ភ្នំពេញ ៖ បើតាមការអះអាងពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្នុងនាមជាប្រធាន គណៈកម្មធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក៏ដូចជាមន្រ្តីជាន់ខ្ពស់ផ្សេងទៀតខាងផ្នែកកីឡា ព្រមទាំងថ្នាក់ដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺថាព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងលើកតម្កើន កេរិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញឲ្យពិភពលោក អំពីវប្បធម៌ខ្មែរដ៏រុងរឿង តាមរយៈនយោបាយឈ្នះ-ឈ្នះ។
ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សម្តេច ទៀ បាញ់ មានប្រសាសន៍ថា «រាជរដ្ឋាភិបាល សម្រេចយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់ លើកតម្កើនកេរិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញ ពិភពលោករបស់យើង អំពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿងថ្គុំថ្កើនថែមទៀត តាមរយៈនយោបាយ ឈ្នះ-ឈ្នះ»។
សម្ដេចបន្ដថា ដោយសារប្រទេសជាតិមានសុខសន្ដិភាព និងការឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទើបធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដ៏ធំបែបនេះ។
នាឱកាសនោះ សម្ដេច ទៀ បាញ់ លើកឡើងថា ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡានេះ ក៏បានបង្ហាញថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ បានរៀបចំខ្លួនរួចរាល់ ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដើម្បីនាំមកជ័យជំនះជាប្រវត្តិសាស្ដ្រជូនជាតិ មាតុភូមិ និងមុខមាត់កេរិ៍ឈ្មោះកម្ពុជា បង្ហាញដល់ពិភពលោកឲ្យស្គាល់ និងយល់អំពីវប្បធម៌ អរិយធម៌ និងទេសចរណ៍របស់កម្ពុជា នាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ប៉ុន្ដែមុនឈានដល់ការប្រកួតនេះ ត្រូវរៀបចំព្រះរាជពិធីសុំភ្លើង ព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដើម្បីដង្ហែភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