ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ ល្អប្រសើរ ខណៈកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺ តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍ កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារមួយ ចំនួនឡើងវិញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្ត ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានភាពស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ក្នងព្រឹត្តិការណ៍ កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក ឃួង ស្រេង បានបន្តថា ការងាររៀបចំរាជធានីភ្នំពេញនេះ មិនមែនសម្រាប់តែនៅក្នុងតំបន់នោះទេ តែជារឿងពិភពលោក។ ដូច្នេះយើងត្រូវអនុវត្តការងារនេះ អោយបានល្អប្រសើរបំផុត។
លោកបញ្ជាក់ថា កន្លងមកនេះយើងបានរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀត ទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត រហូតទទួលបានការកោតសរសើរ ពីភ្ញៀវជាតិនិងអន្តរជាតិផងដែរ ។

លោក ឃួង ស្រេង បន្តទៀតថា ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅដើមខែឧសភា ខាងមុខនេះ យើងត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយយើង នោះយើងនឹងទទួលបានជោគជ័យ និងមានមោទនភាពទាំងអស់គ្នា ។ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនាមជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចគ្រប់មូលដ្ឋានទាំងអស់ ត្រូវតែការពារសន្តិសុខ ជូនកីឡាករនិងភ្ញៀវទាំងអស់ ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ៕

