុងការពង្រឹងនូវឧត្តមភាពរបស់ចិននៅក្នុងតំបន់មួយនេះកាន់តែមានភាពខ្លាំងក្លាឡើងលើផ្នែកនយោបាយ និងសេដ្ឋកិច្ច និងចូលរួមក្នុងការពង្រឹងអំណាចឥទ្ធិពលរបស់ចិនតាមរយៈការកសាងបណ្ដាញទៅជាប្រព័ន្ធទាំងនេះ!។

         នៅក្នុងបរិបទនៃយុទ្ធសាស្រ្តតំបន់នេះ មិនយូរមិនឆាប់ក្រុងហាណូយនឹងបាត់អស់នូវអំណាចឥទ្ធិពលមកលើឡាវជាចម្បងនិងមកលើកម្ពុជាជាប្រយោល ដោយនៅសល់តែក្រុងប៉េកាំងមួយគត់ជាដៃគូគួរឱ្យទុកចិត្តបំផុតក្នុងការកាន់កាប់សម្បត្តិយុទ្ធសាស្រ្ត ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចដល់ឡាវ និងកម្ពុជា និងជួយទប់ រក្សាឱ្យបានឥស្សរភាពឱ្យឡាវនិងកម្ពុជាចៀសផុតពីអំណាចជ្រៀតជ្រែកមកពីខាងក្រៅដោយអំណាចយ៉ាងអគតិបំផុតនោះ!។

         ឥទ្ធិពលមួយថ្ងៃកាន់តែមានភាពជ្រាលជ្រៅរបស់ចិនមកលើឡាវ និងកម្ពុជាបានធ្វើឱ្យវៀតណាមកាន់តែមានការបារម្ភខ្លាំង!

        មិននិយាយចេញក៏អ្នកទាំងឡាយបានដឹងថា ៤០ឆ្នាំនៃសមិទ្ធផលបដិវត្តន៍ដែលបានកសាងឡើងនៅឡាវ និងកម្ពុជាតាមរយៈការតស៊ូ និងការធ្វើសង្រ្គាម ចុងក្រោយអ្នកដែលទទួលផលច្រើនជាងគឺក្រុងប៉េកាំង ព្រោះមានតែការអភិវឌ្ឍសេដ្ឋកិច្ចមួយគត់ដែលអាចស្រូបយកសមិទ្ធផលបដិវត្តន៍ក្នុងរយៈពេល៤០ឆ្នាំរបស់ឡាវនិងកម្ពុជា ដោយពុំមានការលំបាកក្រោមគម្រោងBRIនេះឯង!។

         គ្មាននរណាយល់ពីវៀតណាមជាងឡាវនិងកម្ពុជា ក៏ដូចជាគ្មានប្រទេសណាមួយយល់អំពីជម្រៅរបស់ចិនជាងប្រទេសវៀតណាមឡើយ!។នៅក្នុងទសវត្សរ៍ទី២១ និងក្នុងយុគ្គសម័យសកលភាវូបនីយកម្មនេះ លែងមានការរស់នៅក្នុងភាពងងឹតរបស់អតីតកាល ជាអ្នកគុករបស់ប្រវត្តិសាស្រ្ត គ្រាន់តែយកប្រវត្តិសាស្រ្តមកធ្វើជាមេរៀន ជាបទពិសោធន៍ដោយធ្វើយ៉ាងណាកុំឱ្យមានការជាន់ដានមកលើស្នាមកង់រទេះរបស់ប្រវត្តិសាស្រ្តទៀត!។ចំពោះកម្ពុជាវិញ មានបញ្ហាច្រើនជាមួយវៀតណាមដែលព្រះករុណាព្រះបិតាបានរំលឹឹកនៅក្នុងសំណេររបស់ព្រះអង្គសម្រាប់ជាមេរៀននូវអ្វីដែលវៀតណាមនិយាយនិងសន្យាសូមកុំជឿ ចូរមើលនូវអ្វីដែលវៀតណាមបាននិងកំពុងតែធ្វើមកលើកម្ពុជានោះ!

         ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមិនពេញចិត្តទៅនឹងការរីកចម្រើននិងភាពជិតស្និទរវាងចិនជាមួយឡាវ និងកម្ពុជា វៀតណាមបានបង្កើតឱ្យមានភាពចលាចលមួយក្នុងសង្រ្គាមសតិអារម្មណ៍ក្នុងសង្គមខ្មែរ តាមរយៈការគាំទ្រដល់គណបក្សប្រឆាំង បង្កើត ហ្វេសប៊ុក យូធូប ល.លវាយប្រហារមកលើថ្នាក់ដឹកនាំកម្ពុជា បំបែកបំបាក់ផ្ទៃក្នុងកម្ពុជាគ្រប់រូបភាព ក្នុងនោះក៏មានការបំពងព័ត៌មានមិនពិតអំពីនយោបាយអន្ទាក់បំណុល វត្តមានកងទ័ពចិន កម្ពុជាជាជម្រកគ្រឿងញៀន លុយក្លែងក្លាយ ក្រុមម៉ាហ្វា កាស៊ីណូចិនកើតពាសពេញក្នុងប្រទេសខ្មែរល.ល ក្រៅពីនេះស្ថាប័នដែលមានអំណាចដូចជាការបរទេស ការពារជាតិ និងសន្តិសុខវៀតណាម បានលើកពីសេណារីយ៉ូមួយដល់សេណារីយ៉ូមួយអំពីរបស់ដែលហៅថា ការគំរាមកំហែងរបស់ចិនលើផ្នែកសន្តិសុខចេញពីកម្ពុជា(Sic)!។នៅពេលដែលលែងមានផលប្រយោជន៍ទៀត ចំណងមិត្តភាពនិងត្រូវដើរចេញតាមទ្វារបង្អួច!។តែយ៉ាងណាក៏ដោយក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម នៅមានបញ្ហាសេសសល់ឥតទាន់ដោះស្រាយ គឺបញ្ហាព្រំដែនគោក និងការកំណត់ខ្សែព្រំដែនសមុទ្រ និងបញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា!។

         បង្កើនសកម្មភាព ដើម្បីអូសទាញឡាវ និងកម្ពុជា កុំឱ្យដើរចេញឆ្ងាយពី តារាវិថីឥទ្ធិពល របស់វៀតណាម!

        ការកោះប្រជុំឱ្យមានជំនួបកំពូល៣ប្រទេស នាថ្ងៃទី២៦ កញ្ញា ២០២១ នៅហាណូយ បានធ្វើឱ្យមានសេចក្ដីសន្និដ្ឋានខុសផ្សេងពីគ្នាយ៉ាងច្រើន ដែលមើលទៅមិនខុសអីទៅនឹងជំនួបកំពូលឥណ្ឌូចិនក្នុងបណ្ដាទសវត្សរ៍ទី៧០នោះ!។ជាការពិតទំនាក់ទំនងឡាវ-វៀតណាម កម្ពុជា-វៀតណាមក្នុងមួយទសវត្សរ៍មកនេះ បានស្ថិតនៅក្នុងស្ថានភាពពេញមុខតែមិនពេញចិត្ត ដែលនោះគឺជាបច្ច័យធំបំផុតក្នុងការជំរុញឱ្យមានជំនួបកំពូល ដែលអ្នកវិភាគទាំងឡាយមើលឃើញថា ជាការព្យាយាមអូសទាញ បញ្ចុះបញ្ចូលឡាវ និងកម្ពុជាថា ប្រទេសទាំង៣នៅតែជាបងប្អូន ជួយគ្នាទៅវិញទៅមកដដែល!។

         ក្នុងបរិបទមួយនៃភូមិសាស្រ្ត យុទ្ធសាស្រ្តនយោបាយដែលអំណាចឥទ្ធិពលទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ចិនបាននិងកំពុងគ្របដណ្ដប់មកលើតំបន់នេះយ៉ាងខ្លាំងក្លាក៏ដោយ ប្រទេសយើងទាំង៣នៅតែជាប្រទេសភូមិផងល្អ តែសុបិន្តអភិវឌ្ឍន៍ប្រទេសជាតិនិងមានការផ្សេងគ្នាទោះបីស្ថិតនៅលើដំណើរផ្លូវនៃមាគា៌តែមួយនោះ!។ការមិនទុកចិត្ត ការខ្វះភាពស្មោះត្រង់ជាបច្ច័យអវិជ្ជមានមួយដ៏ធំបំផុតក្នុងការធ្វើឱ្យមានភាពរាំងស្ទះក្នុងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសនិងប្រទេស!ដូចជាការបន្តរក្សាទុកបញ្ហាដោះស្រាយព្រំដែន បញ្ហានិគមជនខុសច្បាប់ធ្វើជាចំណាប់ខ្មាំងនយោបាយ បន្តអូសបន្លាយយូរៗទៅ ទៅជា fait accomplice !រហូតដល់មានករណីផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ឡាវ ដែលឧបទ្ទវហេតុមួយនេះបានធ្វើឱ្យពួកអ្នកវិភាគយោធាខ្លះបានមើលឃើញមានស្រមោលរបស់ប្រទេសទី៣ស្ថិតនៅខាងក្រោយហេតុការណ៍មួយនេះ!។

