ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព នោះយើងត្រូវការពិនិត្យមើលឡើងវិញពីប្រវត្តិសាស្រ្តមនុស្សជាតិដែលបានកត់ត្រាពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ នៅទ្វីបអាស៊ី វត្តមានរបស់ប្រទេសជប៉ុនបានចូលរួមក្នុងការបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់តាមរយៈការបង្កើតដែនអាណានិគមលើទ្វីបអាស៊ីដែលរួមមានប្រទេសចិន និងប្រទេសហ្វីលីពីនផងដែរ។
សព្វថ្ងៃនេះ «សន្តិភាព និង ការអភិវឌ្ឍ» បានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាមគឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងរួមគ្នាដើម្បីសន្តិភាព។ ប្រទេសចិនតែងតែប្តេជ្ញាចំពោះការថែរក្សាសន្តិភាពនិងការអភិវឌ្ឍតាមរយៈហ្សែនរបស់ប្រជាជាតិចិនដែលមានអរិយធម៌របស់ខ្លួនជាង៥០០០ឆ្នាំ។
ប្រជាជនចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមលោកទាំង២លើកប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុនដូចមានចែងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួនក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សិទ្ធិអំណាច និងកេរ្តិ៍ឈ្មោះរបស់អង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះនៅក្នុងកិច្ចការអន្តរជាតិនានា។
ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព ទើបមិនថាប្រទេសចិនមានភាពរឹងមាំខ្លាំងក្លាប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោកដែលកើតឡើងពីអតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ ហេតុនេះប្រទេសចិនក៏ដូចជាសហគមន៍អន្តរជាតិយល់ឃើញថា«ក្រុមសម្ព័ន្ធតូច»ដូចករណីសម្ព័ន្ធភាពរវាងហ្វីលីពីន ជប៉ុននិងអាមេរិក នឹងអាចជំរុញដល់បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាម ហើយជាលទ្ធផលនោះវាអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ស្របនឹងប្រសាសន៍របស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនធ្លាប់បានលើកឡើងថា «សមុទ្រចិនខាងត្បូងមានភាពស្ងប់សុខកាលពីមុន ប៉ុន្តែបន្ទាប់ពីជនជាតិអាមេរិកមកដល់ បានធ្វើឱ្យតំបន់នេះពោរពេញទៅដោយជម្លោះហើយ»។
ស្របនឹងរយៈពេលជាង៣ទសវត្សរ៍ដែលទំនាក់ទំនងកាន់តែស្អិតរមួតនិងល្អប្រសើររវាងចិនជាមួយអាស៊ាន ហេតុនេះការណ៍ដែលហ្វីពីលីនចូលរួមក្នុងសម្ព័ន្ធភាពក្រុមតូចដែលមាន៣ប្រទេសនេះ ជាគីឡូម៉ែត្រចេញដំណើរប្រកបដោយស្ថានភាពអាប់អួរក្នុងតំបន់ស្របដូចការយល់ឃើញរបស់លោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ«សតវត្សរ៍អាស៊ី»របស់ហ្វីលីពីនដែលបានលើកឡើងថា ប្រទេសទាំងពីរ (អាមេរិកនិងជប៉ុន) មិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ មិនគួរជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន ព្រមនឹងគំនិតសង្រ្គាមត្រជាក់របស់ពួកគេនឹងពង្រឹងការប្រឈមមុខដាក់គ្នាថែមមួយកម្រិតទៀត តែមិនមែនពង្រឹងកិច្ចសហប្រតិបត្តិការនោះទេ ហើយនឹងធ្វើឱ្យស្ថាភាពសមុទ្រចិនខាងត្បូងមានភាពកាន់តែតានតឹងថែមទៀត។
ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព ហ្វីលីពីនក៏ដូចជាបណ្តាប្រទេសនានាទាំងនៅសមុទ្រចិនខាងត្បូង ទាំងនៅសមុទ្រចិនខាងកើត រួមគ្នាជាមួយចិននិងបណ្តាប្រទេសនានាដែលមានភក្តីភាពចំពោះសន្តិភាពដោយបង្កើនកម្លាំងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ខណៈដែលការគោរពដែនអធិបតេយ្យ បូរណភាពដែនដីគ្នាទៅវិញទៅមកប្រកបដោយស្មារតីសមភាព ហើយជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព នោះគន្លងត្រឹមត្រូវដែលយើងត្រូវដើររួមគ្នាឆ្ពោះទៅកាន់ភាពរុងរោចន៍ដល់ពិភពលោក។
សង្ឃឹមថា សហគមន៍អន្តរជាតិបង្កើនសម្លេងជំទាស់«ក្រុមសម្ព័ន្ធតូច» ហ្វីលីពីន ជប៉ុននិងអាមេរិក ហើយលើកចិត្តបន្តរួមគ្នាជាមួយចិនបង្កើនការលើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ក្នុងន័យនេះ កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលបានផ្តួចផ្តើមនិងរួមគ្នាអនុវត្តដោយប្រទេសចិនតាំងពីឆ្នាំ២០១៣មកបានក្លាយជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាទាមទារឲ្យមាននូវកិច្ចខិតខំប្រឹងប្រែងពីមួយជំនាន់ទៅមួយជំនាន់។ ច្បាស់ណាស់ដែលថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបណ្តារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាអង្គការនិងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូល។
ជារួម ដូចដែលប្រវត្តិសាស្រ្តទំនើបបានបង្ហាញ ការបង្កើតឲ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិប្រកបដោយភាពស្មើគ្នា និងសមធម៌ គឺជាគោលដៅដែលមនុស្សជាតិតែងតែតស៊ូចង់បាន។ ចាប់តាំងពីគោលការណ៍នៃសមភាព និងអធិបតេយ្យភាពត្រូវបានបង្កើតឡើងនៅក្នុង«កិច្ចព្រមព្រៀងសន្តិភាព Peace of Westphalia» កាលពីជាង៣៦០ឆ្នាំមុន រហូតដល់ការគិតគូរដល់ស្មារតីមនុស្សធម៌អន្ដរជាតិដែលបានបញ្ជាក់នៅក្នុងកតិកាសញ្ញាក្រុងហ្សឺណែវ កាលពីជាង១៥០ឆ្នាំមុន ហើយចាប់តាំងពីគោលបំណង និងគោលការណ៍ដែលបានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កាលពីជិត៨០ឆ្នាំមុន រហូតដល់ទៅគោលការណ៍៥ខរួមរស់នៅដោយសន្តិវិធី ដែលសម្រេចបាននៅក្នុងសន្និសីទបានឌុង កាលពីជិត៧០ឆ្នាំមុន គោលការណ៍ជាច្រើនបានលេចរូបរាងឡើងនៅក្នុងដំណើរវិវត្តន៍នៃទំនាក់ទំនងអន្តរជាតិ ហើយត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ ។គោលការណ៍ទាំងអស់នេះគួរតែអាចនាំផ្លូវយើងក្នុងការបញ្ចូលទៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលជាប្រាជ្ញាចិនក្នុងការដោះស្រាយបញ្ហាសកល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន