អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ កិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ឈានចូលសម័យកាលមាស


ព្រឹកថ្ងៃទី២ខែតុលា នៅស្ថានីយ៍រថភ្លើងល្បឿនលឿនហាលីមនៃរដ្ឋធានីហ្សាការតាលោកJ oko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រកាសថា ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា-បាងឌុងដាក់ឱ្យដំណើរការជាផ្លូវការ ។

លោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានដាក់ឈ្មោះផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងថា “Whoosh” ក្នុងវប្បធម៌ឥណ្ឌូណេស៊ី អក្សរទាំង៦នេះគឺតំណាងឱ្យការសន្សំសំចៃពេលវេលា មានប្រសិទ្ធភាពនិងភាពជឿនលឿន នេះជាការបូកសរុបនិងពិពណ៌នាដ៏ល្អបំផុតចំពោះផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង ហើយផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង នឹងក្លាយជានាមប័ណ្ណជាតិថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី ។

ក្នុងនាមជាផ្លូវរថភ្លើងល្បឿនលឿនទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងជាគម្រោងជានិមិត្តសញ្ញានៃគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ។ ឆ្នាំនេះជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់និងផ្លូវ” ការដាក់ឱ្យដំណើរការនៃផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង មិនត្រឹមតែធ្វើឱ្យ “ស្ពាន”ចំណងមិត្តភាពទ្វេភាគីចិននិងឥណ្ឌូណេស៊ីមានភាពកាន់តែធំទូលាយប៉ុណ្ណោះទេ ហើយក៏ជាគម្រោងគំរូក្នុងដំណើរអភិវឌ្ឍន៍នៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ដែលទទួលបានការទទួលស្គាល់ពីប្រទេសកាន់តែច្រើន ក៏ដូចជានាំមកនូវជំនឿចិត្តដល់ការពន្លឿនការរួមបញ្ចូលជាមួយគម្រោង “ខ្សែក្រវាត់និងផ្លូវ” ។

គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានសម្របទៅតាមតម្រូវការក្នុងយុគសម័យថ្មីនិងក្តីបំណងពន្លឿនការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ដែលបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍យ៉ាងច្រើនដល់ប្រទេសដែលចូលរួមកិច្ចសហប្រតិបតិ្តការ ហើយទទួលបានការឆ្លើយតបយ៉ាងទូលំទូលាយនិងកក់ក្តៅពីសំណាក់បណ្តាប្រទេសនានាផងដែរ ។ ខណៈពេលអញ្ជើញទៅទស្សនាពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទរខួបលើកទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានជួយកម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ជាច្រើន ការផ្គត់ផ្គង់នូវវត្ថុធាតុដើមប្រកបដោយភាពនឹងនររបស់ចិនបានធានាដល់ការនាំចេញរបស់កម្ពុជានិងឱកាសការងាររបស់មនុស្សរាប់លាននាក់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាក៏បានថ្លែងថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជានិងចិន ក៏ដូចជាបង្កើនការតភ្ជាប់គ្នារវាងប្រទេសនិងប្រទេស ហើយបានបំពេញបន្ថែមកម្លាំងចលករនិងកម្លាំងរស់រវើកថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអំពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាង២០០ច្បាប់ជាមួយប្រទេសចំនួន១៥២និងអង្គការអន្តរជាតិចំនួន៣២ ។ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងឋិតក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងទៅ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចជួបប្រទះនឹងចរន្តបញ្ច្រាស ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាវេទិកាអនុវត្តជាក់ស្តែងដ៏សំខាន់សម្រាប់បង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ហើយបានត្រួសត្រាយផ្លួវមួយសម្រាប់ឱ្យបណ្តាប្រទេសនានាដើរឆ្ពោះទៅកាន់វិបុលភាពរួម ។ សូមបញ្ជាក់ថា ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទំនិញរវាងចិននិងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានកើនឡើងពី១,០៤ទ្រីលានដុល្លារអាមេរិក ដល់២,០៧ទ្រីលានដុល្លារអាមេរិក គិតជាមធ្យម ក្នុងមួយឆ្នាំៗបានកើនឡើង៨ភាគរយ ។

របាយការណ៍សិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោកបានលើកឡើងថា បើសិនជាគម្រោងសាងសង់ហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ក្នុងក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ”អាចត្រូវបានអនុវត្តទាំងស្រុង នោះដល់ឆ្នាំ២០៣០ ប្រហែលនឹងនាំមកនូវផលកំរៃចំនួន១,៦ទ្រីលានដុលារអាមេរិកដល់ពិភពលោកទាំងមូលជារៀងរាល់ឆ្នាំ ត្រូវជា១,៣ភាគរយនៃបរិមាណទូទៅនៃសេដ្ឋកិច្ចសកល ។ ក្រៅពីនេះ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកឱ្យដឹងថា ដល់ឆ្នាំ២០៣០ គម្រោងសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ”ត្រូវបានរំពឹងថា នឹងជួយប្រជាជនចំនួន៧លាន ៦សែននាក់នៅលើពិភពលោកទាំងមូលឱ្យរំដោះខ្លួនចេញពីភាពក្រីក្រកម្រិតខ្លាំង និងជួយប្រជាជនចំនួន៣២លាននាក់ចេញផុតពីភាពក្រីក្រកម្រិតមធ្យម ។

To Top