         ក្នុងប៉ុន្មានឆ្នាំនេះ ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តពិសេសរបស់ក្រុងហាណូយមានការរអាក់រអួល ដោយទំនាក់ទំនងពិសេសវៀតណាម ឡាវ កម្ពុជា ត្រូវបានអំណាចចិនចូលមកChallenge តាមរយៈការអនុវត្តនូវគម្រោងBRI ដើម្បីលើកកម្ពស់អត្ថិភាពនិងកិត្យានុភាពរបស់ចិននៅក្នុងតំបន់នោះ។ដូច្នោះតាមការវិភាគរបស់ពួក Rand Corporation គឺឆ្លងតាមរយៈបណ្ដាកិច្ចព្រមព្រៀង សហប្រតិបត្តិការមិនប្រក្រតីជាមួយចិនយ៉ាងនេះ គឺក្រុងហាណូយច្បាស់ជានឹងមានការថ្លឹងថ្លែង ប្រុងប្រយ័ត្នមកលើទំនាក់ទំនងជាមួយឡាវនិងកម្ពុជា ដែលទន្ទឹមនេះវៀតណាមក៏ត្រូវមានការដាក់ចេញនូវរាល់សេចក្ដីសម្រេចឱ្យមានការសមស្របទៅនឹងសភាពការណ៍សន្តិសុខរបស់ប្រទេសខ្លួនផង!ដោយតម្កល់ផលប្រយោជន៍ជាតិវៀតណាមជាអាទិភាពទីមួយនោះ!។ប្រការដែលចិនបង្កើនទំនាក់ទំនងនិងកិច្្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ និងកម្ពុជាក្នុងប៉ុន្មានឆ្នាំនេះបានជះឥទ្ធិពលយ៉ាងអវិជ្ជមានពិតប្រាកដចំពោះវៀតណាម!ទាំងឡាវនិងកម្ពុជាបានចាត់ទុកចិនជាមិត្តដ៏ល្អ បើកម្ពុជាវិញជាមិត្តដែកថែបទៀតផង។ចាប់តាំងពីពេលនេះរហូតដល់ខួប១០០ឆ្នាំនៃថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាមានិតចិន ១៩៤៩-២០៤៩ ចិននៅតែជាប្រទេសដែលនឹងផ្ដល់ជំនួយអភិវឌ្ឍន៍ហិរញ្ញប្បទានជាអ្នកវិនិយោគ និងជាដៃគូពាណិជ្ជកកម្មមួយដ៏ធំបំផុតសម្រាប់ឡាវនិងកម្ពុជា!ដោយឡាវនិងកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងBRI ទទួលបានផលប្រយោជន៍ដ៏វិជ្ជមានពីការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន វាលយន្តហោះ ផ្លូវរថភ្លើង កំពង់ផែទឹកជ្រៅ ទំនប់វារីអគ្គិិសនី និងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសនោះ!។

         ដោយមានកត្តាភូមិសាស្រ្តនយោបាយនិងមកពីមានបណ្ដាសារភូមិសាស្រ្តក្នុងការដាក់ប្រទេសឱ្យស្ថិតនៅចន្លោះកណ្ដាលប្រទេសដែលធ្លាប់មានប្រវត្តិសាស្រ្តជូរចត់ ទើបកម្ពុជាបានសម្រេចយកគោលការណ៍មិត្តភាពនិងសហប្រតិបត្តិការ ដោយកម្ពុជាពុំមានការទោះបីស្អប់ខ្ពើមណាមួយ ចងអរិយភាពប្រឆាំងទៅនឹងប្រទេសណាមួយឡើយ!។ ជាង២ទសវត្សរ៍បន្ទាប់ពីមាននយោបាយឈ្នះ ឈ្នះមក ចិនបានប្រែក្លាយទៅជាដៃគូសេដ្ឋកិច្ច និងអភិវឌ្ឍន៍មួយដ៏ធំនិងសំខាន់បំផុតសម្រាប់កម្ពុជា។BRI និងកម្ពុជា ជានិមិត្តរូបនៃនយោបាយប្រឆាំងទៅនឹងគោលគំនិតអគតិដែលចោទថាBRI ជានយោបាយការទូតអន្ទាក់បំណុល ពិសេសគឺអន្ទាក់មកលើកម្ពុជានេះឯង!។នៅក្នុងទស្សនៈសច្ចភាពថ្នាក់ដឹកនាំ និងយកកម្ពុជាធ្វើជាប្រទេសគំរូក្នុងការអភិវឌ្ឍប្រទេសឱ្យមានភាពសំបូររុងរឿងក្រោមនយោបាយBRI ដោយចិននឹងប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទី២ ឱ្យទៅជាទីលានអភិវឌ្ឍន៍បំផុតនៅក្នុងតំបន់នារយៈពេល១០ឆ្នាំខាងមុខនេះទៀត!។

         កម្ពុជា ឡាវ វៀតណាម ជាប្រទេសភូមិផងល្អ តែពុំមែនជាបងប្អូនដូចក្នុងរបស់ដែលហៅថាឥណ្ឌូចិនទៀតទេ!

        នៅក្នុងការគិត និងជាផ្នត់គំនិតរបស់វៀតណាមក្នុងគ្រប់ជំនាន់តែងតែយល់ថា ឡាវនិងកម្ពុជានៅជំពាក់គុណវៀតណាម ក្រោយមកបានចាត់ទុកឡាវនិងកម្ពុជា ជាតំបន់ឥទ្ធិពលដាច់មុខរបស់វៀតណាម!ព្រោះប្រជាជនវៀតណាមនិយាយរួមនិងពួកអ្នកនយោបាយវៀតណាមនិយាយដោយឡែកពួកគេពុំសូវប្រើពាក្យវៀតណាម ឡាវ កម្ពុជា ទេ ច្រើនតែនិយាយប្រទេសឥណ្ឌូចិន ឬឥណ្ឌូចិនទាំង៣នៅក្នុងគ្រប់វេទិកានយោបាយតំបន់និងអន្តរជាតិនោះ!។

         ឡាវនិងកម្ពុជា នៅជាប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ដូច្នោះទាំងឡាវនិងកម្ពុជាសូមស្វាគមន៍នូវរាល់ជំនួយឥតសំណងក្នុងលក្ខខណ្ឌគោរពអធិបតេយ្យភាព បូរណភាពដែនដី។ ប្រវត្តិសាស្រ្តជាមេរៀនយ៉ាងជាក់ស្ដែងបំផុត គឺដើម្បីមានសុខសន្តិភាពយូរអង្វែង គឺកម្ពុជា ឡាវ វៀតណាមត្រូវមានសាមគ្គីភាពជាប្រទេសភូមិផងល្អនឹងគ្នា រួមរស់ក្នុងសន្តិសហវិជ្ជមាន គោរពសិទ្ធិស្វ័យសម្រេច និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃរបស់ប្រជាជាតិនីមួយៗក្នុងឧត្តមប្រយោជន៍ ស្របតាមស្មារតីនៃរាល់ជំនួបកំពូលរបស់ថ្នាក់ដឹកនាំទាំង៣ កម្ពុជា ឡាវ វៀតណាម ក្នុងគ្រប់ជំនាន់!។

         ដូច្នោះ នៅក្នុងបរិបទដ៏តថភាពក្នុងទំនាក់ទំនងដ៏ល្អរវាងវៀតណាមជាមួយអាមេរិក-អឺរ៉ុប ឬរុស្ស៊ីរួមទាំងការគ្រោងអនុញ្ញាតឱ្យអាមេរិកមានមូលដ្ឋានយោធានៅវៀតណាម គឺពុំមែនដើម្បីប្រឆាំងចិន ឡាវ និងកម្ពុជានោះទេ!ក៏ដូចជាឡាវ និងកម្ពុជា ពិសេសគឺកម្ពុជាមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ក៏ពុំមែនចូលរួមដើម្បីហ៊ុមព័ទ្ធនិងប្រឆាំងផលប្រយោជន៍វៀតណាមដូចការបំពងសំឡេង ឃោសនាយ៉ាងអគតិនោះឡើយ!។

         ក្នុងស្មារតីស្រឡាញ់ជាតិខ្មែរ និងការដឹងគុណចំពោះព្រះករុណាព្រះបិតា និងអ្នកបន្តវេន គឺសម្ដេចតេជោនោះ BRIសម្រាប់កម្ពុជាអាចជាគោលនយោបាយដឹឹងគុណ សងគុណជាអំពើគុណធម៌ក្នុងការជួយបង្រួបបង្រួម ផ្សះផ្សារស្នាមរបួសសង្រ្គាមក្នុងអតីតកាលខុសឆ្គងរបស់កម្ពុជាប្រជាធិបតេយ្យ ដោយចូលរួមអភិវឌ្ឍន៍កម្ពុជានិងជួយកម្ពុជាក្នុងការការពារឥស្សរភាព អធិបតេយ្យភាពពីការរំលោភបំពានមកពីខាងក្រៅ!៕

                                                            ដោយ ហើស សេរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top